ទឹករ៉ែ ខុសពី​ទឹកធម្មតា​ម៉េចខ្លះ? ម៉េចបានអ្នកមាន​ផឹកជាប្រចាំ?

    ទឹករ៉ែ ខុសពី​ទឹកធម្មតា​ម៉េចខ្លះ? ម៉េចបានអ្នកមាន​ផឹកជាប្រចាំ?

    ទឹក​រ៉ែ​មាន​ប្រភព​មក​ពី​ក្រោម​ដី និងមាន​កម្រិត​សារធាតុ​រ៉ែ​ខ្ពស់ ពិសេសម៉ាញ៉េស្យូម កាល់ស្យូម​ និង​សូដ្យូម។ ចុះ​​ទឹក​រ៉ែ និង​​ទឹក​ធម្មតា មួយ​ណា​ល្អ​ជាង? គុណ​ប្រយោជន៍​​អ្វី​ខ្លះ?

    ១- ​ប្រៀប​ធៀប​រវាង​ទឹក​រ៉ែ ​និង​ទឹក​ធម្មតា

    ទោះ​បច្ចុប្បន្ន មនុស្ស​​ច្រើន​មាន​ទឹក​ស្អាត​ប្រើ​ក៏​ពិត​មែន ប៉ុន្តែ​មាន​មួយ​ចំនួន​ធំ បាន​ជ្រើស​ទឹក​រ៉ែ​សម្រាប់​ផឹក ដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​សុខភាព។

    បើ​យោង​តាម​ភស្តុតាង​ថ្មីៗ​នេះ នៅ​មិនទាន់​រក​ឃើញ​ចំណុច​​ខុស​គ្នាធំៗរវាង​ទឹក​ធម្មតា​ និង​ទឹក​រ៉ែ​នៅឡើយ ដោយ​ទឹក​ទាំង​ពីរ​ប្រភេទ ​មាន​ជាតិ​រ៉ែ​ដូច​គ្នា ហើយ​ចង្វាក់​នៃ​ការ​ផលិត​ក៏​ស្រដៀង​គ្នា។ ប៉ុន្តែ​ បើ​យោង​តាម​អត្ថន័យ ទឹក​រ៉ែ​ត្រូវ​មាន​កម្រិត​ជាតិ​រ៉ែ​ជាក់លាក់ ហើយ​ចង្វាក់​នៃ​ការ​ច្រកចូល​ក្នុង​​ដប​ ត្រូវធ្វើ​នៅ​ទីតាំង​ប្រភព​ទឹក។

    ខាង​ក្រោម​នេះ ជាភាព​ខុស​គ្នា​រវាសសារធាតុ​មាន​ក្នុង​ទឹក​ធម្មតា និង​ទឹក​រ៉ែ៖

    ១- ទឹក​ធម្មតា

    ទឹក​ធម្មតា​មាន​ប្រភព​ពី​ទឹក​នៅ​លើ​ផ្ទៃ​ដី (ទឹក​ទន្លេ បឹង ជាដើម) ឬ​ពី​ក្រោម​ដី​ដូច​គ្នា។ នៅ​អាមេរិក ទឹក​ធម្មតា​ត្រូវ​ស្រប​តាម​ច្បាប់​ទឹក​ញ៉ាំដែលមាន​សុវត្ថិភាព ( Safe Drinking Water Act) ​បង្កើត​ឡើង​ដោយ​ភ្នាក់ងារការ​ពារ​បរិស្ថាន EPA (Environmental Protection Agency)។ ច្បាប់​ទាំង​នេះ​កម្រិត​ចំនួន​សារធាតុ​មាន​ក្នុង​ទឹក​ដែល​ផ្គត់ផ្គង់​នៅ​តាម​ផ្ទះ​នីមួយៗ។ ក្រុមហ៊ុន​​ផ្គត់​ផ្គង់​ទឹក​ ត្រូវបូម​ទឹក​ពី​ប្រភពណា​មួយ​ទៅ​កន្លែង​ចម្រោះ​ (Treatments Plants) ដើម្បី​សម្អាត​សារធាតុ​គីមី។

