១. ញ៉ាំលើសកំណត់
សម្រាលអាអូនរួចម៉ាក់ៗតែងតែបំប៉នអាហារខ្លួនឯងឲ្យឆាប់មានកម្លាំងកំហែង សម្បូរទឹកដោះឲ្យកូនម៉ឹម។ ទោះយ៉ាងណាការបំប៉នអាហារច្រើនជ្រុលហួសហេតុ ពិសេសមិនបានបំបៅដោះកូនទៀតនោះ គីឡូម៉ាក់ៗច្បាស់ជាឡើងស្រឺតៗមិនខាន។ តាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតជា ម៉ារី ប្រធានស្ដីទីកម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល ការបំបៅដោះកូន អាចឲ្យម៉ាក់ៗស្រកទម្ងន់បាន ដោយបំបៅកូនមួយថ្ងៃអាចដុតកាឡូរីប្រហែល ៥០០ ម្យ៉ាងវិញទៀតទោះបំបៅដោះកូន ក៏ស្ត្រីមិនគួរញ៉ាំអាហារ ពិសេសសាច់ច្រើនជ្រុលហួសហេតុតាមចិត្តចង់នោះដែរ។
២. គេងមិនឆ្អែត តានតឹងអារម្មណ៍
ម៉ាក់ៗភាគច្រើនគេងមិនបានឆ្អែតភ្នែកនោះទេ ឯអារម្មណ៍ក៏តានតឹងទៀត ព្រោះត្រូវមើលថែទាំកូនតូចទាំងយប់ទាំងថ្ងៃ។ ការគេងមិនគ្រប់នេះហើយជាឫសគល់បង្កឲ្យមានភាពតានតឹង ល្ហិតល្ហៃ និង អស់កម្លាំង ព្រមទាំងប៉ះពាល់កម្រិតអ័រម៉ូនក្នុងខ្លួនដែលគ្រប់គ្រងទៅលើការឃ្លានអាហារ។ ម៉្យាងទៀតក៏បណ្ដាលឲ្យអ័រម៉ូនករទីសុល (អ័រម៉ូនតានតឹង) កាន់តែកើនឡើង ធ្វើឲ្យរាងកាយរបស់ស្រ្ដីជាម្ដាយដុតកម្លោចកាឡូរីមិនបានគ្រប់គ្រាន់ និងធ្វើឲ្យជាតិខ្លាញ់កើនឡើង។