១. គ្រប់គ្រងការរលាក
ការរលាកមិនមែនសុទ្ធតែអាក្រក់ទេ។ តាមពិតទៅរាងកាយរបស់យើងពឹងផ្អែកលើការឆ្លើយតបទៅនឹងការរលាកដើម្បីការពារការឆ្លងរោគ និងជួយដល់ការជាសះស្បើយឲ្យកាន់តែលឿន។ ការរលាកស្រាលគឺជារឿងធម្មតានៃការឆ្លើយតបទៅនឹងរបួស ឬការឆ្លងជំងឺអ្វីមួយ។ យ៉ាងណាមិញ ការរលាករ៉ាំរ៉ៃអាចបង្កជំងឺផ្សេងៗដូចជាជំងឺបេះដូង ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺរលាកពោះវៀន។ ស្ពៃក្ដោបមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដែលអាចកាត់បន្ថយការរលាករ៉ាំរ៉ៃបាន។ ការសិក្សាមួយដែលមានអ្នកចូលរួមជាង១ ០០០នាក់បង្ហាញថាអ្នកដែលញ៉ាំស្ពៃក្ដោបក្នុងបរិមាណច្រើនបានបញ្ចុះកម្រិតការរលាកបានច្រើនបើធៀបនឹងអ្នកញ៉ាំស្ពៃក្ដោបតិចតួច។
២. សម្បូរដោយវីតាមីន C
វីតាមីន C ត្រូវបានស្គាល់ថាជាអាស៊ីដ ascorbic ដែលជាវីតាមីនរលាយក្នុងទឹក និងមានសារៈសំខាន់សម្រាប់រាងកាយ។ រាងកាយត្រូវការវីតាមីន C ដើម្បីផលិតខូឡាជេនដែលជាប្រូតេអ៊ីនច្រើនបំផុតក្នុងរាងកាយ។ ខូឡាជេនផ្តល់រចនាសម្ព័ន្ធ និងភាពបត់បែនដល់ស្បែក ហើយខូឡាជេនមានតួនាទីសំខាន់សម្រាប់ដំណើរការរបស់ឆ្អឹង សាច់ដុំ និងសរសៃឈាម។ បន្ថែមពីនេះទៀត វីតាមីន C ជួយរាងកាយស្រូបយកជាតិដែក non-heme ដែលមានក្នុងរុក្ខជាតិ។ វីតាមីន C ក៏ជួយការពាររាងកាយពីការខូចខាតបង្កដោយពពួករ៉ាឌីកាល់សេរីដែលអាចបណ្ដាលឲ្យមានជំងឺរ៉ាំរ៉ៃជាច្រើនដូចជាជំងឺមហារីកជាដើម។ ទោះបីជាមិនទាន់ការសិក្សាណាបញ្ជាក់ច្បាស់ពីឥទ្ធិពលវីតាមីន C ទៅលើជំងឺមហារីកដោយផ្ទាល់ក៏ដោយ ប៉ុន្តែគេច្បាស់ថាវីតាមីន C មានតួនាទីសំខាន់ក្នុងដំណើរការសំខាន់ៗរបស់រាងកាយ។
៣. ជួយដល់ការរំលាយអាហារ
ការញ៉ាំស្ពៃក្ដោបអាចជួយឲ្យសុខភាពប្រព័ន្ធរំលាយអាហារកាន់តែល្អព្រោះស្ពៃក្ដោបសម្បូរដោយជាតិសរសៃមិនរលាយដែលជាកាបូអ៊ីដ្រាតមួយប្រភេទដែលមិនអាចបំបែកបានក្នុងពោះវៀន។ ជាតិសរសៃមិនរលាយនេះអាចជួយប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អដោយជួយដល់ការបន្ទោរបង់ឲ្យបានទៀងទាត់។ លើសពីនេះទៀត ស្ពៃក្ដោបក៏មានជាតិសរសៃរលាយដែលអាចបង្កើនបាក់តេរីល្អក្នុងពោះវៀន។ បាក់តេរីល្អទាំងនេះមានមុខងារការពារប្រព័ន្ធភាពស៊ាំ និងផលិតសារធាតុចិញ្ចឹមសំខាន់ដូចជាវីតាមីន K2 និងB12។