អ្នកលក់ចំណីចំណុកខ្លះបានប្រើប្រាស់មេស្ករ ដើម្បីកាត់បន្ថយគ្រឿង និងបានចំណេញច្រើន។ រសជាតិមេស្ករ និងស្ករធម្មតា មិនដូចគ្នានោះទេ ដោយស្ករធម្មតាពេលញ៉ាំទៅត្រឹមផ្អែមតិចៗ ឬផ្អែមឡែមៗ រីឯមេស្ករវិញពេលបានញ៉ាំហើយ គឺផ្អែមនៅជាប់មាត់រហូត ហើយបើប៉ះអាហារណាដាក់មេស្ករកាន់តែច្រើន ប្រែពីផ្អែមជាប់មាត់ទៅជាផ្អែមផងល្វីងផង ទោះជាផឹកទឹកច្រើនក៏មិនបាត់ដែរ។
មេស្ករបើញ៉ាំក្នុងកម្រិតតិច វាមិនសូវជាផ្ដល់ផលប៉ះពាល់ចំពោះសុខភាពយើងប៉ុន្មានទេ តែបើញ៉ាំច្រើនវិញនឹងធ្វើឲ្យមុខងារសរីរាង្គមួយចំនួនចុះអន់ថយ។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានប្រាប់មកកាន់ Hello គ្រូពេទ្យ។