brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?

មួយរយៈចុងក្រោយនេះមានការនិយមទទួលទានទឹកប​ន្លែផ្លែឈើកៀប ដើម្បីសុខភាព និងសម្រស់ ព្រោះកៀបពីបន្លែផ្លែឈើស្រស់ និងមិនមានបន្លែមស្ករ។ ប៉ុន្តែថ្មីៗមានការចែកចាយលើបណ្តាយសង្គមថា មានបងស្រីម្នាក់ព្រោះតែចង់ស្រកទម្ងន់ និងចង់បានស្បែកស្អាតផង គាត់ក៏បានញុាំទឹកបន្លែផ្លែឈើកិនយកតែទឹករាល់ព្រឹកខណៈពោះទទេររយៈពេល៣ខែ ជាតិស្ករក្នុងឈាមឡើងដល់ជាង៣០០មិល្លីក្រាម/ដេស៊ីលីត្រ។ តើការញុាំទឹកប​ន្លែផ្លែឈើកៀបពិតជាបណ្តាលឱ្យឡើងជាតិស្ករក្នុង ឈាមដែរឬទេ?

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?

ការញុាំទឹកប​ន្លែផ្លែឈើកៀបពិតជាបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម មែន ដោយសារទឹកប​ន្លែផ្លែឈើកៀបមិនមានជាតិសរសៃ ព្រោះពេលយើងកៀបទឹកប​ន្លែផ្លែឈើ យើងកៀបយកតែទឹក ហើយយើងចោល កាកដែលជាសាច់បន្លែ និងផ្លែឈើ។ កាកដែលយើងបោះចោលហ្នឹងគឺជាជាតិសរសៃរបស់បន្លែ និងផ្លែឈើ។

បន្លែផ្លែឈើមានផ្ទុកជាតិស្ករធម្មជាតិ ជាពិសេសផ្លែឈើ ព្រោះមានជាតិស្ករធម្មជាតិច្រើន។ សម្រាប់​មនុស្ស​ភាគច្រើន ការញុាំបន្លែ​ផ្លែឈើមិន​បង្ក​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ដូចការញុាំស្ករ​ចម្រាញ់ (ស្ករស) ​ទេ។ នោះ​ក៏​ព្រោះ​តែ​ជាតិស្ករ​ក្នុងបន្លែ​ផ្លែ​ឈើ​ទាំង​អស់​មាន​ជាតិ​សរសៃ។

ពេលយើងញុាំទឹកប​ន្លែផ្លែឈើកៀប រាងកាយយើងរំលាយ និងបំប្លែងទឹកបន្លែផ្លែឈើកៀបទៅជាជាតិស្ករក្នុងឈាមលឿនជាងបន្លែផ្លែឈើ ពោលគឺដូចស្ករចម្រាញ់អ៉ីចឹង និងបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដោយសារទឹកបន្លែផ្លែឈើកៀបគ្មានផ្ទុកជាតិសរសៃ ឬមានជាតិសរសៃតិចតួច។ ជាតិសរសៃជួយបន្ថយល្បឿនចរន្តឈាមស្រូបយកជាតិស្ករ ព្រោះរាងកាយយើងមិនអាចស្រូប និងរំលាយជាតិសរសៃបាន ទេ។ នេះមានន័យថា ជាតិសរសៃជួយគ្រប់គ្រងជាតិស្ករក្នុងឈាម មិនបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាមខ្ពស់ដូចការញុាំអាហារមានផ្ទុកកាបូ អ៉ីដ្រាតដែលគ្មានជាតិសរសៃដូចជា បាយស នំប័ុង មី។ល។

ទឹកប​ន្លែផ្លែឈើកៀប

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

លើសពីនេះ ដោយសាររាងកាយយើងមិន​អាចរំលាយជាតិ​សរសៃ ដូច្នេះជាតិសរសៃធ្វើដំណើរយឺតៗឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ដែលជាហេតុ ជួយឱ្យយើងឆ្អែតបានយូរ។ នៅពេលយើងញុាំទឹកបន្លែផ្លែឈើកៀប ដែលគ្មានជាតិសរសៃ យើងនឹងឆាប់ឃ្លានដែលជាហេតុបណ្តាលឱ្យយើង ញុាំច្រើនលើសតម្រូវការ។ នៅពេលយើងញុាំច្រើនលើសតម្រូវការ រាងកាយយើងនឹងបំប្លែងកាឡូរីដែលលើសទៅជាខ្លាញ់ ហើយរក្សាទុកក្នុងខ្លួន និងបណ្តាលឱ្យយើងឡើងគីឡូ។ កាលណាយើងឡើងទម្ងន់កាន់តែច្រើន រាងកាយយើងនឹងសុាំនឹងអាំងស៊ុយលីន។ ជាលទ្ធផល កម្រិតជាតិស្ករក្នុងឈាមយើងអាចកើនឡើង។

មួយវិញទៀត បើក្នុងទឹកបន្លែផ្លែឈើកៀបមានផ្លែឈើច្រើនជាងបន្លែ ឬមានផ្លែឈើជាមួយបន្លែដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ដូចជា មើមយេន និងការ៉ុតជាដើមទៀត នោះជាតិស្ករក្នុងទឹកបន្លែផ្លែឈើមានកាន់តែច្រើន ដូចទឹកស្ករអ៊ីចឹង។

ទោះជាការញុាំទឹកបន្លែផ្លែឈើកៀបល្អជាងទឹកបន្លែផ្លែឈើកំប៉ុង តែមិនល្អដូចការញុាំបន្លែផ្លែឈើទេ។ បើយើងចង់ញុាំទឹកបន្លែផ្លែឈើ យើងគួរដាក់បន្លែច្រើនជាងផ្លែឈើមួយភាគ និងដាក់បន្លែដែលមានសន្ទស្សន៍ជាតិស្ករទាបដូចជាបន្លែបៃតងឱ្យច្រើន និងយកបន្លែផ្លែឈើទៅក្រឡុកក្នុងម៉ាស៊ីនទឹកក្រឡុកវិញ ព្រោះយើងអាចញុាំបានទាំងជាតិសរសៃ ដែលជួយឱ្យយើងឆាប់ឆ្អែត ញុាំមិនបានច្រើនច្រើន និងជួយបន្ថយល្បឿនចរន្តឈាមស្រូបយកជាតិស្ករ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

  • ការញុាំទឹកប​ន្លែផ្លែឈើកៀបពិតជាបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាមមែន ដោយសារទឹកប​ន្លែផ្លែឈើកៀបមិនមានជាតិសរសៃ។
  • នៅពេលគ្មានជាតិសរសៃ រាងកាយយើងរំលាយ និងបំប្លែងជាតិស្ករក្នុងទឹកបន្លែផ្លែឈើកៀបទៅជាជាតិស្ករក្នុង​ឈាម​លឿនដូចស្ករចម្រាញ់អ៊ីចឹង។
  • ​ជាតិសរសៃជួយបន្ថយល្បឿនចរន្តឈាមស្រូបយកជាតិស្ករ ព្រោះរាងកាយយើងមិនអាចស្រូប និងរំលាយជាតិសរសៃបានទេ។
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 16/12/2024