កូនកើតមកស្លាប់គឺនៅពេលដែលទារកស្លាប់បន្ទាប់ពីពពោះសប្ដាហ៍ទី២០។ កូនអាចនឹងស្លាប់នៅក្នុងពោះប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានម៉ោងមុនពេលកើត ហើយនៅក្នុងករណីខ្លះ ទារកអាចនឹងស្លាប់នៅអំឡុងពេលកើតតែម្ដង។
កូនកើតមកស្លាប់ ត្រូវបានចាត់ថាជា៣ប្រភេទ ដែលត្រូវបានកំណត់ដោយចំនួនសប្ដាហ៍នៃការពពោះ។
- ស្លាប់មុនពេលសម្រាល ៖ ទារកស្លាប់នៅចន្លោះពី២០សប្ដាហ៍ ទៅ២៧សប្ដាហ៍
- ស្លាប់នៅពេលជិតសម្រាល៖ ទារកស្លាប់នៅចន្លោះពី២៨សប្ដាហ៍ ទៅ៣៦សប្ដាហ៍
- ស្លាប់នៅអំឡុងពេលសម្រាល ៖ ទារកស្លាប់នៅសប្ដាហ៍ទី៣៧ ឬបន្ទាប់ពីនេះ
១. តើម៉ាក់ៗណាខ្លះមានហានិភ័យនៃការកើតកូនមកស្លាប់?
ជាទូទៅ ការកើតកូនមកស្លាប់អាចកើតមានចំពោះស្ត្រីដែលមានផ្ទៃពោះនៅគ្រប់វ័យ និងគ្រប់ជាតិសាសន៍ ហើយវាមិនអាចស្មានដឹងមុនបានឡើយ។ យ៉ាងណាមិញ ប្រសិនបើម៉ាក់ៗមានលក្ខខណ្ឌដូចខាងក្រោម ម៉ាក់ៗអាចនឹងប្រឈមខ្ពស់ទៅនឹងការកើតកូនមកស្លាប់។
- ម្ដាយមានវ័យក្មេងពេក ឬអាយុច្រើនជាង៣៥ឆ្នាំ
- ខ្វះការថែទាំមុនពេលសម្រាល
- ខ្វះអាហារូបត្ថម្ភ
- មានកូនភ្លោះពីរ ឬបី
- មានបញ្ហាសុខភាព ដូចជាសម្ពាធឈាមខ្ពស់ ឬទឹកនោមផ្អែម
- ធាត់ជ្រុល
- ធ្លាប់មានការកើតកូនមកស្លាប់ពីមុនមក
២. អ្វីទៅបណ្ដាលឲ្យកូនកើតមកស្លាប់?
ពិតណាស់ មានមូលហេតុជាច្រើនដែលជំរុញឲ្យមានការកើតកូនមកស្លាប់នេះ ហើយកត្តាជាទូទៅមានដូចខាងក្រោម៖
- ផលវិបាកនៃការមានផ្ទៃពោះ និងសម្រាល៖ កូនកើតមិនគ្រប់ខែ និងការពពោះលើសពី៤២សប្ដាហ៍ ឬជួបឧបទ្ទវហេតុ ក៏ដូចជារងរបួសនៅអំឡុងពេលពពោះ។
- មានបញ្ហាសុក និង/ឬទងសុក៖ ទារកទទួលបានឈាម អុកស៊ីសែន និងសារជាតិចិញ្ចឹមតាមរយៈសុក និងទងសុក ប៉ុន្តែប្រសិនបើបញ្ហាណាមួយពាក់ព័ន្ធនឹងសរីរាង្គទាំងពីរនេះ ទារកនឹងមិនអាចលូតលាស់ត្រឹមត្រូវឡើយ។
- ការឆ្លងមេរោគ៖ ការឆ្លងមេរោគនៅចន្លោះសប្ដាហ៍ទី២៤ទៅសប្ដាហ៍ទី២៧ អាចបណ្ដាលឲ្យទារកស្លាប់បាន។ ជាធម្មតា វាជាការបង្ករោគដោយបាក់តេរី ដែលធ្វើដំណើរពីទ្វារមាស ទៅកាន់ស្បូន។
- ខូចទ្រង់ទ្រាយពីកំណើត៖ ការខូចទ្រង់ទ្រាយពីកំណើតធ្ងន់ធ្ងរ ឬច្រើន អាចធ្វើឲ្យទារកស្លាប់បាន។
- ស្ថានភាពសុខភាពរបស់ម្ដាយ៖ ជំងឺផ្សេងៗក៏អាចបណ្ដាលឲ្យកូនកើតមកស្លាប់ផងដែរ ក្នុងនោះរួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺក្រពេញទីរ៉ូអ៊ីត។ល។
៣. តើម្ដាយមានរោគសញ្ញារាងកាយយ៉ាងម៉េចខ្លះ?
ប្រសិនបើម៉ាក់ៗមានអាការៈដូចជាគ្រុនក្ដៅ ធ្លាក់ឈាម គ្រុនស្រៀវស្រាញ ឬមានអាការៈឈឺចាប់ ចូរប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ពីព្រោះវាអាចជាសញ្ញានៃការឆ្លងមេរោគ។
[embed-health-tool-due-date]