brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ

កន្លងមក យើងតែងឮការចុះផ្សាយអំពីផលប៉ះពាល់នៃការផឹកស្រាពេលពពោះ ប៉ុន្តែមិនច្បាស់ថា ផឹកស្រាកម្រិតណាប៉ះពាល់ដល់កូនក្នុងផ្ទៃ? ស្រាគ្រប់ប្រភេទផឹកទៅ សុទ្ធប៉ះពាល់កូនឬយ៉ាងណា? ចុះបើយើងច្រឡំផឹកស្រា ដោយមិនដឹងថាមានផ្ទៃពោះ តើប៉ះពាល់ដល់កូនទេ? ដើម្បីស្រាយចម្ងល់ទាំងនេះ Hello គ្រូពេទ្យ បានធ្វើបទសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ អំពីចម្ងល់ផ្សេងៗជុំវិញការផឹកស្រាពេលមានផ្ទៃពោះ។

៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ

សំណួរ១៖ អត់ដឹងថាមានផ្ទៃពោះ ហើយផឹកស្រា ពេលទើបពពោះបានប៉ុន្មានសប្ដាហ៍ដំបូង អ៊ីចឹង ផឹកស្រាអាចប៉ះពាល់ដល់កូនអត់?

ចម្លើយ៖ មិនថា ផឹកស្រានៅត្រីមាសដំបូង ត្រីមាសទី២ ឬទី៣ នោះទេ គឺប៉ះពាល់ដល់កូនទាំងអស់ គ្រាន់តែពេលខ្លះអាចប៉ះពាល់តិច ឬច្រើនប៉ុណ្ណោះ។ ប៉ុន្តែ បើយើងជ្រុលជាផឹកហួស ដោយមិនដឹងថាមានផ្ទៃពោះ វាក៏មិនទាន់ហួសពេលដែរ ហើយត្រូវឈប់ផឹកគ្រឿងស្រវឹង ឈប់បានកាន់តែលឿន យើងនិងកូនក្នុងផ្ទៃកាន់តែមានសុវត្ថិភាព ព្រោះថាការលូតលាស់ខួរក្បាលរបស់គភ៌ វិវត្តរហូតដល់ការសម្រាល។

សំណួរ២៖ បើមានកម្មវិធីជួបជុំធំដុំ ចៀសមិនរួចពីជល់កែវ តើញ៉ាំតិចតួចប៉ះពាល់អត់?

ចម្លើយ៖ ស្រីៗមានផ្ទៃពោះត្រូវចាំថា មិនថាញ៉ាំស្រាក្នុងបរិមាណតិច ឬច្រើននោះទេ សុទ្ធតែបង្កផលប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃពោះដូចគ្នា។ សុខភាពកូនសំខាន់ជាងអ្វីទាំងអស់ អ៊ីចឹងយើងចាំបាច់ត្រូវបដិសេធ ឬសុំញ៉ាំទឹកផ្លែឈើជំនួសវិញ។

សំណួរ៣៖ គេថាស្រាក្រហមល្អ ជួយសុខភាព ចុះបើផឹកស្រាក្រហម ស្រាសំប៉ាញ ពេលមានផ្ទៃពោះ តើគ្រោះថ្នាក់អត់?

ចម្លើយ៖ ការសិក្សាបញ្ជាក់ថា ស្រាគ្រប់ប្រភេទទាំងអស់ ឲ្យតែមានជាតិអាល់កុល សុទ្ធតែប៉ះពាល់ដល់ការវិវត្តកូនក្នុងផ្ទៃ មិនថា ស្រាក្រហម ស្រាសំប៉ាញ ស្រាក្រឡុក ស្រាផលិតពីផ្លែឈើ ស្រាបិទពីអង្ករអីនោះទេ អ៊ីចឹងកុំសាកល្អជាង។

សំណួរ៤៖ ចុះបើស្រីៗចាញ់កូនខ្លះ ទ្រាំមិនបាន ចង់តែញ៉ាំស្រា តើត្រូវធ្វើម៉េច?

ចម្លើយ៖ ករណីនេះប្រហែលជាមានមិនច្រើនទេ ហើយបែបនេះពិបាកបន្តិចហើយ តែយ៉ាងណាយើងរកវិធីបន្លំដោយញ៉ាំរបស់ដែលមានរសជាតិជូរៗ ល្វីងៗ ស្រដៀងនឹងស្រាមកញ៉ាំជំនួសវិញ។

សំណួរ៥៖ យើងសុទ្ធតែដឹងថា ផឹកស្រាពេលពពោះប៉ះពាល់ដល់កូនផ្ទៃ តែមិនដឹងប៉ះពាល់កម្រិតណា ចុះប៉ះពាល់យ៉ាងម៉េចខ្លះ?

ចម្លើយ៖

– ពិការភាពពីកំណើត

– ប៉ះពាល់ដល់សរីរាង្គផ្សេងៗ

– ពន្យារក្នុងការនិយាយរបស់កូន

– ទំហំក្បាលកូនតូច

– មុខកូនសំប៉ែត

– ប៉ះពាល់ខួរក្បាល

– មានវិបត្តិក្នុងការរៀនសូត្រ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 23/03/2020