backup og meta

អ្នកម៉ាក់សម័យថ្មីពេលមានផ្ទៃពោះ ច្រើនតែធ្វើរឿង ៥ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 19, 2020

    អ្នកម៉ាក់សម័យថ្មីពេលមានផ្ទៃពោះ ច្រើនតែធ្វើរឿង ៥ នេះ

    សម័យ​មុន ​ម៉ាក់​ៗ​មួយ​ចំនួន​អាច​មិន​សូវ​បាន​តាមដាន​សុខភាព​ ពេល​មាន​គភ៌​​បាន​ដិតដល់​។ តែ​សម្រាប់​បច្ចុប្បន្ន​វិញ ​ខុស​គ្នា​ដាច់​ស្រឡះ​តែម្ដង ម៉ាក់​ៗ​តែងតែ​ធ្វើ​តាម​ការ​ណាត់​ជួប និង​សង្កេត​មើល​ពី​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​បាន​យ៉ាង​ល្អ។ អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល នឹង​បង្ហាញ​ពី​របៀប​ថែទាំ​ខ្លួន និង​កូន​បាន​យ៉ាង​ល្អ។

    ១- ពិនិត្យ​សុខភាព​ជា​ប្រចាំ

    ការ​ពិនិត្យ និង​តាមដាន​សុខភាព​ជា​ប្រចាំ​ខែ ពិតជា​សំខាន់​ណាស់​សម្រាប់​ម៉ាក់​ៗ ហើយ​ក្នុង​ការ​ពិនិត្យ​អេកូ​យ៉ាង​តិច​ក៏ ៤-៥ដង​ដែរ៖

    លើក​ទី​១ ក្រោយ​បាត់​រដូវ ពិនិត្យ​ដើម្បី​ដឹង​ថា​មាន​ផ្ទៃពោះ​ឬ​អត់ កូន​ស្ថិត​ក្នុង​ទីតាំង​សុវត្ថិភាពទេ? ទារក​កំពុង​វិវត្ត ឬ​ឈប់?

    លើក​ទី​២ ពេល​ទារក​អាយុ ១២ សប្ដាហ៍ ដើម្បី​កំណត់​ថ្ងៃ​បង្ក​កំណើត និង​ថ្ងៃ​គ្រប់ខែ វាស់​កម្រាស់​កញ្ចឹង​កកូន រក​មើល​ភាព​មិន​ប្រក្រតី​របស់​ទារក។

    លើក​ទី​៣ ២៣-២៥សប្តាហ៍ ជា​អំឡុង​អេកូសាស្ត្រ​មើល​លម្អិត គ្រប់​សរីរាង្គ​របស់​ទារក ខួរក្បាល មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក  បេះដូង។

    លើក​ទី​៤ ពេល​ទារក​អាយុ ៣២- ៣៥ សប្ដាហ៍ មើល​ការលូតលាស់ និង​សុខភាព​ទារក ទម្រង់ និង​ទម្ងន់​កូន ទីតាំង​សុក បរិមាណ​ទឹក​ភ្លោះ បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​អាច​កើត​មាន​ចំពោះ​ទារក។

    លើកទី៥ ដល់​ថ្ងៃ​កំណត់​សម្រាល តែ​មិន​ឈឺពោះ ពេទ្យ​នឹង​តាមដាន​សុខភាព​កូន តាមដាន​ទឹកភ្លោះ (អស់​ទឹកភ្លោះ ទឹក​ភ្លោះ​តិច​ពេក ឬ​ច្រើន​ពេក)។

    មិន​មែន​ពិនិត្យអេកូ​តែ ៤-៥ ដង​នោះ​ទេ យើង​អាច​តាមដាន​រាល់​ខែ​ក៏​បាន ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ និង​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​ខ្លួនឯង​ផង។