    ទឹក​ធម្មតា​នេះ​ មាន​បន្ថែម​សារធាតុ​រ៉ែ រួម​មាន កាល់ស្យូម ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម ហើយ​ទឹក​ធម្មតា​ខ្លះ​ ក៏​បន្ថែម​សារធាតុ​រ៉ែ ទាំង​នេះ​ក្នុង​កម្រិត​ខ្ពស់​ទៀត​ផង ព្រោះ​គេ​គិត​ថា​ នឹង​ផ្ដល់​សុខភាព​កាន់​តែ​ល្អ​ដល់​អ្នក​ប្រើ។ ទោះ​យ៉ាង​នេះ​ក្ដី ការ​បន្ថែម​សារធាតុ​រ៉ែ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្គត់​ផ្គង ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្ទះ​ទុយយោ​​នាំ​ឲ្យ​មាន​លំហូរ​យឺត។

    ក្រៅ​ពី​គុណ​ប្រយោជន៍ បណ្ដាញ​ទឹក​សាធារណៈ​នេះ​ក៏​អាច​មាន​សារធាតុ​កខ្វក់ (Contaminants) ដោយ​សារ​ទុយយោ​មាន​ច្រែះ ឬ​លេច នាំឲ្យ​ទឹក​មិន​ស្អាត។

    ២- ទឹក​រ៉ែ

    ទឹក​រ៉ែ ​មាន​ប្រភព​ចេញ​ពី​​ក្រោម​ដី​ធម្មជាតិ និង​បឹង​ទន្លេ​ ដែល​មាន​ជាតិ​រ៉ែ​ច្រើន ហើយ​ទឹក​ប្រភេទ​នេះ ​ផ្ដល់​កម្រិត​សារធាតុ​រ៉ែ​ខ្ពស់​ជាង​ទឹក​ធម្មតា។ ​រដ្ឋបាល​ចំណី​អាហារ ​និង​ឱសថ​អាមេរិក​ (FDA) បាន​កម្រិត​យ៉ាង​តឹង​រឹង​សម្រាប់​គុណភាពទឹក​រ៉ែ​ សម្រាប់​រោង​ចក្រ​ផលិត និង​ផ្គត់​ផ្គង់​ទាំង​អស់ ដោយ​ថែម​ទាំង​ហាម​ឃាត់​គ្រប់​រោង​ចក្រ មិន​ត្រូវ​បន្ថែម​កម្រិត​ជាតិ​រ៉ែ​ក្នុង​ផលិត​ផល​របស់​ពួក​គេ​ដូច​គ្នា។ ជាតិ​រ៉ែគេ​ច្រើន​ឃើញ​ក្នុង​ទឹក​រ៉ែ​រួម​មាន៖

    • កាល់ស្យូម
    • ម៉ាញ៉េស្យូម
    • ប៉ូតាស្យូម
    • សូដ្យូម
    • ប៊ីកាបូនណាត
    • ជាតិ​ដែក
    • ជាតិ​ស័ង្កសី

    ខុស​ពី​ទឹក​ធម្មតា ទឹក​រ៉ែត្រូវ​ច្រក​ដប​នៅឯ​ទី​តាំង​នៃ​ប្រភព​ទឹកតែ​ម្តង ហើយគ្នា​យើង​​មួយ​ចំនួន​ជ្រើស​រើស​យក​ទឹក​រ៉ែ ​ដោយ​សារ​តែ​កម្រិត​សុទ្ធ​របស់​វា​ និង​មិន​ប្រើ​​ជាតិ​គីមី​​ដើម្បី​ចម្រោះ​នោះ​ឡើយ។

    ទោះ​យ៉ាង​នេះ​ក្ដី ទឹក​រ៉ែ​ ក៏​ត្រូវ​ផលិត​តាម​ចង្វាក់​ផលិត​កម្ម​មួយ​ចំនួន​ដែរ ​រួម​មាន ការ​បន្ថែម ​ឬ​យក​ចេញ​សារធាតុ​ឧស្ម័នកាបូន​ឌី​អុកស៊ីត (CO2) ឬ​ដក​ចេញ​សារធាតុ​​ពុល ដូច​ជា​ អាសេនិក​ ជា​ដើម។ CO2 អាច​ជួយ​ការ​ពារកុំ​ឲ្យ​មាន​អុកស៊ីតកម្ម និង​កម្រិត​ការ​លូតលាស់​របស់​បាក់តេរី នៅ​ក្នុង​ទឹក។ ទឹក​កាបូណាត​ធម្មជាតិ ទទួល​បាន​ CO2 ពី​ប្រភព​របស់​វា ប៉ុន្តែរោង​ចក្រ​ក៏​អាច​បន្ថែម​ជាតិ CO2 ទៅ​ក្នុង​ផលិត​ផល​ទឹក​បាន​ដូច​គ្នា។

    ទឹករ៉ែ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    • ផឹក​ទឹក​ភ្លៀងមាន​គុណ​ប្រយោជន៍ និង​ប៉ះពាល់​អី​ខ្លះ?
    • ទឹកដូង​ល្អ​បំផុត អំឡុង​ពពោះ ម្ដាយ​គ្រប់​រូប​គួរ​ស្វែងយល់

    ២- គុណ​ប្រយោជន៍​ទឹក​រ៉ែ

    – សម្បូរសារធាតុម៉ាញ៉េស្យូម៖ ទាំង​ទឹក​រ៉ែ​ និង​ទឹក​ធម្មតា សុទ្ធ​តែ​ជា​ប្រភព​នៃ​សារធាតុ​ម៉ាញ៉េស្យូម។ សារធាតុ​នេះ ​មាន​សារៈសំខាន់​ណាស់​ជួយសម្រួល​សម្ពាធ​ឈាម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​មុខងារ​សរសៃ​ប្រសាទ។

    ប្រភព​ខ្លះ​អាច​មាន​កម្រិត​ម៉ាញ៉េ​ស្យូម​តិច​ ឬ​ច្រើន​ខុស​ៗ​គ្នា ខណៈ​កម្រិត​ម៉ាញ៉េស្យូម​ក្នុង​ទឹក ​អាច​នៅ​ចន្លោះ​ពី ១ មិល្លីក្រាម​/លីត្រ ទៅ​ច្រើន​ជាង ១២០​ មិល្លីក្រាម​/លីត្រ អាស្រ័យ​លើ​ប្រភព​របស់​វា។

    កម្រិត​ណែនាំ​ឲ្យ​ញ៉ាំ​ជាតិ​ម៉ាញ៉េស្យូម​ប្រចាំ​ថ្ងៃ​ មាន​ដូច​ខាង​ក្រោម៖

    • ៣១០-៣២០ មិល្លីក្រាម ចំពោះ​មនុស្ស​ស្រី​ពេញ​វ័យ
    • ៤០០-៤២០ មិល្លីក្រាម ចំពោះ​មនុស្ស​ប្រុស​ពេញ​វ័យ

    យោង​តាម​ការិយាល័យ​កម្រិត​អាហារូបត្ថម្ភ​ មនុស្ស​ភាគ​ច្រើន​នៅ​អាមេរិក ញ៉ាំ​សារធាតុ​នេះ​ នៅ​តិច​ជាង​អ្វី​ដែល​ណែនាំ​នៅ​ឡើយ។ ហើយខាង​ក្រោម​នេះ​ ជា​រោគ​សញ្ញា​នកង្វះ​សារធាតុ​ម៉ាញ៉េស្យូម៖

    • មិន​ឃ្លាន​អាហារ
    • អស់​កម្លាំង
    • ខ្សោយ​សាច់ដុំ
    • ចង្អោរ ក្អួត

    ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដូច​ជា៖

    • ស្ពឹក ឬ​ញ័រ​ចុង​ដៃ​ ចុង​ជើង
    • រមួល​សាច់​ដុំ
    • ចុះ​ទាប​កម្រិត​កាល់ស្យូម ឬប៉ូតាស្យូម
    • ផ្លាស់​ប្ដូរ​អារម្មណ៍
    • ចង្វាក់​បេះដូង​ខុស​ប្រក្រតី
    • ប្រកាច់

