ទល់លាមកជាបញ្ហាចោទកើតឡើងចំពោះស្ត្រីពពោះញឹកញាប់ ធ្វើឲ្យស្ត្រីរងសម្ពាធមួយបន្ថែមទៀត។ តើត្រូវដោះស្រាយបញ្ហាទល់លាមកពេលពពោះដោយរបៀបណា? មានមូលហេតុអីខ្លះ ទើបស្ត្រីពពោះចេះតែទល់លាមក?
បើតាមការលើកឡើងរបស់ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត មានមូលហេតុជាច្រើនធ្វើឲ្យស្ត្រីពពោះមានបញ្ហាទល់លាមក ក្នុងនោះក៏មានការកើនឡើងនូវ Progesterone ធ្វើឲ្យសរីរាង្គរំលាយអាហារធ្វើការយឺតជាងមុន ទំហំស្បូនកាន់ធំពេលមានផ្ទៃពោះ ធ្វើឲ្យសង្កត់ទៅលើពោះវៀន។ ក្នុងករណីដែលស្ត្រីពពោះញ៉ាំទឹកតិច មិនសូវញ៉ាំបន្លែ ផ្លែឈើ ឬញ៉ាំថ្នាំ ឬអាហារបំប៉នជាតិដែកលើសកម្រិតទៀត បញ្ហាទល់លាមកកាន់តែចោទធ្ងន់ធ្ងរឡើង។