របបអាហារគឺសំខាន់ណាស់សម្រាប់សុខភាព។ ប៉ុន្តែបើយើងជ្រើសរើសញ៉ាំអាហារខុស ពេលយើងពោះទទេក៏អាចប៉ះពាល់ដល់សុខភាពដែរ។ តើអាហារណាខ្លះអាចញ៉ាំពេលពោះទទេ និងអាហារណាខ្លះគួរចៀសវាងពេលពោះទទេ?
អាហារអាចញ៉ាំពេលពោះទទេ
១. គ្រាប់អាល់ម៉ុន
យើងអាចញ៉ាំគ្រាប់អាល់ម៉ុងពេលពោះទទេបាន ប៉ុន្តែយកល្អគួរត្រាំទឹកជាមុនសិនដើម្បីយកសំបកចេញ ព្រោះសំបកមានផ្ទុកសារធាតុ tanin ដែលជាអង់ស៊ីមរារាំងការស្រូបយកសារធាតុចិញ្ចឹម។
២. ផ្លែឈើ
ផ្លែឈើដែលល្អសម្រាប់ពោះទទេគឺពពួកផ្លែឈើដែលមានជាតិសរសៃច្រើនដោយពពួកផ្លែឈើនេះផ្តល់នូវ fructose ដែលយើងត្រូវការដើម្បីទទួលបានថាមពល និងកាឡូរី។ ផ្លែឈើទាំងនោះមានដូចជាផ្លែឪឡឹក ល្ហុង ត្របែក ស្វាយទុំ ទទឹម និងចេក។
៣. គ្រាប់ជីរ
គ្រាប់ជីរគឺជាជម្រើសដ៏ល្អសម្រាប់ញ៉ាំពេលពោះទទេ។ យើងអាចត្រាំគ្រាប់ជីរមួយស្លាបព្រាកាហ្វេចោលតាំងពីយប់មុននឹងញ៉ាំ។
៤. ផ្លែល្មើរ
ផ្លែល្មើរផ្តល់ថាមពលដែលយើងត្រូវការពេញមួយថ្ងៃ។ ផ្លែនេះសម្បូរដោយកាឡូរី និងសារធាតុចិញ្ចឹមផ្សេងៗ ហើយក៏ល្អសម្រាប់ក្រពះពោះវៀនដែរ។ នេះក៏មកពីផ្លែល្មើរមានជាតិសរសៃរលាយច្រើនដែលសម្រួលដល់ការទល់លាមក រាករូស និងអាការៈហើមពោះ។
៥. ស៊ុត
ស៊ុតមានអាស៊ីដខ្លាញ់អូមេហ្គា៣ និងវីតាមីន B12 ដែលជួយដល់ការធ្វើមេតាបូលីស និងជួយឲ្យយើងឆ្អែតបានយូរនៅពេលយើងញ៉ាំស៊ុតពេលពោះទទេ។ ស៊ុតក៏សម្បូរកាឡូរី និងប្រូតេអ៊ីនដែលយើងត្រូវការសម្រាប់ហាត់ប្រាណដែរ។
៦. ផ្លែឪឡឹក
ផ្លែឪឡឹកផ្តល់អេឡិចត្រូលីត្រច្រើនដែលជួយបំពេញជាតិទឹកដល់រាងកាយ។ ក្រៅពីនេះ ផ្លែឪឡឹកមានកាឡូរីទាប និងផ្តល់ស្ករធម្មជាតិដែលល្អសម្រាប់សុខភាព។ ម៉្យាងទៀត ផ្លែនេះមានជាតិទឹករហូតដល់៩០%ដែលល្អសម្រាប់ការបញ្ចេញជាតិពុលពីរាងកាយ និងជួយដល់សុខភាពពោះវៀន។
៧. ទឹកឃ្មុំ និងក្រូចឆ្មារ
ទឹកឃ្មុំមានសារធាតុប្រឆាំងបាក់តេរី ខណៈទឹកក្រូចឆ្មារបន្សាបជាតិពុលក្នុងសរីរាង្គ។ ការផឹកទឹកឃ្មុំ និងទឹកក្រូចឆ្មារអាចជួយពង្រឹងការធ្វើមេតាបូលីស បន្ថែមថាមពល និងការរំលាយអាហារ។ នេះជាភេសជ្ជៈដ៏ល្អពេលពោះទទេ និងពេលឆ្លងជំងឺផ្ដាសាយដោយគ្រាន់តែផឹកជាមួយទឹកក្ដៅឧណ្ហៗ។