    – បញ្ចុះ​សម្ពាធ​ឈាម៖ ពេល​មាន​កម្រិត​ម៉ាញ៉េស្យូមទាប អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ខ្សោយ​បេះដូង និង​ជំងឺផ្សេង​ទៀត ​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ខុស​ប្រក្រតី។ ទឹក​រ៉ែ សម្បូរទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម អាច​ជួយ​ឲ្យ​ធ្លាក់​ចុះ​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន។ ការ​សិក្សា​តូច​មួយ​នៅ​ឆ្នាំ ២០០៤ រួម​មាន​ មនុស្ស​ពេញវ័យ ៧០​នាក់ ដែល​កើន​សម្ពាធ​ឈាម​ខ្ពស់​ ហើយ​កម្រិត​ម៉ាញ៉េស្យូម​ទាប បាន​បង្ហាញ​ថា​ សម្ពាធ​ឈាម​ពួក​គេ​បាន​ថយ​ចុះ ដោយ​គ្រាន់​តែ​ញ៉ាំ​ទឹក​រ៉ែ ១​ លីត្រ​​/ថ្ងៃ។

    – សម្រួល​ចរន្ត​ឈាម៖ ទឹក​រ៉ែ​មាន​កម្រិត​កាល់ស្យូម​ ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម​ខ្ពស់ ដែល​ជួយ​ដល់​ចរន្ត​ឈាម​រត់។ កាល់ស្យូម​ មាន​ប្រយោជន៍ជួយ​ទ្រទ្រង់​ និង​រក្សា​ឆ្អឹង​ឲ្យ​បាន​រឹងមាំ ជួយ​សម្រួល​ចង្វាក់​​បេះដូង​លោតផង​ដែរ។

    – ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ៖ ទឹក​រ៉ែ​មាន​ជាតិ​កាល់ស្យូម អាច​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ។ នៅ​ពេល​ជាលិកា​ឆ្អឹង​ងាប់ រាង​កាយ​ត្រូវ​បង្កើត​ឆ្អឹង​ថ្មី​ដើម្បី​ជំនួស ខណៈអំឡុង​ពេល​ពេញវ័យ ឆ្អឹង​ថ្មី នឹង​បង្កើត​លឿន​ជាង​ឆ្អឹង​ចាស់​ដែល​ងាប់​ទៅ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បន្ទាប់​ពី​អាយុ ២០ ​ឆ្នាំឡើង​ទៅ ទម្រង់​ឆ្អឹង​នឹង​ចាប់​ផ្ដើម​ប្រែប្រួល អាច​ធ្វើ​ឲ្យ​ឆ្អឹង​ទន់ ឬ​ខ្សោយ។

    ​ហាត់ប្រាណ​ជា​ប្រចាំ និង​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ អាច​ជួយ​ និង​ការពារ​ពី​ការ​បាត់បង់​ឆ្អឹង​បាន។ ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០១៧ ផ្តោត​លើ​ការប្រៀបធៀប​ពី​ការ​ស្រូប​ជាតិ​កាល់ស្យូម​របស់​រាង​កាយ​ ពី​ទឹក​ដោះ​គោ សារធាតុ​បំប៉ន​មាន​ជាតិ​កាល់ស្យូម និង​ទឹក​រ៉ែ។ ពួក​គេ​បាន​សន្មត​ថា ទឹក​រ៉ែ ​មាន​ជាតិ​កាល់ស្យូម​កម្រិត​ខ្ពស់ អាច​ស្រូប​បាន​ល្អ​ និង​​ជួយ​ផ្គត់​ផ្គង់​កម្រិត​កាល់​ស្យូម​ក្នុង​រាង​កាយ​បាន​ល្អ​ជាង។

    ជាតិ​ម៉ាញ៉េស្យូម ក៏​អាច​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​ដូច​គ្នា ព្រោះក្នុង​ការ​សិក្សា​ធំ​មួយ​នៅ​ឆ្នាំ ២០១៤ បង្ហាញ​ថា មនុស្ស​ស្រី​វ័យ​ចំណាស់ ​ញ៉ាំ​ម៉ាញ៉េស្យូម​ច្រើន ជាង ៤២២,៥​ មិល្លីក្រាម​/​ថ្ងៃ​ មាន​កំហាប់​ឆ្អឹង ​ខ្ពស់​ជាង​អ្នក​ដែល​ញ៉ាំ​សារធាតុ​រ៉ែ​តិច។

