កូន​ដំបូងវះ ចុះ​កូន​​ទី​២ អាច​កើត​ធម្មតាបានអត់?

    កូន​ដំបូងវះ ចុះ​កូន​​ទី​២ អាច​កើត​ធម្មតាបានអត់?

    នេះ​​ជា​​រឿង​ចាំបាច់​មួយ​សម្រាប់​ម៉ាក់​ៗ​ដែល​ធ្លាប់សម្រាល​កូន​ទី១​​ដោយ​វះកាត់​ចង់ដឹង ព្រោះ​ខ្លាច​កូន​ទី​២ មិន​អាចសម្រាល​​តាម​ធម្មជាតិ​បាន។ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ពេល​មាន​កូន​ទី​២ ពិតជា​អាច​សម្រាល​តាម​ផ្លូវ​ក្រោម​បាន។

    សាស្ត្រាចារ្យ​ដែល​មាន​បទ​ពិសោធ​យូរ​ឆ្នាំ​ផ្នែក​សម្ភព បាន​ឲ្យ​ដឹង​ថា ករណី​ម្ដាយ​វះ​កូន​ដំបូងពេល​កូន​បន្ទាប់​មាន​អត្រា​កើត​តាម​ធម្មតា​បាន​រហូត​ទៅ ៦០ -៧០%។ “អ្នក​មាន​កូន​ដំបូង​វះ លើក​ទី​២ អាច​កើត​បាន​ធម្មតា តែ​គ្រូពេទ្យ​ត្រូវ​តាមដាន​ពិនិត្យ​មើល​ថ្នេរ​មុខរបួស​ចាស់​ឲ្យ​បាន​ដិតដល់​បំផុត​តាំងពី​ពពោះ រហូត​ជិត​ដល់​ថ្ងៃ​សម្រាល ខ្លាចក្រែង​មាន​បញ្ហា​អ្វី​មួយ ឬ​ដាច់ដោច​ថ្នេរ​ចាស់។ ប៉ុន្តែ​បើ​ស្ថិត​ក្នុង​ករណី​គួរឲ្យ​បារម្ភ​មួយ​ចំនួន ត្រូវ​វះ​ម្ដង​ទៀត​ដូចជា​ត្រគាក​តូច កូន​ធំជាដើម”។

    កូនលើក​ទី១វះHello_គ្រូពេទ្យ

    ប្រសិនបើ​កូន​ទី​១ ​វះ ហើយ​ទី​២​វះ​ទៀត កូន​បន្ទាប់​ៗ​ទៀត​ក៏​នៅតែ​ប្រើ​វិធី​នេះ​ដដែល ដើម្បី​សម្រាល។ ករណី​ដែល​អាច​សម្រាល​វិញ​បាន​ទាល់តែ​កូន​ទី​១វះ ទី​២​សម្រាល នោះ​ទើប​កូន​ក្រោយ​ៗ​អាច​សម្រាល​បាន។ ចំពោះ​មូលហេតុ​ធ្វើឲ្យ​ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​ដោយ​វះ​ជាចាំបាច់​មាន​ដូចជា ទងសុក​រុំ​ក​កូន​ច្រើន​ជុំ កូន​ទទឹង​ពោះ កូន​មិន​បង្វិល​ក្បាល​ចុះ​ក្រោម សុក​ពាំង​មាត់​ស្បូន រហែក​ស្បូន សុខភាព​ម្ដាយ ឬ​កូន​ខ្សោយ​ខ្លាំង ម្ដាយ​មាន​ធ្លាក់​ឈាម​ច្រើន ឬ​បែក​ទឹក​ភ្លោះ​យូរ ព្រោះ​តម្រូវ​ឲ្យ​​​ជួយ​សង្គ្រោះ​ជា​បន្ទាន់ ​បើ​ទុក​យូរ​អាច​មាន​គ្រោះថ្នាក់​ទាំង​ម្ដាយ និង​កូន។

    ជា​ធម្មតា​ពេទ្យ​មិន​​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី​ជ្រើសរើស​វិធី​វះ​ឡើយ ទាល់តែ​ព្យាយាម​កើត​តាម​ផ្លូវ​ក្រោម​អស់​លទ្ធភាព​សិន ទើប​ពេទ្យសម្រេចចិត្ត​ឲ្យ​វះ។

    អត្ថបទ​ពាក់ព័ន្ធ

    • មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់?
    • មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 14/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត