ក្រោយចាក់វ៉ាក់សាំង ១-២ ឆ្នាំមុន តែឥឡូវត្រូវឆ្កែខាំទៀត គួរចាក់បន្ថែមអត់?

    ក្រោយចាក់វ៉ាក់សាំង ១-២ ឆ្នាំមុន តែឥឡូវត្រូវឆ្កែខាំទៀត គួរចាក់បន្ថែមអត់?

    ពេល​យើង​ត្រូវ​ឆ្កែ​ខាំ ឬ​សត្វ​ដែល​មាន​ផ្ទុក​វីរុស​ឆ្កែ​ឆ្កួត​ខាំ ខ្វាច ឬ​ក្រញៅ យើង​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​ឆ្លង​វីរុស​ឆ្កែឆ្កួត អាច​គ្រោះ​ថ្នាក់​ដល់់​ជីវិត បើ​មិន​បាន​ព្យាបាល​ទាន់​ពេល។ ស្រប​គ្នា​នេះ​ដែរ មាន​គ្នា​យើង​មួយ​ចំនួន ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​រួច​រាល់​ហើយ តែ​បើ​មាន​ឆ្កែ​ខាំ​ក្រោយ​ពេល​ចាក់ យើង​គួរ​តែ​ចាក់​បន្ថែម​ការពារ​ទៀត ឬ​យ៉ាង​ណា?

    ពាក់​ព័ន្ធ​នឹង​រឿង​ឆ្កែ​ខាំ​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​យូរ​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ធ្លាប់​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​យូរ​ឆ្នាំ​មក​ហើយ តែ​បែរ​ជា​ត្រូវ​សត្វ​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​មក​ខាំ ខ្វាច ឬ​ក្រញៅ​វិញ យើង​ចាំបាច់ត្រូវចាក់​រំលឹកឡើងវិញ។

    លោក​បន្ត​ថា អ្នក​ជំងឺ​ត្រូវ​តែ​ចាក់​វ៉ាក់សាំងរំលឹក​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្កែឆ្កួត ចៀស​វាង​មាន​បញ្ហា​ជា​យថាហេតុ​ណា​មួយ។ ដូច​គ្នា​នេះ មិន​មែន​មាន​តែ​សត្វ​ឆ្កែ​តែ​មួយ​ទេ​ដែល​អាច​ចម្លង​ជំងឺ​ឆ្កែឆ្កួត​ទៅ​ឲ្យ​មនុស្ស​យើង​បាន វីរុស​នេះ​អាច​ចម្លង​មក​យើង​ដោយ​សត្វ​ផ្សេង​ទៀត​ដូចជា៖

    • ឆ្មា
    • ស្វា
    • ប្រជៀវ
    • សំពោច
    • ឆ្កែព្រៃ។ល។

    ក្រោយ​ពេល​ខាំ​ហើយ វីរុស​ឆ្កែឆ្កួត​នឹង​ធ្វើ​ដំណើរ​ពី​កន្លែង​ខាំ ឆ្ពោះ​ទៅ​បង្ក​រោគ​នៅ​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​រលាក​ខួរក្បាល ហើយ​បើ​ចេញ​សញ្ញា​ឆ្កែ​ឆ្កួត​វា​អាច​ហួស​ពេល​នឹង​ជួយ​សង្គ្រោះ​អ្នក​ជំងឺ។ បើ​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់

    បន្ថែម​ពី​លើ​នេះ ក្រោយ​ពេល​ឆ្កែ ឬ​ឆ្មាខាំ​ហើយ យើង​មិន​ត្រូវ​ដេរ ឬ​រុំ​បិទ​មុខ​របួស​ដែល​ឆ្កែ​ខាំ​នោះ​ទេ។ យើង​ត្រូវ​ដឹង​ពី​របៀប​ថែ​មុខ​ក្រោយ​ឆ្កែ​ខាំ​ដូចជា លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬ​បេតាឌីន ដើម្បី​សម្អាតមុខ​របួស និង ត្រូវប្រញាប់ទៅចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត និងថ្នាំ​ផ្សេង​ទៀត​ដែល​ចាំបាច់ ឲ្យបានលឿន ឬយ៉ាងយូរ ១ អាទិត្យក្រោយឆ្កែខាំ

    ឆ្កែឆ្កួត

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 30/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត