អាថ៌កំបាំង ៥ យ៉ាងអំពីការសម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរស្វែងយល់

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

សម្រាលកូន ជា​បទ​ពិសោធ​ចងចាំ​អស់​មួយ​ជីវិត​របស់​អ្នក​ម្ដាយ ហើយ​អ្នក​ម្ដាយនីមួយៗ មាន​បទ​ពិសោធ​ផ្សេងៗ​គ្នា។ អត្ថ​បទ​នេះ​នឹង​ប្រាប់​ស្រីៗយើង​អាថ៌កំបាំង​ ៥ យ៉ាង​អំពី​ការសម្រាល​កូន​តាម​ធម្មជាតិ (តាម​ទ្វារ​មាស) ព្រោះមាន​ម៉ាក់ៗ​មួយ​ចំនួន​មិន​ទាន់ច្បាស់ បារម្ភ​រឿង​សុវត្ថិភាព ឬ​ករណី​មិន​ប្រក្រតី អំឡុង​ពេល​សម្រាល។

១- អាថ៌កំបាំងទី ១ – ការហូរចេញនូវកាកសំណល់មកជាមួយកូន

ពេល​កំពុង​ត្រៀម​ខ្លួនសម្រាល​កូន​​ ម៉ាក់ៗ​នឹង​មានអារម្មណ៍​​ថា​តើ​នឹង​មាន​អ្វី​ដែល​មក​ជាមួយ​នឹង​កូន។ អំឡុង​ពេល​សម្រាល ​​​ចលនា​​​ពោះ​វៀន​ធំ​ ក៏​មិន​នៅ​ស្ងៀម​ដែរ គឺ​វា​​មាន​ចលនា​ស្រប​​​ពេល​ដែល​យើង​ប្រឹង​បង្កើត​កូន។ ចលនា​ដែល​មាន​នៅ​ក្នុង​ពោះ​វៀន​ធំ​ មាន​ដូច​ជា​ លាមក ទឹក​នោម និង​ឈាម​ គឺ​ជា​សារធាតុ​ដែល​អាច​ចេញ​មក​ជាមួយ​​​កូន​។ អត់​មាន​អី​ខុស​ប្រក្រតីទេ នេះ​​ជា​បាតុភូត​ធម្ម​ជាតិចំពោះ​មធ្យោបាយ​សម្រាល​កូន​បែប​ធម្មជាតិ មិន​វះកាត់ ហើយ​យើង​ក៏​មិន​អាច​ទប់​ស្កាត់​នូវ​បញ្ហា​ទាំង​នេះ​បាន​ដែរ ​​ព្រោះ​ចលនា​ពោះ​វៀន និង​ការ​រុញ​កូន​ចេញ​ពេល​សម្រាល គឺ​ប្រើ​​​សាច់​ដុំ​តែ​មួយ (ពេលយើងប្រឹង)។ ​

២- អាថ៌កំបាំងទី ២ – អារម្មណ៍ពីរប្រភេទ

ការ​សម្រាល​កូនតាម​ធម្ម​ជាតិ​ ​ជា​ប្រភេទ​នៃ​ការ​សម្រាល​កូន​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ពីរប្រភេទ គឺឈឺចាប់​ ​និងមាន​សម្ពាធ។ នៅ​ពេល​ដែល​យើង​ចាប់​ផ្តើម​ប្រឹង​ នឹង​មាន​សម្ពាធ​ទៅ​កាន់​មាត់​ស្បូន​​ដើម្បី​រុញ​កូន​ចេញ​មក​ក្រៅ។ នៅ​ពេល​ដែល​ទារក​ចុះ​ក្រោម​ ​យើង​នឹង​មាន​អារម្មណ៍​ពី​សម្ពាធ​ដូចនៅ​ពេល​ស្បូន​កន្រ្តាក់ ទៅជា​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើងៗ។

យើង​នឹង​មាន​អារម្មណ៍​ថា​ដូច​ជា​ពោះ​វៀន​​កំពុង​មាន​ចលនា​ខ្លាំង ​ដោយសារ​វា​មាន​សរសៃ​ប្រសាទ​ដូច​ទៅ​នឹង​សរសៃ​ប្រសាទ​ដែល​ភ្ញោច​ឲ្យ​ស្បូន​កន្រ្តាក់ដែរ។ អំឡុង​ពេល​សម្រាល​កូន​តាម​ទ្វារមាស ​ម៉ាក់ៗ​​​នឹង​ជួប​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​ស្បែក និង​ជាលិកា​ជុំវិញ​ទ្វារមាស​​រលាក ឬ​​រហែក បង្ក​​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង និង​ការ​ឈឺចាប់​ខ្លះ​ទៀត​ កើត​មាន​រវាង​ទ្វារមាស និង​រន្ធ​គូទ​ក្រោយ​ពេល​សម្រាល​ផង​ដែរ។

៣- អាថ៌កំបាំងទី ៣ – ការដកដង្ហើមចូល​ជួយ​បានច្រើន

យើង​អាច​គិត​ថា​អត់​សំខាន់ ប៉ុន្តែ​ការ​ដក​ដង្ហើម​ពិត​ជា​អាច​ជួយ​ក្នុង​ការ​សម្រាល​កូន​ពិត​មែន។ ការ​អនុវត្ត​ដក​ដង្ហើម​មុន​ពេល​សម្រាល ​អាច​ជួយ​ឲ្យ​ស្បូន​ឆាប់​កន្ត្រាក់ និង​អាច​ជួយ​ឲ្យយើង​មាន​ភាព​ស្ងប់​ស្ងាត់ ​នៅ​ពេល​ឈឺ​ពោះ។ ​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ដក​ដង្ហើម​ប្រចាំ​ថ្ងៃ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ស្ងាត់​បាន។ ការ​ធ្វើ​យ៉ូហ្កា ​ក៏​ជា​ជម្រើស​ដ៏​ល្អ​មួយ​ក្នុងការ​ត្រៀម​ខ្លួនសម្រាលដែរ។ ​ព្យាយាម​ដក​ដង្ហើម​ដោយ​មាត់ និង​បើក​បំពង់​ក​ឲ្យ​ធំ​ដើម្បី​ឲ្យ​រាង​កាយ និង​ផ្លូវ​ចិត្តទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ពេល​សម្រាល។

អត្ថបទពាក់ព័ន្ធ៖

៤- អាថ៌កំបាំងទី ៤ – ការធ្វើចលនាដើម្បីជួយដល់ការសម្រាល

យើង​តែង​ឃើញ​គេ​សម្រាល​កូន​ដោយ​គេង​នៅ​លើគ្រែ ប៉ុន្តែ​តាម​ពិត​ទៅ​ វា​មិន​មែន​ជា​ទម្រង់​ដែល​ល្អ​សម្រាប់​ម្តាយនិង​កូន​ឡើយ។ ការ​ដើរ​ជុំវិញ ឬ​ឈរ​ អាច​មាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ទាំង​ម្តាយ​និង​កូន។ ការ​ធ្វើ​ចលនា ​មាន​តួនាទី​សំខាន់​​​ និង​​ជួយ​សម្រួល​ដល់​ការ​ឈឺ​ចាប់។

ម្តាយ​គួរ​​ឈរ​ឲ្យ​ត្រង់​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រួល និង​បន្ធូរ​បន្ថយ​នូវ​ការ​ឈឺចាប់​នៅ​ពេល​ដែល​ស្បូន​កន្ត្រាក់​ម្តង​ៗ។ ការ​ឈរ​មាន​ដូច​ជា ឈរ​ត្រង់ ឈរ​ផ្អៀង​ទៅ​មុខ អង្គុយ​បញ្ឈរ​ជើង​ម្ខាង និង​ដេក​ចំហៀង។ ជំហរ​ទាំង​នេះ​អាច​ប្រើ​ក្នុង​ដំណាក់កាល​ទី១ និង​ទី ២ នៃ​ការ​ឈឺ​ពោះសម្រាល​កូន​បាន។ ជំហរ​ដែល​សម​ស្រប​ អាស្រ័យ​ទៅ​លើ​ស្ថានភាព​សុខភាព​របស់​ម៉ាក់ៗ បូករួម​ទាំង​ការ​​​ណែនាំ​របស់​វេជ្ជបណ្ឌិត។

៥- អាថ៌កំបាំងទី ៥ – ជាវិញក្នុងពេលខ្លី

ការ​សម្រាល​កូន​តាម​ធម្មជាតិ ជា​ពេល​វេលា​ដ៏​វែង​ដែល​អាច​ធ្វើ​ឲ្យ​​អស់​កម្លាំង និង​ពិបាក​ខ្លាំង។ អត្ថ​ប្រយោជន៍​ដ៏​ល្អ​បំផុត​នៃ​ការ​សម្រាលកូនតាម​ធម្មជាតិ​​នោះ​ គឺ​ការ​ជា​សះស្បើយ​វិញ​ក្នុង​រយៈពេល​ខ្លី។ រាង​កាយនឹង​អាច​រក​ឃើញ​នូវ​វិធី​ខ្លួន​ឯង​ក្នុង​ការ​ឲ្យ​ខ្លួនយើង​ជា​សះ​ស្បើយ​វិញ ​ចន្លោះ​ពី ២៤ ទៅ ៤៨ ម៉ោង​ ហើយ​យើង​ក៏​អាច​ចាក​ចេញ​ពី​មន្ទីរពេទ្យ​បាន​ឆាប់​ជាង​ការ​រំពឹង​ទុក​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 26, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 26, 2019

ប្រភព
អ្នកអាចចូលចិត្ត