ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
អ្វីជា BMI?
BMI (Body Mass Index) ជាសន្ទស្សន៍ស្ដង់ដារកំណត់សុខភាព ពាក់ព័ន្ធនឹងកម្រិតទម្ងន់របស់យើង ថាតើយើងមានគីឡូធម្មតា មិនគ្រប់គីឡូ លើសគីឡូ ឬធាត់។ ត្រូវហើយ BMI អាចប្រាប់យើងពីភាពសមសួនរាងកាយ ថាយើងស្គមពេក ធាត់ពេក លើសគីឡូកម្រិតណាមួយ ឬល្អហើយ ក៏ពិតមែន ប៉ុន្តែ BMI មិនបានប្រាប់យើងពីរោគសញ្ញា ឬធ្វើរោគវិនិច្ឆ័យអ្វីទាំងអស់។ អ្វីដែលមុខងារ រង្វាស់សុខភាពមួយនេះអាចធ្វើបាន គឺប្រាប់យើងពីតម្រុយសុខភាពថារាងកាយយើងកំពុងស្ថិតក្នុងស្ថានភាពល្អ ឬមិនល្អ។ ដើម្បីឈានដល់ការវាយតម្លៃថា អ្នកណាម្នាក់មានបញ្ហាសុខភាពទោះល្អ ឬអាចមានបញ្ហាសុខភាពណាមួយឲ្យកាន់តែច្បាស់លាក់លុះត្រាណាតែ មានការពិនិត្យបន្ថែម ដើម្បីផ្ដល់អំណះអំណាងដល់ការវាយតម្លៃផ្សេងៗទៀត ដូចជាវាស់លើកម្រាស់ស្បែក របបអាហារ សកម្មភាពរាងកាយ និងប្រវត្តិ(ជំងឺ) ក្នុងគ្រួសារជាដើម។
ការបកស្រាយ BMI
សម្រាប់អ្នកអាយុ ២០ឆ្នាំ និងអាយុច្រើនជាងនេះ BMI នឹងវាយតម្លៃស្ថានភាពរាងកាយដោយវាស់លើទម្ងន់ និងកម្ពស់ខុសគ្នា ដោយប្រើតារាងរូបមន្តវាយតម្លៃគោលដូចគ្នាមិនថាប្រុស ឬស្រី។ សម្រាប់ក្មេងៗ និងវ័យជំទង់ BMI នឹងវាស់ជាក់ស្ដែងលើអាយុ និងភេទផ្សេងគ្នា។ ក្នុងករណីក្មេងៗភាគរយខ្ពស់ ប្រសិនបើរាងកាយធាត់ គឺសុទ្ធតែប្រឈមនឹងជំងឺផ្សេងៗ តែបើស្គមមិនគ្រប់គីឡូវិញ ក៏ជាសញ្ញាកំពុងបង្ហាញពីបញ្ហាសុខភាពនានាដែរ។ បើលទ្ធផលបង្ហាញថា BMI កាន់តែខ្ពស់ បានសេចក្ដីថា រាងកាយក៏កាន់តែធាត់ដែរ។ BMI មិនវាស់ទៅលើរាងកាយធាត់លើសគីឡូដោយផ្ទាល់ទេ ប៉ុន្តែវាជាប់ពាក់ព័ន្ធទៅនឹងកម្រិត ថាតើគេកំពុងស្ថិតក្នុងធាត់កម្រិត១ កម្រិត២ ឬកម្រិត៣។