ការ៉ុតជាបន្លែមួយដែលសម្បូរដោយវីតាមីន រ៉ែ សារធាតុចិញ្ចឹម និងជាតិសរសៃ។ ការផឹកទឹកការ៉ុត ទទួលបានប្រយោជន៍ដល់សុខភាពជាច្រើន។
ត្រួតពិនិត្យដោយ ទូច សុខា
ការ៉ុតជាបន្លែមួយដែលសម្បូរដោយវីតាមីន រ៉ែ សារធាតុចិញ្ចឹម និងជាតិសរសៃ។ ការផឹកទឹកការ៉ុត ទទួលបានប្រយោជន៍ដល់សុខភាពជាច្រើន។
ទឹកការ៉ុតមានកាឡូរី និងធ្វើឲ្យឆាប់ឆ្អែត ដូចនេះការផឹកទឹកការ៉ុតជំនួសឲ្យទឺកសូដា និងភេសជ្ជៈមានជាតិស្ករផ្សេងទៀតអាចជួយដល់ការសម្រកទម្ងន់។ ទឹកការ៉ុតនេះក៏បង្កើនទឹកប្រមាត់ដែលជួយជំរុញការធ្វើមេតាបូលីសដែរ។
មនុស្សជាច្រើនតែងនិយាយថាការ៉ុតល្អសម្រាប់ភ្នែក ហើយនេះជាការពិត។ ទឹកការ៉ុតគឺប្រភពដ៏ល្អសម្រាប់សារធាតុ Beta-carotene ដែលជាប្រភេទវីតាមីន A និងជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ វីតាមីន A ជួយការពារផ្ទៃខាងលើនៃភ្នែក និងជួយដល់គំហើញផងដែរ។ ម៉្យាងទៀត ការផឹកទឹកការ៉ុតអាចជៀសផុតពីជំងឺភ្នែកផ្សេងៗដូចជា ជំងឺMacular degeneration (ជាបញ្ហាជំងឺភ្នែកម្យ៉ាងដែលធ្វើឲ្យមើលមិនឃើញនៅចំកណ្ដាល) ជំងឺភ្នែកឡើងបាយ និងបាត់បង់គំហើញ។ ការ៉ុតក៏មានផ្ទុកសារធាតុ lutein ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភ្នែកពីការខូចខាតដោយសារពន្លឺ។
ប្រសិនជាយើងធ្លាប់មានបញ្ហាស្បែកដូចជាឡើងកន្ទួលក្រហម ការផឹកទឹកការ៉ុតអាចជួយដល់ស្បែកបាន។ ការ៉ុតមានវីតាមីន C អាចជួយឲ្យស្បែកជាពីរបួសលឿន និងសារធាតុ Beta-carotene ក្នុងការ៉ុតក៏កាត់បន្ថយការរលាកស្បែកដែរ។
ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយរាងកាយប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ យើងគួរបន្ថែមទឹកការ៉ុតទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ការ៉ុតមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរាងកាយប្រឆាំងនឹងពពួករ៉ាឌីកាល់សេរី ការខូចខាតកោសិកា និងការរលាក។ រីឯវីតាមីន C ក្នុងទឹកការ៉ុតក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំដែរ។
ប្រសិនជាយើងចង់គ្រប់គ្រងកម្រិតកូលេស្តេរ៉ូលដោយមិនប្រើថ្នាំ យើងអាចបន្ថែមទឹកការ៉ុតក្នុងរបបអាហាររបស់យើង។ នេះមកពីទឹកការ៉ុតមានផ្ទុកប៉ូតាស្យូមដែលជួយរក្សាកម្រិតកូលេស្តេរ៉ូលដែលល្អសម្រាប់សុខភាព។ ការបញ្ចុះកម្រិតកូលេស្តេរ៉ូលអាចបន្ថយហានិភ័យជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ តែនេះមិនមែនមានន័យថាយើងអាចប្រើទឹកការ៉ុតជំនួសថ្នាំដែលគ្រូពេទ្យផ្ដល់ឲ្យនោះទេ យើងគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងឈប់ប្រើថ្នាំដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើ។
ការសិក្សាមួយបានសិក្សាពីឥទ្ធិពលទឹកការ៉ុតទៅលើកោសិកាមហារីកគ្រាប់ឈាម និងឃើញថាទឹកការ៉ុតធ្វើឲ្យកោសិកាមហារីកគ្រាប់ឈាមខូចខាត និងបញ្ឈប់វដ្ដរបស់កោសិកាមហារីកនេះដែរ។ ទោះបីជាទឹកការ៉ុតមិនអាចក្លាយជាថ្នាំព្យាបាលជំងឺមហារីកគ្រាប់ឈាមបាន តែការបន្ថែមទឹកការ៉ុតក្នុងរបបអាហារជាជម្រើសល្អសម្រាប់អ្នកមានជំងឺនេះ។
ការសិក្សាមួយទៀតអ្នកវិទ្យាសាស្ត្របានសិក្សាពីឥទ្ធិពលសារធាតុ carotenoids ក្នុងទឹកការ៉ុត និងបានឲ្យដឹងថាកម្រិតសារធាតុ carotenoids ខ្ពស់ក្នុងទឹកការ៉ុតក្នុងឈាមអាចបន្ថយហានិភ័យការលាប់ឡើងវិញនៃជំងឺមហារីកសុដន់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា