១. ញ៉ាំកាហ្វេអ៊ីនច្រើនពេក
ទោះបីជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនអាចបង្កើនថាមពល ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងស្វាហាប់ជាច្រើនម៉ោងយ៉ាងណាក្ដី ប៉ុន្តែនៅពេលដែលយើងឈប់ញ៉ាំវា យើងនឹងបាត់បង់ថាមពលស្ទើរទាំងស្រុង។ ជាទូទៅ កាហ្វេអ៊ីនជួយបង្កើនអ័រម៉ូន cortisol ហើយការញ៉ាំវាច្រើននឹងធ្វើឲ្យយើងមានថាមពលមុនពេលដំបូង ប៉ុន្តែក្រោយមកយើងនឹងចាប់ផ្ដើមអស់កម្លាំងកំហែងគ្មានសល់។
២. មើលទូរទស្សន៍ ឬទូរសព្ទច្រើនម៉ោង
មនុស្សភាគច្រើនចំណាយពេលនៅមុខអេក្រង់ទូរទស្សន៍ ឬទូរសព្ទជាច្រើនម៉ោង ដែលអាចបណ្ដាលឲ្យចុករួយភ្នែក ឈឺក្បាល និងនឿយហត់អស់កម្លាំង។ ជាមួយគ្នានេះដែរ ពន្លឺពណ៌ខៀវដែលចេញពីអេក្រង់ ជះឥទ្ធិពលអវិជ្ជមានដល់ដំណេករបស់យើង។ លើសពីនេះ មានការសិក្សាមួយចំនួនបានបង្ហាញថា ការចំណាយពេលលើអេក្រង់គ្រឿងអេឡិចត្រូនិកទាំងនេះក៏អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូង និងធាត់ជ្រុលថែមទៀតផង។