ពពោះកូនដំបូង និងកូនបន្ទាប់ ខុសគ្នាម៉េចខ្លះ?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ស្រីៗ​ដែល​ធ្លាប់​សម្រាល​កូន​ច្រើន​ដង ប្រហែល​ជា​បាន​កត់​ចំណាំ​នូវ​ចំណុច​ខុស​គ្នា​រវាង​ការ​មាន​កូន​លើក​ដំបូង និង​កូន​បន្ទាប់​ទៀត​មិន​ខាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​បង្ហាញ​ភាព​ខុស​គ្នា​រវាង​ការ​ពពោះ​កូន​លើក​ទី១ និង​ការ​ពពោះ​កូន​បន្ទាប់ ខាង​ក្រោម​នេះ។

១. កូន​កម្រើក​លឿន​ជាង​មុន

ស្រីៗ​ពពោះ​កូន​ដំបូង នឹង​មាន​អារម្មណ៍​ដឹង​ថា ​កូន​កំពុង​ធាក់​ពោះ​យើង ​នៅចន្លោះ​សប្តាហ៍​ទី ១៨-២០ នៃ​ការ​ពពោះ។ ចលនា​កូន វា​អាច​នឹង​មាន​ភាព​ស្រាល​ៗ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​មិន​ប្រាកដ ​ដោយ​លើ​ពេល​វេលា​កម្រើក​​លឿន និង​ខ្លីៗ។ តែ​ចំពោះ​គ្នា​យើង​ធ្លាប់​មាន​កូន​ពី​មុន​ ងាយ​​សម្គាល់​ដឹង​ពី​សញ្ញា និង​ចលនា​ដំបូង​របស់​កូន​ នៅ​ពេល​ពពោះ​បាន ១៦ សប្តាហ៍។

២. ពោះ​ធំ​ជាង​មុន

កាល​ពពោះ​លើក​ដំបូង នៅ​ត្រីមាស​ដំបូង​ស្រីៗ​មិន​សូវ​ខ្ទាត​ពោះ​ប៉ុន្មាន ទម្រាំ​ខ្ទាត​ពោះ អាច​ឲ្យ​ដឹង​ថា មាន​ផ្ទៃ​ពោះ ទាល់​តែ៤-៥ ខែ​ឯ​ណោះ។ តែ​បើ​មាន​កូន​លើក​ទី២ ទី៣ ពោះ​ឆាប់​ធំណាស់ នេះ​ដោយ​​សារ​តែ​​ស្បូន​រីក​ធំ ហើយស្បែក​យារ​ធ្លាក់​ដោយសារ​តែ​ធ្លាប់​ឆ្លងកាត់​ការ​ពពោះ​ពី​មុន​មក។

៣. សម្រាល​កូន​លឿន​ជាង​មុន

មិន​មែន​ស្រីៗ​សម្រាល​កូន​លើក​ទី២​ទាំង​អស់​សុទ្ធ​តែ​ស្រួល​ជាង​លើក​ទី១​នោះ​ទេ តែ​ភាគ​ច្រើន​គឺ​អាច​សម្រាល​កូន​ស្រួល ហើយ​លឿន​ជាង​មុន និងពេលខ្លះ​មាត់ស្បូន​អាច​ស្តើង​ជាងមុន ដោយសារ​តែ​យើង​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធ​ពី​មុន​មក​ខ្លះ ដឹង​ពី​ការ​ត្រៀម​លក្ខណៈ របៀប​ប្រឹង ឬ​ក៏​តិចនិក​ផ្សេង​ទៀត នេះ​និយាយ​ចំពោះ​ការ​សម្រាល​ដោយ​ធម្មជាតិ។

៤. ឈឺ​ស្បូន​ខ្លាំង​ជាង​មុន

ក្រោយ​សម្រាល​រួច ស្រីៗ​ជួប​អាការៈ​ឈឺ​ស្បូន ហើយ​ការ​ឈឺ​នោះ​បើ​ម៉ាក់ៗ​សម្រាល​កូន​ដំបូង​មិន​សូវ​ឈឺ​ខ្លាំង​នោះ​ទេ អាច​ទ្រាំ​បាន តែ​បើ​សម្រាល​កូន​ក្រោយៗ​ទៀត ឈឺ​ខ្លាំង​សឹង​ទ្រាំ​មិន​បាន មាន​ស្រីៗ​ខ្លះ​ដល់​ថ្នាក់​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ទើប​អាច​ទប់​ទល់​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 13, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 13, 2019

អ្នកអាចចូលចិត្ត