១- ផ្លែឪឡឹកមានសារធាតុអ្វីខ្លះ?
យោងតាមក្រសួងកសិកម្មអាមេរិក (USDA) ផ្លែឪឡឹក មានវីតាមីន C ស្មើនឹង ២០% នៃតម្រូវការប្រចាំថ្ងៃយើងម្នាក់ៗ ឯវីតាមីន A វិញមាន ១៧%។ លើសពីនេះ ឪឡឹកក៏មានសារធាតុលីកូប៉ែន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អ ជួយចាប់យករ៉ាឌីកាល់សេរី មានន័យថា ឪឡឹក អាចជួយការពារជំងឺមហារីកទៀតផង។ ក្រៅពីនេះ ផ្លែឪឡឹក ក៏ជួយបំបាត់អាការៈឈឺចាប់សាច់ដុំ និងបន្ថយចង្វាក់បេះដូងបាន។
២- ញ៉ាំឪឡឹកមានសុវត្ថិភាពអត់?
ចំពោះអ្នកទឹកនោមផ្អែម ត្រូវពិចារណាកត្តាសំខាន់ចំនួនពីរ មាន Glycemic index (GI) និង Glycemic load (GL)។
GI បង្ហាញពីល្បឿនស្ករក្នុងអាហារ ចូលទៅក្នុងចរន្តឈាម និងវាមានកម្រិតចន្លោះពី ១-១០០ ដែលអាស្រ័យទៅតាមអាហារប្រភេទនីមួយៗ ដូចជា ស្ករស និងនំប៉័ង ជាដើម។
ចំពោះ GL ជាការរួមបញ្ចូលគ្នារវាង GI និងចំនួនស្ករ (កាបូអ៊ីដ្រាត) ពិតប្រាកដក្នុងអាហារនោះ។ គេជឿថា GL ផ្តល់ពត៌មានច្បាស់ជាង ពីឥទ្ធិពលអាហារប្រភេទណាមួយ ទៅលើជាតិស្ករក្នុងឈាម។ កាលណាកត្តាទាំងពីរនេះកាន់តែខ្ពស់ ជាតិស្ករក្នុងឈាមរងឥទ្ធិពលកាន់តែខ្លាំង។