ច្រើនឆ្នាំមកហើយ មានពាក្យចចាមអារ៉ាមជាច្រើន ពាក់ព័ន្ធរឿងញ៉ាំប៊ីចេង ភាគច្រើនថាពុកឆ្អឹង ប៉ុន្តែរឿងនេះមិនមែនការពិតទេ ព្រោះវិទ្យាសាស្ត្ររកមិនឃើញភស្តុតាងបញ្ជាក់រឿងនេះនៅឡើយ។ ទោះមិនបង្កឲ្យពុកឆ្អឹង ប៊ីចេងអាចបង្កឲ្យមានជំងឺផ្សេងៗជាច្រើន ហើយគ្រឿងផ្សំក្នុងអាហារមួយចំនួនទៀត ក៏អាចប៉ះពាល់សុខភាពយើង។ “Hello គ្រូពេទ្យ” នឹងលើកយកគ្រឿងផ្សំរសជាតិមួយចំនួន អាចប៉ះពាល់សុខភាពធ្ងន់ធ្ងរមកបង្ហាញឲ្យយើងដឹង។
១- គ្រោះថ្នាក់បង្កដោយសារធាតុបន្ថែមក្នុងអាហារ
គ្រឿងបន្ថែមរសជាតិ និងគ្រឿងរក្សាគុណភាព ទាក់ទងនឹងបញ្ហាសុខភាពផ្សេងៗ ដោយការសិក្សាដំបូងបានរកឃើញជំងឺកាចហាសាវជាច្រើនទៅលើសត្វ និងប្រតិកម្មផ្សេងលើមនុស្ស ដូចជា៖
– មហារីកលើពពួកសត្វកកេរ (នៅក្នុងមន្ទីរពិសោធន៍)។
– សារធាតុគីមី ដូចជា សារធាតុសុលហ្វីត (Sulfites) នីទ្រីត (Nitrites) និងនីត្រាត (Nitrates) ក្នុងសារធាតុរក្សាគុណភាព ប្រើដើម្បីការពារកុំឲ្យសាច់សត្វផ្លាស់ប្ដូរពណ៌ អាចបង្កជាជំងឺហឺត និងប្រតិកម្មអាលែកហ្ស៊ី ហើយត្រូវចាត់ទុកជាសារធាតុបន្ថែមក្នុងអាហារអាក្រក់បំផុត។
– គ្រឿងបន្ថែមរសជាតិ និងគ្រឿងរក្សាគុណភាព បង្កឲ្យមានរោគសញ្ញាលើពោះវៀន ដូចជា ចង្អោរ និងរាក អាចជាផ្នែកមួយនៃប្រតិកម្មអាលែកហ្ស៊ី។
– សារធាតុស្ករសិប្បនិម្មិត បង្កឲ្យមានការសម្រាលកូនមុនកំណត់។ នេះបើយោងតាមការសិក្សារបស់ប្រទេសដាណឺម៉ាកនៅឆ្នាំ២០១០ និងការសិក្សារបស់ប្រទេសន័រវែស ឆ្នាំ២០១២។