បើនិយាយអំពីការសម្រកខ្លាញ់មនុស្សភាគច្រើននឹងគិតដល់កន្លែងហាត់ប្រាណ គ្រូបង្ហាត់ផ្ទាល់ខ្លួន និងការហាត់ប្រាណខ្លាំងៗដែលនេះគឺជាការពិតមិនអាចប្រកែកបានមែន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាសុទ្ធតែមានពេលវេលានិងប្រាក់កាសក្នុងការចំណាយនោះទេ។ សម្រាប់ដំណឹងល្អនោះ គឺការសម្រកខ្លាញ់មិនចាំបាច់ចំណាយប្រាក់ច្រើន ឬបញ្ចេញកម្លាំងខ្លាំងនោះទេ ដោយគ្រាន់តែកែសម្រួលនូវទម្លាប់រស់នៅមួយចំនួន នោះយើងក៏អាចកម្ចាត់ជាតិខ្លាញ់នៅក្នុងរាងកាយបានដែរ។
បន្ថែមបន្លែ និងផ្លែឈើឲ្យបានច្រើនក្នុងរបបអាហារ
បន្លែ និងផ្លែឈើគឺជាប្រភពដ៏សំខាន់នៃសារធាតុរ៉ែ និងវីតាមីន សំបូរទៅដោយសារធាតុសរសៃដែលជួយឲ្យយើងឆាប់ឆ្អែត និងមិនសូវសម្បូរកាល់ឡូរី។ ញ៉ាំបន្លែច្រើនមិនត្រឹមតែជួយកាត់បន្ថយកាល់ឡូរីទេ ថែមទាំងផ្ដល់នូវសារធាតុចិញ្ចឹមដែលរាងកាយយើងត្រូវការផងដែរ។