    – ជួយ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ៖ ​ញ៉ាំ​អាហារ​​មាន​ជាតិ​ម៉ាញ៉េស្យូម​ អាច​ជួយ​ការពារ​កុំ​ឲ្យ​ទល់​លាមក និង​ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ។ ជាតិ​ម៉ាញ៉េស្យូម​នៅ​ក្នុង​ទឹក ​ពេល​ចូល​ទៅ​ដល់​ពោះ​វៀន នឹង​ជួយ​ឲ្យ​លាមក​ស្អិត​ល្អ​ សម្រួល​សាច់​ដុំ និង​ចលនា​ពោះ​វៀន។

    យោង​តាម​ការ​រក​ឃើញ​តាម​រយៈ​ការ​សិក្សា​បែប Randomized controlled study ផឹក​ទឹក​រ៉ែ​មាន​កម្រិត​ម៉ាញ៉េស្យូមសុលហ្វាត​ និង​សូដ្យូម​សុលហ្វាត អាច​នាំ​ឲ្យ​បត់​ជើង​ធំ​ច្រើន​ជាង​ធម្មតា ហើយ​ជួយ​បង្កើន​គុណភាព​ជីវិត​ ចំពោះ​គ្នា​យើង​​ឧស្សាហ៍​ទល់​លាមក។

    ៣- គុណ​វិបត្តិ​ពី​ទឹក​រ៉ែ

    ដូច​ធ្លាប់​លើក​ឡើង​ចឹង លើ​លោក​នេះ គ្មាន​អ្វី​មាន​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះទេ ទឹក​រ៉ែ​ ក៏​ដូច​ជា បើ​ទោះ​ជាទូទៅ​គឺ​មាន​សុវត្ថិភាព​ក្នុង​ការ​ផឹកក៏​ពិត​មែន ប៉ុន្តែការស្រាវជ្រាវ​តិចតួច​​​បង្ហាញ​ថា ទឹក​រ៉ែ​មាន​ផល​អវិជ្ជមាន​ដល់​សុខភាព។ ជាតិ​កាបូនណាត​ក្នុង​ទឹក​រ៉ែ​ មាន​សារធាតុ​អាស៊ីដ​កាបូនិក ​អាច​ធ្វើ​ឲ្យ​ត្រអើក ​ឬ​ហើម​ពោះ។

    ទោះ​យ៉ាង​នេះ​ក្ដី ទឹក​រ៉ែ និង​ទឹក​បរិសុទ្ធ អាច​នឹង​មាន​សារធាតុ​កខ្វក់​ជាក់លាក់​មួយ​ចំនួន។ បើ​តាម​និយមន័យ​ទឹក​រ៉ែ​ ត្រូវ​តែ​មាន​កម្រិតមេរោគតិច​បំផុត។ បន្ថែម​លើ​នេះ ទឹក​រ៉ែ​ អាច​នឹង​មិន​មាន​សង្វាក់កម្ចាត់​មេរោគ ​ដូច​នឹង​ទឹក​ម៉ាស៊ីន​ធម្មតា​ទេ ព្រោះ​ការ​ច្រក​ដប​ ​គឺ​ធ្វើ​នៅ​​ទីតាំង​ប្រភព​ទឹក​ផ្ទាល់ ដូច​នេះ​ កម្រិតមេរោគ​ក៏​ខុស​គ្នា​ដែរ។ នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត អាច​បង្ក​ឲ្យ​ការ​ផឹក​ទឹក​រ៉ៃ​ដូច​ជា៖

    – ពុល​ជាតិ​ប្លាស្ទិក៖ ដប​ជាតិ​ផ្លាស្ទិក​ជា​ច្រើន ​មាន​ជាតិ Bisphenol A ឬ BPA ដែល​សារធាតុ​គីមី​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខងារ​អ័រម៉ូន​ធម្មតា។ មីក្រូ​ប្លាស្ទិក ដែល​ជា​ភាគ​ល្អិត​តូចៗនៃ​ប្លាស្ទិក គឺ​ជា​អ្វី​មួយ​គួរ​ឲ្យ​បារម្ភ​ខ្លាំង។ អ្នក​វិទ្យាសាស្ត្រ ​រក​ឃើញ​ថា មីក្រូ​ប្លាស្ទិក មាន​ក្នុង​ចំណី​អាហារ និង​ភេសជ្ជៈ ក៏​ដូច​ជា​ក្នុង​ផលិតផល​អាហារ​សមុទ្រ​ និង​អំបិល​ធ្វើ​ម្ហូប។

