ការសម្រាលកូនតាមធម្មជាតិ ស្រីៗត្រូវទ្រាំទ្រនឹងការឈឺពោះរយៈពេលយូរ ខណៈការសម្រាលដោយវះកាត់វិញ ម៉ាក់ៗមិនចាំបាច់រង់ចាំដល់ពេលឈឺពោះនោះទេ ត្រឹមតែគ្រប់ខែ អាចសម្រាលបានហើយ។ តើការសម្រាលកូនតាមធម្មជាតិ និងវះកាត់ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? មួយណាល្អជាង?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ថា ជាទូទៅក្រុមគ្រូពេទ្យមិនលើកទឹកចិត្តឲ្យសម្រាលកូនដោយវះកាត់នោះទេ លុះណាតែលក្ខខណ្ឌ ស្ត្រីជាម្តាយមិនអាចសម្រាលកូនតាមធម្មជាតិបាន។
លោកវេជ្ជបណ្ឌិតបានបន្តថា ការសម្រាលកូនដោយធម្មជាតិល្អជាងវះកាត់ តែបើធម្មជាតិទៅមិនរួច យើងកុំជំទាស់ កុំប្រឆាំង ក្នុងករណីកូនអត់បង្វិល កូនទទឹងពោះ សុកពាំងមាត់ស្បូន ម្តាយមានកម្ពស់ទាប អាងត្រគាកមិនល្អ សុខភាពកូន និងម្តាយខ្សោយ ម្តាយធ្លាប់សម្រាលដោយវះកាត់ពីមុន សម្ពាធឈាមឡើងខ្ពស់ និងមានជំងឺទឹកនោមផ្អែម ត្រូវតែសម្រាលកូនដោយវះកាត់ហើយ។
ខាងក្រោមនេះជាគុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយវះកាត់ និងតាមធម្មជាតិ។
១. ការសម្រាលកូនដោយធម្មជាតិ
គុណសម្បត្តិ
– ម្តាយអាចដើរ ឬធ្វើសកម្មភាពផ្សេងៗបានក្រោយសម្រាលកូនប៉ុន្មានម៉ោង
– បាត់បង់ឈាមតិច
– គ្មានការឈឺចាប់ដែលបន្សល់ដូចវះកាត់ឡើយ
– សម្រាកនៅពេទ្យរយៈពេលខ្លី
– មុខរបួសឆាប់ជាសះស្បើយ និងគ្មានស្នាម។
គុណវិបត្តិ
– ឈឺពោះយូរ ម្តាយត្រូវទ្រាំទ្រនឹងការឈឺពោះ
– អាចប្រឈមមុខជំងឺនោមទាស់ ឬជំងឺស្រុតស្បូន
– ទ្វារមាសអាចដាច់រហែកដោយសារការសម្រាល
– រាងកាយទារក អាចមានប៉ះទង្គិចនៅពេលម៉ាក់ៗប្រឹងសម្រាល ឬការប្រើឧបករណ៍ជំនួយផ្សេងៗ។
២. ការសម្រាលដោយវះកាត់
គុណសម្បត្តិ
– មិនឈឺពោះយូរ
– កូនកើតចំថ្ងៃ ឬម៉ោងដែលយើងចង់បាន
– កាត់បន្ថយឱកាសឆ្លងជំងឺពីម្តាយទៅកូន។
គុណវិបត្តិ
– បាត់បង់ឈាមច្រើន
– ចាក់ថ្នាំស្ពឹកទៅមិនស្ពឹក អាចមានប្រតិកម្មនឹងថ្នាំស្ពឹក ធ្វើឲ្យឈឺក្បាល វិលមុខក្អួត
– ធ្លាក់ឈាមច្រើនក្រោយសម្រាល
– ឆ្លងរោគ រលាកស្រទាប់ក្នុងស្បូន
– ខ្សោយស្បូន
– ត្រូវសម្រាកពេទ្យយូរ ទម្រាំមុខរបួសធូរស្រាល
– អាចវះកាត់កូនក្រោយៗទៀត
– មានស្នាមនៅលើពោះ ប្រឈមនឹងការដាច់ថ្នេរ បើមិនប្រយ័ត្ន។
[embed-health-tool-due-date]