លោកបានបន្តថា ជាធម្មតាសត្វទាំងនោះពេលចាប់បាន វាបិទមាត់ ហើយពេលយកទៅស្រុះទើបហើបមាត់ ដូចនេះមានអៀន ព្រូន តេនញ៉ាខ្លះចេញ និងខ្លះទៀតក៏មិនចេញដែរ។ បើជាលៀសវិញខ្លះវិញមិនបានចម្អិនឡើយ គ្រាន់តែហាលថ្ងៃ ប្រឡាក់អំបិលម្ទេស ពងព្រូន ពងតេនញ៉ាដែលរស់នៅក្នុងសត្វទាំងនោះវាមិនងាប់ឡើយ ព្រោះពពួកប៉ារ៉ាស៊ីតទាំងនេះត្រូវប្រើកម្ដៅរាប់រយអង្សាសេរដោយដាំទឹកឲ្យពុះ ១៥ នាទី។
វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានបន្ថែមថា នៅពេលដែលព្រូន អៀន ឬតេនញ៉ាឆ្លងចូលទៅ វានឹងរស់នៅក្នុងពោះយើង ហើយអាចបង្កឲ្យមានរោគសញ្ញាដូចជា ឈឺពោះ ស្គម ស្លេកស្លាំង ជួនកាលរាក ឬទល់លាមក។ នៅពេលវាផ្ដាច់ចេញជាកង់ៗ រួចធ្លាក់មកទំខោទ្រនាប់ ធ្វើឲ្យយើងមានជំងឺរមាស់គូទ។ មានកូនតេនញ៉ាខ្លះធ្វើចលនាចូលទៅដល់ខួរក្បាល វាមានរោគសញ្ញាធ្វើឲ្យយើងមានជំងឺប្រកាច់ ឬមានលក្ខណៈស្រដៀងនឹងមនុស្សមានជំងឺឆ្កួតជ្រូក។ បើវាបន្តនៅក្នុងពោះវៀន សារជាតិទាំងប៉ុន្មានដែលមានសារសំខាន់ជួយទ្រទ្រង់រាងកាយ តេនញ៉ានឹងស្រូបយកសារធាតុទាំងអស់នោះ ធ្វើឲ្យសុខភាពមានការចុះខ្សោយ និងស្គមរីងរៃ។