ប្រយ័ត្ន! កើត​ជំងឺ​ត្រអក​ធ្ងន់ធ្ងរ ចៀសមិនផុតពីផលប៉ះពាល់រ៉ាំរ៉ៃទាំងនេះទេ

    ប្រយ័ត្ន! កើត​ជំងឺ​ត្រអក​ធ្ងន់ធ្ងរ ចៀសមិនផុតពីផលប៉ះពាល់រ៉ាំរ៉ៃទាំងនេះទេ

    គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឭ ឬ​ឃើញ​ពី​ជំងឺ​ត្រអក ដែល​ជា​ជំងឺ​សើ​ស្បែក​ធ្វើ​ឲ្យ​រលាក​កោសិកា​ស្បែក។ ជំងឺ​ត្រអក​នេះ​អាចកើត​ទៅ​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​គឺ​ទៅ​លើ​អា​អូន​តូចៗ ហើយ​វា​ក៏​មិន​រើស​ភេទ​ដែរ។ ដូច​គ្នា​នេះ ដ្បិត​តែ​វា​ជា​ជំងឺ​សើស្បែក​មែន ក៏​ប៉ុន្តែ​បើ​វា​រាល​ដាល​ធ្ងន់ធ្ងរ វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព និង​ស្បែក​យើង​ខ្លាំង​ដែរ។

    តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​ស្បែក​យើង​មាន​សុខភាព​ល្អ វា​ជួយ​រក្សា​សំណើម និង​ការពារ​យើង​ពី​ពពួក​បាក់តេរី បញ្ហា​រលាក និង​មុខងារ​ធ្វើ​ឲ្យ​មាន​អាលែ្លកហ្ស៊ី។ ជំងឺ​ត្រអក​មាន​ការ​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​ហ្សែន​ដែល​ប៉ះពាល់​ដល់​មុខ​ងារ​ការពារ​របស់​ស្បែក​យើង។

    វេជ្ជបណ្ឌិតឯក​ទេស​ជំងឺ​ទូទៅរូបនេះ បាន​បញ្ជាក់​ថា ជួន​កាល បញ្ហា​ពុល​អាហារ​ក៏​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ត្រអក​នេះ​ទៅ​លើ​ក្មេង​តូចៗ​ដែរ។ នៅ​ពេល​ដែល​ជំងឺ​ត្រអក រាលដាល​ធ្ងន់ធ្ងរ វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ផ្នែក​ផ្សេង​ទៀត​ដូច​ជា៖

    • កើត​ហឺត និង​គ្រុនក្ដៅ (ក្មេង​ៗ​មាន​ជំងឺ​ត្រអក​ធ្ងន់ធ្ងរ​អាច​វិវត្ត​ជំងឺ​ហឺត និង​គ្រុនក្ដៅ​ត្រឹម​អាយុ​១៣​ឆ្នាំ)
    • បញ្ហា​ស្ងួត ប្រេះ រមាស់​ស្បែក​រ៉ាំរ៉ៃ
    • បញ្ហា​បង្ក​រោគ​លើ​ស្បែក
    • បញ្ហា​រលាក​ប្រអប់​ដៃ
    • បញ្ហា​រលាក​ស្បែក​ទាក់ទង​នឹង​អាល្លែកហ្ស៊ី
    • ប៉ះពាល់​ដល់​គុណភាព​គេង (បញ្ហា​រមាស់​ពេក​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​គេង)។ល។

    ក្នុង​ករណី​ដែល​យើង​រមាស់​ស្បែក មិន​ស្រណុក​ខ្លួន​ប៉ះពាល់​ដល់​ការ​គេង ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ មាន​ការ​បង្ក​រោគ​លើ​ស្បែក ឬ​ទោះ​ខំ​ប្រើ​ក្បូន​ធម្មជាតិ​ព្យាបាល នៅ​តែ​មិន​ជា គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​សើស្បែក​ទើប​ល្អ។ ជាពិសេសពេល​ដែល​ឃើញ​ក្មេងៗ​ឡើង​កន្ទួល​ដូច​ឆ្លង​មេរោគ​លើ​ស្បែក និង​មាន​ក្ដៅ​ខ្លួន​ត្រូវ​យក​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន។

    ម៉្យាង​វិញ​ទៀត យើង​ក៏​អាច​ការពារ​ខ្លួន​ឯង កុំ​ឲ្យ​កើត​ជំងឺ​ត្រអក​បាន​ដោយ​តិចនិក​ប៉ុន្មាន​នេះ​រួមមាន៖

    – លាប​ឡេ ឬ​គ្រីម​ផ្ដល់​សំណើម​យ៉ាង​តិច​ ២ដង/ថ្ងៃ
    – ព្យាយាម​ចៀសវាង​កត្តា​ដែល​នាំ​ឲ្យ​ជំងឺ​ត្រអក​ធ្វើ​ទុក្ខ
    – ចៀសវាង​ងូត​ទឹក​យូរៗ (ត្រឹម​១០-១៥នាទី​ល្មម)
    – ចៀស​វាង​ជូត​សម្អាត​ខ្លួន​ខ្លាំង ក្រោយ​ងូត​ទឹក​រួច
    – ប្រើ​សាប៊ូ​ស្រទន់​លើ​ស្បែក។ល។

    ជំងឺត្រអកលើកូនក្មេង

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 14/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត