តើយើងគួរចាប់ផ្ដើមយកកូននៅពេលណាទើបល្អ?
គ្រូពេទ្យមួយចំនួនណែនាំឲ្យរង់ចាំរហូតដល់យើងមានវដ្ដរដូវឡើងវិញ ដើម្បីងាយស្រួលកំណត់ថ្ងៃ ប្រសិនបើចង់មានផ្ទៃពោះភ្លាមៗ។ ចំណែកឯស្រីៗខ្លះ ត្រូវរង់ចាំមួយរយៈពេលសិន ពីព្រោះតែស្ថានភាពសុខភាពរបស់ខ្លួន។
យ៉ាងណាមិញ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការមានគភ៌នៅក្នុងរយៈពេល៦ខែ បន្ទាប់ពីរលូត អាចជាឱកាសល្អបំផុតសម្រាប់ការមានផ្ទៃពោះដែលមានសុខភាពល្អ។ បន្ថែមពីនេះ ការមានគភ៌នៅក្នុងរយៈពេល៦ខែ មានលទ្ធផលនៃការបន្តពូជល្អបំផុត ក៏ដូចជាមានអត្រាផលវិបាកទាបបំផុត នៅពេលមានផ្ទៃពោះបន្ទាប់ផងដែរ។
ពិតណាស់ ការព្យាយាមក្នុងការមានផ្ទៃពោះសារជាថ្មី គឺមិនត្រឹមតែទាមទារឲ្យយើងមានទឹកចិត្តរឹងមាំឡើងវិញនោះទេ រាងកាយរបស់យើងក៏ត្រូវរឹងមាំដូចគ្នា។ ប្រសិនបើយើងរលូតកូននៅពេលដែលចាប់ផ្ដើមមានផ្ទៃពោះ ស្រីៗយើងនឹងបញ្ចេញពងអូវុលភ្លាមនៅក្នុងរយៈពេល២សប្តាហ៍ ក្រោយរលូត។ ប៉ុន្តែ បើរលូតចាប់ពីសប្ដាហ៍ទី២៨ឡើងទៅ វាត្រូវការពេលពីរបីខែដើម្បីឲ្យអ័រម៉ូន និងវដ្ដរដូវត្រលប់មករកសភាពធម្មតាវិញ។