    ២- លេប​ថ្នាំ​ជាតិ​ដែក អាស៊ីដហ្វូលិក និង​វីតាមីន​ផ្សេង​ៗ

    ក្រោយ​ពេល​បាត់​រដូវ ហើយ​ទៅ​ពេទ្យ​ពិនិត្យ​ឃើញ​មាន​ផ្ទៃ​ពោះ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ​ជាតិ​ដៃ ៩០ គ្រាប់។ អំឡុង​ពេល​មាន​ផ្ទៃពោះ​អ័រម៉ូន​ប្រែប្រួល​ខ្លាំង រាងកាយ​យើង​ក៏​ត្រូវការ​ជាតិ​ដែក ដើម្បី​ផលិត​អេម៉ូគ្លូប៊ីន​ទ្វេដង ដែល​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម។ អេម៉ូក្លូប៊ីន ក៏​មាន​តួនាទី​ផលិត​គ្រាប់​ឈាម​បន្ថែម​ដល់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ជាតិ​ដែក​គឺ​ជា​អ្វី​ដែល​ស្រ្តី​មាន​ផ្ទៃពោះ​ត្រូវការ​ដើម្បី​បង្កើន​គ្រាប់​ឈាម​ក្រហម កាត់​បន្ថយ​ភាព​ស្លេកស្លាំង និង​ហានិភ័យ​ផ្សេងៗ​ពេល​សម្រាល​កូន។ ក្រៅ​ពី​ជាតិ​ដែក ថ្នាំ​ជាតិ​ដែក​ក៏​មាន​ផ្ទុក​បន្ថែម​នូវ​អាស៊ីដ​ហ្វូលិក ដែល​អាច​ជួយ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ការ​ឆែប​មាត់ ពក​ឆ្អឹង​ខ្នង​ជាដើម។

    ពពោះ

    ៣- ហាត់​ប្រាណ

    ការ​ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់ ដូចជា​អាច​បំបាត់​អាការៈ​ឈឺចាប់ និង​ការ​រំខាន​នានា​ដូចជា ពិបាក​គេង ហើម​ជើង ហើមពោះ ទល់​លាមក សុទ្ធតែ​អាច​សម្រួល​បាន​តាមរយៈ​ការ​ធ្វើ​លំហាត់​ប្រាណ ឬ​ចលនា​ផ្សេង​ៗ។ ក្រៅ​ពី​នោះ ការ​ហាត់​ប្រាណ​អាច​ឲ្យ​អារម្មណ៍​នឹងន កាត់​បន្ថយ​ភាព​នឿយហត់ ចង្អោរ និង​ពន្លឿន​សុខភាព​ម៉ាក់​ៗ​ត្រឡប់​មក​វិញ​ក្រោយ​ពេល​កើត។ លំហាត់​ប្រាណ​ដែល​ល្អ​ពេល​មាន​ផ្ទៃពោះ ​គឺ​ហាត់​យូហ្គា ​ដើរ ឬ​​ហែល​ទឹក​ជាដើម។

    ៤- ញ៉ាំអាហារ​សម្បូរ​ជីវជាតិ​ឲ្យ​បាន​គ្រប់គ្រាន់

    អ្នក​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ ចម្រុះមុខ ហើយ​អាហារ​ទាំង​នោះ​មាន​ដូចជា​ពពួក​សណ្តែក ស៊ុត ប្រូខូលី និង​បន្លែ​បៃតង​ដទៃ សាច់​មាន់ គោ ជ្រូក ត្រី​សាលម៉ុន គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ទឹកដោះ​គោ។ ចំណែក​ផ្លែឈើ​វិញ​គួរតែ​ញ៉ាំ​ផ្លែ ប៊ើរ ប៊ើរី ប៉ោម ទំពាំងបាយជូរ គីវី ក្រូច ស្ត្រប៊ើរី ឪឡឹក ចេក ទទឹម ជាដើម។

    ៥- គេង​ឲ្យ​បាន​គ្រប់គ្រាន់

    បាន​ជា​ស្រ្តី​មាន​ផ្ទៃពោះ​ត្រូវការ​គេង​គ្រប់គ្រាន់ ព្រោះ​ជួយ​ដល់​ការ​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ ព្រម​ទាំង​កូន​កើត​មក​មាន​បញ្ហា​ស្មារតី​ល្អ អាច​មាន​សុខភាព​ល្អ និង​ឆ្លាតវៃ។ ទីតាំង​ដែល​ល្អ​សម្រាប់​ម៉ាក់​ៗ​គេង គឺ​ត្រូវ​ផ្អៀង​ទៅ​ឆ្វេង ព្រោះ​ទម្លាប់​នៃ​ការ​គេង​បែប​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​ចង្វាក់​បេះដូង​របស់​ទារក។ បើ​យើង​គេង​ផ្ងារ​ឬ​ផ្អៀង​ទៅ ស្ដាំ​វិញ​អាច​ដាក់​សម្ពាធ​ទៅ​លើ​សរសៃឈាម​ផ្គត់ផ្គង់​ដល់​ស្បូន​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ដល់​ទារក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម