បុរសជនជាតិឥណ្ឌូនេស៊ី២នាក់ ដឹងថាមាន COVID-19 ហេតុអីឆ្លងពីថៃមកខ្មែរបាន?

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន លើ​ករណី​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​២នាក់ ដឹង​ថា​ឆ្លង COVID-19 នៅ​ថៃ​ហើយ ហេតុអី​បាន​ឆ្លង​មក​ខ្មែរ​បាន? លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បកស្រាយ​ថា ជន​ជាតិ​ឥណ្ឌូនេស៊ី​ទាំង​២នាក់​នោះ មិន​មាន​ថវិកា​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​ពេល​មក​ដល់​ខ្មែរ​ក៏​គ្មាន​រោគ​សញ្ញា​អី​គួរ​ឲ្យ​សង្ស័យ។

“ជនជាតិ​ឥណ្ឌូនេស៊ី​បាន​មើល​នៅ​មន្ទីរពេទ្យ​ផាយ៉ាថៃ ប្រទេស​ថៃ ដល់​ពិនិត្យ​នៅ​ណុងទៅ​គេ​ធ្វើ​តេស្ត​ថា វិជ្ជមាន COVID-19។ ប៉ុន្តែ​ដូច​យើង​ដឹង​ហើយ ថៃ​មិនមែន​មើល​ទទេ​ទេ Charge លុយ ខ្ញុំ​មិន​ដឹង​ថា Charge លុយ​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​ឮ​ហើយ ការ​ប្រកាសរបស់ថៃ ជន​បរទេស​ហ្នឹង​ទាល់​តែ​មាន Health insurance ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ឯណោះ បាន​ឲ្យ​ចូល​ស្រុក​ថៃ”

ម្យ៉ាង​ដោយសារ​តែ​ស្រុក​ខ្មែរ​មើល​ជំងឺ COVID-19 ដោយ​មិនយក​លុយ អ៊ីចឹង​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំង​នោះ​ក៏​ធ្វើ​ដំណើរ​មក​កម្ពុជា។ ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា បុរស​ឥណ្ឌូនេស៊ី​ទាំង​២​នាក់​នោះ មិន​មាន​រោគ​សញ្ញា​អីទេ ក្រុម​គ្រូពេទ្យ​ស្កេន​ធម្មតា តែ​អត់​មានឡើង​កម្តៅ​អី​ទេ។ នេះ​ជា​ការ​អះអាង​បន្ថែម​របស់​លោកជំទាវ​អ្នក​នាំពាក្យ ក្រសួងសុ​ខាភិបាល។

ចំពោះ​មធ្យោបាយ​ធ្វើ​ដំណើរ​វិញ បុរស​ឥណ្ឌូនេស៊ី​បាន​ជួល​ឡាន​តាក់ស៊ី​មួយ​ជិះ​ដាច់​តែ​ឯង​មក​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត។ ពេល​មក​ដល់​ខេត្ត​សៀមរាប ជនជាតិ​ឥណ្ឌូនេស៊ី​រូប​នោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បន្ទាប់​ពី​ពេទ្យ​សួរ​នាំ បុរស​នោះ​ប្រាប់ថា លោក​បាន​តេស្ត​វិជ្ជមាន COVID-19 នៅ​ថៃ។ លទ្ធផល​តេស្ត​សាជាថ្មី​បុរស​នោះ ពិត​ជា​វិជ្ជមាន​ទាំង​២នាក់​មែន។

បច្ចុប្បន្ន​បុរសជនជាតិ​ឥណ្ឌូនេស៊ី​ទាំង​២នាក់​នោះ ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។ ដោយ​ឡែក​អ្នក​បើកប​រតាក់ស៊ី​ឲ្យ​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំង​២នាក់ បាន​ធ្វើ​តេស្ត COVID-19 រួច​រាល់​ដែរ តែ​កំពុង​រង់ចាំ​លទ្ធផល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 27, 2020

អ្នកអាចចូលចិត្ត