ពិបាកសម្រាលកូនខ្លាំងអាចបណ្ដាលមកពីកត្តាម្ដាយ និងកូនបែបនេះ

    ពិបាកសម្រាលកូនខ្លាំងអាចបណ្ដាលមកពីកត្តាម្ដាយ និងកូនបែបនេះ

    ​គិត​តាម​ធម្មជាតិ ស្រី​ៗ​ត្រូវ​ប្រឈម​នឹង​ភាព​ឈឺ​ចាប់​ច្រើន​ជាង​ប្រុស​ៗ ដូច​ជា​រឿង​សម្រាល​កូន​ជាដើម។ យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា ការ​សម្រាល​កូន មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ មុន​នឹង​កើត​បាន​កូន​ម្នាក់ៗ ស្ត្រី​ត្រូវ​ទ្រាំ​ឈឺ​ពោះ​រាប់​ម៉ោង តែ​មាន​ស្ត្រី​ខ្លះ​ងាយ​សម្រាល កូន​ឆាប់​កើត ចំណែក​វិញ​​ស្ត្រី​ខ្លះ​ពិបាក​សម្រាល​ខ្លាំង។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភពបាន​បកស្រាយ​ឲ្យ​ដឹង​ថា ជា​ទូទៅ ការ​សម្រាល​កូន​របស់​ស្ត្រី​ម្នាក់ៗ សុទ្ធ​តែ​មាន​ភាព​ឈឺ​ចាប់ គ្រាន់​តែ​ថា មាន​ម៉ាក់ៗ​ខ្លះ​ឆាប់​កើត​បាន ហើយ​ម៉ាក់​ៗ​ខ្លះ​ទៀត​ទម្រាំ​សម្រាល​រួចពិបាក​ខ្លាំង ពេល​ខ្លះ​ស្ទើរ​មាន​គ្រោះ​ថ្នាក់។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ ពិបាក​សម្រាល​អាច​បណ្ដាល​មក​ពី​កត្តា​ម្ដាយ ក៏​ដូច​ជា​កត្តា​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ​។

    កត្តា​ម្ដាយ

    – មាន​អាង​ត្រគាក​តូច
    – កើត​ដុំ​ស្បូន Fibroids
    – ឆ្អឹង​អាង​ត្រគាក​មិន​ប្រក្រតី
    – សុខភាព​ម្តាយខ្សោយ
    – ម្ដាយ​មាន​ជំងឺ។

    កត្តា​កូន

    – កូន​ធំ​ពេក
    – ទំហំ​ក្បាល​កូន​ធំ
    – កូន​បញ្ច្រាស​ជើង
    – ទម្រង់​ក្បាល​របស់​កូន​មុជ ឬ​ងើយ​ពេក។ល។

    វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​ថា គ្រប់​ម៉ាក់ៗ​ពពោះ​ទាំង​អស់ ចាំ​បាច់​ណាស់​ត្រូវ​ទៅ​ពិនិត្យ​សុខភាព ឆ្លុះ​មើល​អេកូ​ពោះ​ឲ្យ​បាន​ទៀងទាត់ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទាក់​ទង​នឹង​របៀប​ថែ​ទាំ​សុខភាព​បាន​ត្រឹម​ត្រូវ ចៀសវាង​កើត​បញ្ហា​ដែល​មិន​ចង់​មាន។ ធម្មតា ខាង​ក្រុម​គ្រូពេទ្យ​តែង​ជំរុញ​ឲ្យ​ម៉ាក់ៗ សម្រាល​តាម​ធម្មជាតិ តែ​ក្នុង​ករណី​ដែល​មើល​ទៅ​កើត​ធម្មជាតិ​មិន​អំណោយ​ផល មាន​តែ​សម្រាល​ដោយ​ការ​វះកាត់​តែ​ម្ដង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 10/09/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត