លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ស៊ុតបក្សីគ្រប់ប្រភេទ មិនថា ស៊ុតក្រួច មាន់ ទា ក្ងាន នោះទេ គឺសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលជាប្រភពនៃអាមីណូអាស៊ីដ សម្រាប់ចិញ្ចឹមសរីរាង្គកាយស្ត្រីមានផ្ទៃពោះ និងកូនក្នុងផ្ទៃ។
ក្នុងស៊ុតបក្សីក៏សម្បូរនូវពពួកវីតាមីន B12, B6 ជាតិរ៉ែ ដូចជា ស័ង្កសី ដែក និងជាតិកូលីន ដែលសារធាតុទាំងនេះល្អបំផុតចំពោះសុខភាពម្តាយ និងកូន ជាពិសេសជួយដល់ការវិវត្តខួរក្បាលរបស់ទារក ដែលគេតែងនិយាយតៗគ្នាថា ញ៉ាំស៊ុតច្រើន កូនកើតមកឆ្លាតនោះអី។
ទោះយ៉ាងណាលោកសាស្ត្រាវេជ្ជបណ្ឌិតណែនាំឲ្យស្ត្រីមានផ្ទៃពោះញ៉ាំស៊ុតឆ្អិន ចៀសវាងការញ៉ាំស៊ុតចម្អិនមិនបានឆ្អិនល្អ ឬស៊ុតឆៅ ព្រោះអាចប្រឈមនឹងពពួកប៉ារ៉ាស៊ីត បាក់តេរី ឬមេរោគអីមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់សុខភាពម្តាយ និងកូនក្នុងផ្ទៃ។