backup og meta

អាហារ ៦ប្រភេទនេះ ល្អខ្លាំង​សម្រាប់​សុខភាព​ខួរក្បាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 08, 2021

អាហារ ៦ប្រភេទនេះ ល្អខ្លាំង​សម្រាប់​សុខភាព​ខួរក្បាល

ខួរ​ក្បាល​គឺ​ជា​មណ្ឌល​កណ្ដាល​មួយ​នៃ​រាង​កាយ មាន​នាទី​គ្រប់​គ្រង​ដំណើរ​ការ​បេះ​ដូង សួត ​ចលនា​របស់​រាង​កាយ អារម្មណ៍ និង​ការ​គិត​។ ដោយ​សារ​តែ​ខួរ​ក្បាល​មាន​ភារកិច្ច​ច្រើន​បែប​នេះ​ហើយ ទើប​ជា​ការ​ល្អ ដែល​យើង​ត្រូវ​ថែរក្សា​សុខ​ភាព​ខួរ​ក្បាល​ឲ្យ​នៅ​ល្អ។

អាហារ​មួយ​ចំនួន​ជួយ​ឲ្យ​ខួរ​ក្បាល​យើង​ដំណើរ​ការ​បាន​ល្អ និង​បង្កើន​​ការ​ចង​ចាំ​ទៀត​ផង។ តើ​អាហារ​អ្វីខ្លះ?

១. កាហ្វេ​

បើ​យើង​ជា​អ្នក​ផឹក​កាហ្វេ វា​ជា​ដំណឹង​ល្អ​មួយ​ដែល​ថា​កាហ្វេ​មាន​ប្រយោជន៍​ដល់​សុខភាព​ខួរ​ក្បាល​របស់​យើង។ កាហ្វេ​មាន​សារធាតុពីរ​យ៉ាង​សំខាន់ មួយ​គឺកាហ្វេអ៊ីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​សុទ្ធ​តែ​មាន​ប្រយោជន៍​ជួយ​ដល់​ខួរ​ក្បាល​របស់​យើង​។

ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​កាហ្វេ​ ជួយ​ឲ្យ​យើង​មាន​ស្មារតី​ស្វាហាប់ ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ និង​បង្កើន​ការ​ផ្ចង់​អារម្មណ៍​ទៀត​ផង។ ដូច​គ្នា​ដែរ ការ​ផឹក​កាហ្វេ​ជា​ប្រចាំ និង​ក្នុង​រយៈពេល​យូរ ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ផង​ដែរ​។

២. រមៀត

​​និយាយ​ដល់​គ្រឿង​ការី​មួយ​មុខ​នេះ​វិញ ក៏​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ខួរ​ក្បាល​ដូច​គ្នា។ Curcuminជា​សារធាតុ​សកម្ម​មួយ​នៅ​ក្នុង​រមៀត ដែល​អាច​ចូល​ទៅ​ដល់​កោសិកា​ខួរ​ក្បាល​បាន​ដោយ​ផ្ទាល់​។ រមៀត មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក និង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ដែល​អាច​​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ខួរ​ក្បាល រួម​មាន​អាច​ជួយ​បង្កើន​ការ​ចង​ចាំ អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ផ្លូវ​ចិត្ត និង​ជួយ​ដល់​ការ​លូត​លាស់​កោសិកា​ថ្មីៗ​របស់​ខួរ​ក្បាល​។

អាហារ​ខួរក្បាល

៣​. ​ខាត់​ណា​ខៀវ

ងាក​មក​ខាត់ណា​ខៀវ​ឯណេះ​វិញ ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ និង​​សប្បូរ​​វីតាមីន K ផង​ដែរ​។ វីតាមីនK មាន​សារសំខាន់​ខ្លាំង​ដល់​ខ្លាញ់​ម្យ៉ាង​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​ ដែល​ជួយ​ឲ្យ​មាន​ការ​ចង​ចាំ​ល្អ​។​

ដូច​គ្នា​ដែរ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំង​ការ​រលាក ក្នុង​ខាត់ណាខៀវ ក៏​ជួយ​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​កោសិកា​ខួរក្បាល​ផង​ដែរ​។

៤. គ្រាប់​ល្ពៅ​

គ្រាប់​ល្ពៅ​មិន​ត្រឹម​តែ​ជា​អាហារ​សម្រន់​ឆ្ងាញ់​ជាប់​មាត់​ប៉ុណ្ណោះទេ តែ​វា​ក៏​ជា​អាហារ​មាន​ផ្ទុក​សារធាតុ​រ៉ែ និង​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង។ សារធាតុ​រ៉ែ​នៅ​ក្នុង​គ្រាប់​ល្ពៅ​មាន​ដូច​ជា​ដែក ស័ង្កសី ទង់ដែង និង​ម៉ាញ៉េស្យូម។ ជាតិ​រ៉ែ​ទាំង​នេះ មាន​ប្រយោជន៍​ជំនួយ​ដល់​ការ​ចង​ចាំ និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ផង​ដែរ​។

៥. ផ្លែ​ក្រូច

គ្រាន់​តែ​ញ៉ាំ​ក្រូច​មួយ​ផ្លែ​ក្នុង​ទំហំ​ធំ​ល្មម យើង​អាច​ទទួល​បាន​វីតាមីន​C ដែល​យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​បាន​ដែរ​។ វីតាមីន C ដើរ​តួ​សំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​ការ​ធ្លាក់​ចុះ​នៃ​ការ​ចង​ចាំ​។

ការ​ទទួល​បាន​វីតាមីន​C គ្រប់​គ្រាន់​មាន​ប្រយោជន៍​ក្នុង​ការ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​ការ​ចង​ចាំ​ទៅ​តាម​វ័យ​ និង​ជំងឺ​ចាស់​វង្វេង​ទៀត​ផង​។

​ដូច​គ្នា​ដែរ វីតាមីន C ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ក៏​ខ្លាំង អាច​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ដែល​អាច​ជួយ​ការពារ​ការ​ខូច​ខាត​កោសិកា​ខួរ​ក្បាល។ ពិសេស​វីតាមីន C ជួយ​ដល់​ខួរ​ក្បាល​មនុស្ស​វ័យ​ចំណាស់​ផង​ដែរ​។​

៦. ស៊ុត

ស៊ុត​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ​ដែល​ទាក់ទង​នឹង​សុខភាព​ខួរ​ក្បាល រួម​មាន​វីតាមីនB6 B12 ហ្វូឡេត និង​choline។ Choline មាន​ប្រ​យោជន៍​ក្នុង​ការ​ជួយ​គ្រប់​គ្រង​អារម្មណ៍ និង​ការ​ចង​ចាំ​។ ក្រៅ​ពី​នេះ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ស៊ុត ក៏​ជួយ​ពន្យឺត​ការ​ធ្លាក់​ចុះ​នៃ​ការ​ចង​ចាំ​នៅ​ពេល​វ័យ​កាន់​តែ​ចាស់​ផង​ដែរ​។

​អាហារ​ដែល​បាន​រៀប​រាប់​ខាង​លើ គឺ​មាន​ប្រ​យោជន៍​ដល់​ខួរ​ក្បាល ស្មារតី និង​ការ​ចងចាំ។ ជា​ការណ៍​ល្អ គ្នា​យើង​ចង់​ឲ្យ​ខួរ​ក្បាល​មាន​សុខ​ភាព​ល្អ កុំ​ភ្លេច​ដាក់​អាហារ​​ទាំង​នេះ​ចូល​ក្នុង​របប​អាហារ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 08, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម