
ប្តីល្អ កំពុងត្រៀមខ្លួនចាំធ្វើប៉ាៗ និងផ្តល់កម្លាំងចិត្តឲ្យម៉ាក់ៗក្នុងថ្ងៃពិសេស (ថ្ងៃសម្រាល) ប៉ុន្តែប្រុសៗគ្នាយើងខ្លះ ទោះជាចូលដល់បន្ទប់សម្រាលជាមួយប្រពន្ធ នៅតែមិនដឹងហេតុផលនៅពីក្រោយ មិនដឹងគួរធ្វើអ្វីអំឡុងពេលនោះ។ “Hello គ្រូពេទ្យ” នឹងពន្យល់ពីហេតុផលសំខាន់មួយចំនួន ដែលប៉ាៗថ្មីថ្មោងទាំងអស់ត្រូវធ្វើជាចាំបាច់។
១- ហេតុផលចាំបាច់ចូលក្នុងបន្ទប់សម្រាល
ទោះបីប្រុសៗមិនអាចពពោះ ឬរំលែកការឈឺចាប់ជំនួសប្រពន្ធបាន ប៉ុន្ដែជាប្តីល្អត្រូវដើរតួជាអ្នកមើលថែ នៅក្បែរផ្ដល់កម្លាំងចិត្តឲ្យប្រពន្ធ ទោះជាត្រូវចូលក្នុងបន្ទប់សម្រាលអូនៗក៏ដោយ។ ពេលចូលបន្ទប់សម្រាល ប្រុសៗគ្នាយើង ត្រូវនៅក្បែរផ្ដល់កម្លាំងចិត្តឲ្យប្រពន្ធ ចាប់ពីដំណាក់កាលដំបូងនៃការកន្រ្ដាក់សាច់ដុំស្បូន រហូតដល់ពេលសម្រាលតែម្តង។
ពិសេសជាងនេះ គឺមុនថ្ងៃសម្រាលយើងគួរតែសួរនាំប្រពន្ធ ថាតើម៉ាក់ៗត្រូវការអ្វីបំផុតអំឡុងពេលនោះ ព្រោះការយោគយល់គ្នាទៅវិញទៅមកនឹងជួយឲ្យយើងស្គាល់ពីគ្នាកាន់តែច្បាស់ សំខាន់ជាងនេះត្រូវចេះជួយរៀបចំជូនម៉ាក់ៗទៅមន្ទីរពេទ្យ ប្រាប់អំពីស្ថានភាពទៅកាន់ក្រុមគ្រួសារទាំងសងខាង។
២- រឿងប្រុសៗត្រូវធ្វើក្នុងបន្ទប់សម្រាល
– ដំណាក់កាលសាច់ដុំស្បូនកន្រ្ដាក់៖ កាតព្វកិច្ចសំខាន់បំផុតសម្រាប់ប្រុសៗគ្នាយើង ប៉ុន្មានម៉ោងដំបូងនៃការកន្រ្ដាក់ស្បូន គឺត្រូវតែបង្វែរចំណាប់អារម្មណ៍ប្រពន្ធពីការឈឺចាប់ ដូចជាចាក់ចម្រៀងដែលគាត់ចូលចិត្ត ដើរអមជាមួយប្រពន្ធក្នុងបន្ទប់ និងសួរនាំប្រពន្ធ តើត្រូវការម៉ាស្សាខ្នង ឬបាតជើង ព្រោះធ្វើបែបនេះនាំឲ្យពេលសម្រាលងាយស្រួល បើស្រីៗមានបេប៊ី ត្រូវធ្វើចលនាឲ្យច្រើន ប្រសើរជាងអង្គុយនៅស្ងៀមមួយកន្លែង។
– ដំណាក់កាលសកម្ម៖ ពេលការកន្រ្ដាក់សាច់ស្បូនខ្លាំងឡើង និងជិតឈានដល់សម្រាល ប្តីត្រូវតែឲ្យប្រពន្ធតាំងអារម្មណ៍ ព្រោះដោយសារការកន្រ្ដាក់ឈឺចាប់ខ្លាំង អាចបណ្ដាលឲ្យម៉ាក់ៗចុះចាញ់ លែងចង់ធ្វើចលនាតទៀត។ គួរព្យាយាមមើលភ្នែកប្រពន្ធ កាន់ដៃ លួងលោម និងរាប់រាល់ចង្វាក់ដង្ហើមចេញចូល លើកទឹកចិត្តប្រពន្ធជានិច្ច។
– ដំណាក់កាលសម្រាល៖ វាជាដំណាក់កាលសំខាន់បំផុតសម្រាប់ទាំងប្រុសៗ និងស្រីៗ ព្រោះនៅពេលប្រពន្ធកំពុងឈឺខ្លាំង ប្តីត្រូវតែទប់អារម្មណ៍ឲ្យបាននឹងន ព្យាយាមបន្ថយការភិតភ័យរបស់ប្រពន្ធ។ តួនាទីសំខាន់ពេលនោះ ត្រូវគាំទ្រប្រពន្ធជាទីស្រលាញ់ ពេលពេទ្យកំពុងព្យាយាមរុញច្រានកូនចេញមកក្រៅ បន្ថែមពីនេះយើងអាចថើបថ្ងាស កាន់ដៃ និងទ្រខ្នងប្រពន្ធជាដើម។ ត្រូវពិនិត្យមើលដំណាក់កាលសម្រាល ក៏ដូចជានៅពេលអាអូនចាប់កំណើតចេញមកមើលពិភពលោកខាងក្រៅ ព្រោះអាចជាពេលវេលាមួយយើងចងចាំមួយជីវិត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