លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ប្រសិនបើកូនខ្វះអាហារូបត្ថម្ភ គឺមកពីម្ដាយខ្លួនឯង ពេលមានផ្ទៃពោះ មានបញ្ហាខ្វះអាហារូបត្ថម្ភ។ តែក៏មានករណីខ្លះ ម៉ាក់ៗបានបំប៉នសុខភាពល្អ ដើម្បីត្រៀមខ្លួនធ្វើម្ដាយ កូនកើតខ្វះអាហារូបត្ថម្ភក៏មានដែរ ដោយសារកត្តាផ្សេងៗ ដូចជា ចាញ់កូនខ្លាំងមិនអាចញ៉ាំអ្វីបាន មិនបានលេបថ្នាំតាមវេជ្ជបញ្ជាត្រឹមត្រូវ និងមានជាច្រើនទៀត។
“បញ្ហាខ្វះអាហារូបត្ថម្ភនេះ បើម្ដាយខ្វះ នឹងនាំឲ្យកូនខ្វះ ហើយបើម្ដាយហ្នឹងលើស កូនក៏លើសដូចគ្នាដែរ ដែលនេះហៅថា វដ្ដ”។ វេជ្ជបណ្ឌិតឯកទេសកុមាររូបនេះក៏បានលើកឡើងថា អំឡុងពពោះ តែកាលណាខ្វះមីក្រូសារធាតុ អាចធ្វើឲ្យទារកជួបបញ្ហាជាច្រើន។ រីឯម៉ាក់ៗវិញក៏ប៉ះពាល់ដែរ ដោយសុខភាពមិនសូវល្អ ឈឺញឹកញាប់ រាងកាយស្គមស្គាំង គ្មានកម្លាំងកំហែង ជាដើម។
លោកបានបន្ថែមទៀតថា ភាគច្រើនមីក្រូសារធាតុដែលស្ត្រីមានផ្ទៃពោះខ្វះ មានដូចជា អាស៊ីដហ្វូលិក ជាតិអ៊ីយ៉ូដ ជាតិដែក។ ដូចនេះ ស្រីៗគួរថែទាំសុខភាពឲ្យបានល្អ តាំងពីមុនមានផ្ទៃពោះ ហើយលេបថ្នាំប្រភេទពពួកវីតាមីនមួយចំនួន។ មួយវិញទៀត ការត្រៀមខ្លួនជាម៉ាក់ៗគេ មិនមែនពេលដឹងខ្លួនថាមានផ្ទៃពោះឡើយ តែគួរមានផែនការយកកូន ទើបល្អទាំងម្តាយទាំងកូន។