ម៉ាក់ៗសម្រាលកូនដោយវះកាត់ជាច្រើនបានលើកឡើងថា ក្រោយសម្រាលកូនដោយវះកាត់រួច ប្រែជាឈឺក្បាល ឬអារម្មណ៍ឆេវឆាវ ព្រោះត្រូវជាតិថ្នាំសណ្ដំដែលចាក់ពេលវះកាត់។ ចំពោះបញ្ហានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន បានលើកឡើងថា មិនមែនមកពីការវះកាត់ទាំងស្រុងទេ។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត រូបនោះបានឲ្យដឹងទៀតថា អ្នកខ្លះមានបញ្ហាឈឺក្បាលតាំងពីមុនមានកូន ហើយក្រោយវះកាត់មានបញ្ហានេះ ក៏ចោតទាំងថាមកពីសម្រាលដោយមុខកាំបិត។ ចំណែកអ្នកនៅលីវខ្លះ មិនទាន់មានឆ្លងកាត់រឿងរ៉ាវអស់ទាំងនេះ ក៏មានបញ្ហាឈឺក្បាលដែរ តើនោះមកពីអ្វី? គឺវាបណ្ដាលមកពីស្ថានភាពប្រចាំថ្ងៃរបស់យើងខ្លួនឯងដែលគិតច្រើន ឬមានជំងឺឈឺក្បាលតាំងពីដើមរៀងមកដូចជាជំងឺប្រឆាំងជាដើម។
ទោះជាយ៉ាងណា លោកមិនបានបដិសេធទាំងស្រុងថា វះកាត់សម្រាលកូន មិនមែនជាដើមទាំងស្រុងឡើយ វាអាចជាផ្នែកមួយដែលធ្វើឲ្យឈឺក្បាលផងដែរ ដោយសារផលប៉ះពាល់របស់ថ្នាំសណ្ដំ ដោយស្ត្រីខ្លះឈឺក្បាល និងខ្លះទៀតឈឺឆ្អឹងខ្នង តែមានតិចតួចប៉ុណ្ណោះ បូករួមបច្ចេកវិទ្យាកាន់តែទំនើបការឈឺចុកចាប់កាន់តែកាត់បន្ថយ ហើយសូម្បីតែមុខរបួសកន្លែងថ្នេរក៏ពេទ្យមានថ្នាំចាក់ទីនោះមិនឲ្យឈឺដែរ។
ចំណែកអារម្មណ៍ប្រែប្រួលរបស់ស្ត្រីក្រោយសម្រាលកូនរួច ក៏មិនមែនមកពីការវះកាត់សម្រាលដែរ តែជាធម្មតាជាតិជាម្ដាយតែងតែគិតពីកូនគ្រប់ពេលវេលា ខួរក្បាលគ្មានពេលសម្រាលគ្រប់គ្រាន់ ហើយបូករួមយើងមើលកូនតែម្នាក់ឯងគ្មានចាស់ទុំ ឬប្ដីនៅចាំជួយ កូនឈឺ កូនយំ កូនរករឿងទើបធ្វើឲ្យអារម្មណ៍ចាប់ផ្ដើមមួម៉ៅ។ រឿងសំខាន់មួយទៀត គឺកូនរករឿងយំយប់ព្រលប់ មិនបានគេងគ្រប់គ្រាន់ ហើយថ្ងៃឡើងត្រូវរ៉ាប់រងតែឯងទៀត សួរថាស្ត្រីណាដែលមិនខឹង។
ជាចុងក្រោយលោកបានបញ្ជាក់ថា ការវះកាត់សម្រាលមិនបានធ្វើឲ្យម៉ាក់ៗប្រែប្រួលចរិត ឬឈឺក្បាលរ៉ាំរ៉ៃឡើយ ពោលគឺអាចមកពីយើងខ្លួនឯងគ្មានពេលសម្រាលគ្រប់គ្រាន់ និងញ៉ាំមិនទៀងទាត់ទៅវិញ។
អត្ថបទពាក់ព័ន្ធ៖ វះកាត់សម្រាលកូន ប៉ុន្មានម៉ោងក្រោយទើបអាចញ៉ាំអាហារបាន?
[embed-health-tool-due-date]