ផ្លែសូដាមានរសជាតិស្រដៀងនឹងស៊ុតក្រហមដែលស្ងោរឆ្អិន ប៉ុន្តែវាមានរសជាតិផ្អែម។ ផ្លែសូដា សម្បូរទៅដោយបេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន C វីតាមីន B3 វីតាមីន B1 និងជាតិសរសៃ។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការញុំាផ្លែសូដា។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ផ្លែសូដាមានរសជាតិស្រដៀងនឹងស៊ុតក្រហមដែលស្ងោរឆ្អិន ប៉ុន្តែវាមានរសជាតិផ្អែម។ ផ្លែសូដា សម្បូរទៅដោយបេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន C វីតាមីន B3 វីតាមីន B1 និងជាតិសរសៃ។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការញុំាផ្លែសូដា។
សារធាតុបេតាការ៉ូទីននៅក្នុងផ្លែសូដាត្រូវបានបំប្លែងទៅជាវីតាមីន A ពេលចូលដល់រាងកាយយើង។ វីតាមីន A ជួយឱ្យភ្នែកយើងមើលច្បាស់នៅពេលយប់ និងការពារភ្នែកស្ងួត។ លើសពីនេះទៅទៀតវាជួយការពារភ្នែកពីជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកចុះខ្សោយ ដែលអាចបណ្តាលឱ្យងងឹតភ្នែក។ វីតាមីន A ក៏ជួយឱ្យសក់ភ្លឺរលោង និងក្រាស់ដែរ។
ជាតិដែកនៅក្នុងផ្លែសូដាជួយផលិតអេម៉ូក្លូប៊ីនដែលមានតួនាទីដឹកនាំអុកស៊ីសែនឆ្លងកាត់ចរន្តឈាមទៅគ្រប់កោសិការបស់រាងកាយ។ ដូច្នេះការញុំាផ្លែសូដាជួយឱ្យយើងមានកម្លាំង។
ផ្លែសូដាសម្បូរទៅដោយកាល់ស្យូម និងផូស្វ័រដែលល្អចំពោះសុខភាពឆ្អឹង។ ឯជាតិដែកនៅក្នុងផ្លែ សូដាក៏មានតួនាទីក្នុងការផលិតកោសិកាឈាមក្រហមដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍរាងកាយ និងឆ្អឹងដែរ។
វីតាមីន B3 នៅក្នុងផ្លែសូដាមានតួនាទីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ព្រោះវាជួយសម្រួលដល់ការបំលែងទៅជាថាមពល។
បរិមាណវីតាមីន C នៅក្នុងផ្លែសូដាអាចជួយការពារ និងព្យាបាលជំងឺផ្តាសាយ និងគ្រុនផ្តាសាយបាន។
បរិមាណជាតិដែកនៅក្នុងផ្លែសូដាក៏ជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនដល់ខួរក្បាលផងដែរ។ ជាលទ្ធផលខួរក្បាលអាចដំណើរការបានល្អ និងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺចាស់វង្វេង ។
វីតាមីន B3 នៅក្នុងផ្លែសូដាជួយបង្កើនភាពបត់បែនរបស់សន្លាក់ និងជួយបង្កើតឆ្អឹងខ្ចី។ សារធាតុកាល់ស្យូម និងផូស្វ័រនៅក្នុងផ្លែសូដាក៏ជួយក្នុងការបំបាត់ជំងឺរលាកសន្លាក់ដែរ។
ជាតិសរសៃនៅក្នុងផ្លែសូដាជួយសម្រូលដល់ចលនាពោះវៀន ដែលធ្វើឱ្យយើងងាយក្នុងការបន្ទោបង់។ ជាតិសរសៃក៏ជួយគ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងឈាម និងជួយកម្ចាត់កូលេស្តេរ៉ូលអាក្រក់ចេញពីរាងកាយយើងផងដែរ។
ស្វែងយល់ពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