    នៅ​ឆ្នាំ ២០១៨ អ្នក​ស្រាវ​ជ្រាវ​បាន​ផ្សាយ​ចេញ ការ​ពិនិត្យ​ជាប្រព័ន្ធ​មួយ ទៅ​លើ​ទិន្នន័យ​បច្ចុប្បន្ន ​ស្ដី​ពី​ការ​បំពុល​ដោយ​ប្លាស្ទិក ហើយ​បាន​​រាយ​ការណ៍​ ​ជាតិ​មីក្រូប្លាស្ទិក​នៅ​ក្នុង​ដប​ទឹក​រ៉ែ មិន​បង្ហាញ​ពី​ហានិភ័យ​ទាក់​ទង​​សុវត្ថិភាព​​ពេល​ផឹក​នោះ​ទេ។

    – ទឹក​កាបូណាត​ធ្វើ​ឲ្យ​ខូច​ធ្មេញ៖ ជាតិ​កាបូណាត ក្នុង​ទឹក​រ៉ែ អាច​ធ្វើ​ឲ្យ​ខូច​​ធ្មេញ​។ ទឹក​កាបូណាត មាន​កម្រិត pH ទាប​ជាង​ទឹក​ធម្មតា ដោយ​ធ្វើ​ឲ្យ​វា​ស្ថិត​ក្នុង​មជ្ឈដ្ឋាន​អាស៊ីដ។ យោង​តាម​ការ​សិក្សា​ថ្មីៗ ទឹក​កាបូនណាត ផលិត​ឡើង​ដោយ Soda Carbonator ​ធ្វើ​ឲ្យ​កាត់​បន្ថយ​ភាព​រឹង​របស់​សម្បក​ធ្មេញ។

    ទោះ​យ៉ាង​នេះ​ក្ដី ទឹក​កាបូណាត នៅ​តែ​មាន​ផល​ប៉ះពាល់​តិច​ទៅ​លើ​ធ្មេញ​ បើ​ធៀប​នឹង​ការ​ផឹក​ទឹក​ក្រូច។ ការ​សិក្សា​មួយ​បង្ហាញ​ថា ទឹក​ Sparkling ​ធម្មតា​ និង​ទឹក​មាន​រស​ជាតិ សុទ្ធ​តែ​បង្ក​ឲ្យ​មាន​ហានិភ័យ​ទៅ​លើ​សម្បក​ធ្មេញ​ ច្រើន​ជាង​ទឹកក្រូច​ទៅ​ទៀត។

    – កត្តា​ប៉ះពាល់​ដល់​បរិស្ថាន៖ បញ្ហា​ធំ​មួយ​ទៀត​​នៅ​ជុំវិញ​ទឹក​រ៉ែ​ គឺ​ដប​របស់​វា។ ពេលចង្វាក់​ផលិតកម្ម​មាន​​ក្នុង​បរិមាណ​ច្រើន អាច​ប​ណ្ដាល​ឲ្យ​មាន​ការ​បំពុល និង​មាន​ផល​ប៉ះ​ពាល់​បន្ត​បន្ទាប់​ទៅ​ដល់​បរិស្ថាន។ នៅ​ក្នុង​ការ​សិក្សា​នៅ​ឆ្នាំ ២០១៦ អ្នក​ស្រាវជ្រាវ ​មើល​ឃើញ​ពី​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ទៅ​លើ​ការ​ចម្រោះ​ទឹក ទឹក​រ៉ែ​ក្នុង​ដប​ប្លាស្ទិក និង​ទឹក​រ៉ែ​នៅ​ក្នុង​ដប​កែវ ដោយ​​បាន​រក​ឃើញ​ថា វិធី​នៃ​ការ​ផលិត​ទឹក​ធម្មតា គឺ​ជា​ជម្រើស​ល្អ​បំផុត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 06/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត