ក្រោយសម្រាលកូន ៤២ ថ្ងៃ គ្រូពេទ្យណាត់ឲ្យទៅជួបដើម្បីអ្វី?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

សម្រាល​កូន​រួច​បាន ៤២ ថ្ងៃ ម៉ាក់​ៗ​នឹង​ត្រូវ​ត្រឡប់​ទៅ​មន្ទីរពេទ្យ​ម្ដង​ទៀត​តាម​ការ​ណាត់​របស់​គ្រូពេទ្យ។ អ្នក​ខ្លះ​ឆ្ងល់​ថា តើ​ការ​ទៅ​ជួប​គ្រូពេទ្យ​ម្ដង​ទៀត​នោះ ដើម្បី​អ្វី​ទៅ? ​អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល នឹង​បកស្រាយចម្ងល់​ដូច​ខាងក្រោម។

ការ​កំណត់​នេះ គឺ​ត្រូវ​នឹង​ពេលវេលា​ដែល​រាងកាយ​ស្រស់បស់​ឡើង​វិញ និង​រឿង​ចាំបាច់​ត្រូវពិនិត្យ​មើល​ស្បូន ថាត្រឡប់​មក​សភាព​ធម្មតា​វិញ ឬ​នៅ។ បន្ថែម​ពី​នោះ គឺ​ដើម្បី​ចង់​ដឹង​មុខ​របួស​កើត​ឡើង​ក្រោយ​ពេល​សម្រាល សះស្បើយ​ហើយ ឬ​នៅ និង​មាន​ស្លាកស្នាម ឬ​ក​ខ្ទុះ​អ្វី​ទៀត​អត់(សម្រាល​ដោយ​វះកាត់)។

ក្រៅ​ពី​នោះ គ្រូពេទ្យ​ក៏​បាន​ពិភាក្សា​ជាមួយ​ម៉ាក់​ៗ​ពី​របប​អាហារ​ប្រចាំថ្ងៃ​ថា​បាន​ញ៉ាំ​តាម​អ្វី​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​មាន​ទាំង ត្រី សាច់ ផ្លែឈើ ទឹកដោះគោ បន្លែ ផ្លែឈើ ដែល​ល្អ​ចំពោះ​ខ្លួនឯង និង​កូន ដែរ​ឬ​ទេ​។ មួយ​វិញ​ទៀត​សាកសួរ​ពី​ការ​សម្រាក​របស់​ម៉ាក់​ៗ ថា​តើ​គេង​គ្រប់គ្រាន់​អត់។

អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួចសុខភាពនឹងល្អដូចដើម បើម៉ាក់ៗធ្វើរឿងទាំងនេះបាន

សម្រាលកូន

រឿង​សំខាន់​មួយ​ទៀត​ដែល​ម៉ាក់​ៗ​ទទួល​បាន​ពី​ការ​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់ គឺ​ពិគ្រោះ​ពី​បញ្ហា​ជ្រើសរើស​វិធី​ពន្យារ​កំណើត​ណា​មួយ​ដែល​ស័ក្ដិសម ព្រោះ​វា​ក៏​ជា​ពេល​ដែល​ប្ដី​ប្រពន្ធ​អាច​រស់នៅជាមួយគ្នាឡើង​វិញ និង​ជា​ពេល​ដែល​មាន​ការ​បង្ក​កំណើត​ជា​ថ្មី ប្រសិនបើ​មិន​បាន​ការពារ​ទុក​ជា​មុន។ ជា​ធម្មតា គ្រូពេទ្យ​មិន​ចង់​ឲ្យ​ស្ត្រី​ទើប​សម្រាល​កូន មាន​ផ្ទៃពោះ​កូន​បន្ទាប់ឆាប់​ពេកទេ ​យ៉ាងហោចណាស់​ក៏​ត្រូវការ​ពេល ៣ ឆ្នាំ​ដែរ​ ទើប​សុខភាព​ស្ត្រី​ល្អ​ឡើង​វិញ​ពេញ​បរិបូរណ៍។

ចំពោះ​ស្ត្រី​បំបៅ​កូន​ដោយ​ទឹកដោះ គ្រូពេទ្យ​នឹង​ពិនិត្យ​រក​មើល តើ​ថា​មាន​បញ្ហា​មិន​ប្រក្រតី​អ្វី​មួយ​ឬ​ទេ​ដូចជា​មាន​ដុំ​រឹង ឬ​មាន​ដំបៅ​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 9, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 9, 2019

អ្នកអាចចូលចិត្ត