អាហារគួរចៀសវាងពេលពោះទទេ
១. បន្លែឆៅ
បន្លែឆៅគឺមានជាតិសរសៃមិនរលាយច្រើនដែលអាចបង្កឲ្យមានបញ្ហាផ្សេងៗដូចជាពិបាកក្នុងការរំលាយអាហារ ហើមពោះ និងទល់លាមកជាដើមនៅពេលយើងញ៉ាំពេលពោះទទេ។ យើងមិនអាចញ៉ាំបន្លែឆៅពេលពោះទទេបាន។
២. ផ្លែប៉េងប៉ោះ
ទោះបីផ្លែប៉េងប៉ោះមានសារធាតុ lycopene ដែលល្អសម្រាប់សុខភាព ប៉ុន្តែផ្លែប៉េងប៉ោះមិនមែនជាជម្រើសល្អសម្រាប់ញ៉ាំពេលពោះទទេទេ។ នេះមកពីសារធាតុ astringent ដែលមានប្រតិកម្មជាមួយនឹងអាស៊ីដក្រពះ និងអាចបង្កឲ្យមានការរលាក និងភាពមិនស្រួលក្នុងក្រពះ។
៣. ពពួកផ្លែក្រូច
ពពួកផ្លែក្រូចគឺមិនល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមព្រោះអាចបង្កើនកម្រិតជាតិស្ករក្នុងឈាមបាននៅពេលញ៉ាំពេលពោះទទេ។ ម៉្យាងទៀតផ្លែនេះមានជាតិអាស៊ីដដែលអាចធ្វើឲ្យរលាកក្រពះនៅពេលមានប្រតិកម្មជាមួយនឹងទឹកក្រពះ។ បន្ថែមពីនេះទៀត ផ្លែក្រូចអាចបង្កឲ្យក្រហាយទ្រូង និងបញ្ហាក្រពះ។
៤. ភេសជ្ជៈមានជាតិកាបូណា
ភេសជ្ជៈ ជាគ្រឿកំប៉ុង មួយចំនួនមានបន្ថែមជាតិស្ករដែលយើងគួរចៀសវាងនៅពេលព្រឹក ហើយក៏មានកាឡូរីខ្ពស់ដែលអាចបណ្ដាលឲ្យហើមពោះ និងមិនស្រួលក្នុងពោះ។
៥. ម្ទេស
ម្ទេស ឬអាហារដែលមានជាតិហឹរគួរចៀសវាងនៅពេលពោះទទេព្រោះអាចធ្វើឲ្យរលាកក្រពះស្រទាប់ខាងលើ ឈឺមួល និងប្រតិកម្មអាស៊ីដ។
៦. កាហ្វេ
កាហ្វេអាចបង្កើនការផលិតអាស៊ីដ hydrochloric ក្នុងក្រពះបានដែលអាចបណ្ដាលឲ្យមានបញ្ហាក្រពះ និងការរំលាយអាហារ។ ជាតិកាហ្វេអ៊ីនដែលមានក្នុងកាហ្វេអាចស្ថិតក្នុងរាងកាយរយៈពេល ៥ទៅ៦ម៉ោងដែលអាចប៉ះពាល់ដល់ការផ្ចង់អារម្មណ៍បានពេលផឹកនៅពេលពោះទទេ។
អត្ថបទពាក់ព័ន្ធ៖
- រឿងទាំងនេះ មិនគួរធ្វើទេ បើមិនទាន់ញ៉ាំអី (ពោះទទេ)
- ពេលពោះទទេ ដាច់ខាតមិនគួរញ៉ាំអាហារទាំងនេះទេ
- អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង
- អាហារព្រឹកល្អបំផុតចំពោះសុខភាព ប៉ុន្តែមនុស្សតិចណាស់ដឹង
- អត់ញ៉ាំអាហារព្រឹក អាចស្លាប់ដោយសារជំងឺបេះដូង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]