backup og meta

បណ្តាញ​​សង្គម ជាកត្តា​ចម្បងពាក់ព័ន្ធកំណើន​​ជំងឺផ្លូវចិត្ត​លើ​យុវវ័យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 01, 2020

    បណ្តាញ​​សង្គម ជាកត្តា​ចម្បងពាក់ព័ន្ធកំណើន​​ជំងឺផ្លូវចិត្ត​លើ​យុវវ័យ

    បញ្ហា​ជំងឺផ្លូវចិត្ត បានកើនឡើង​គួរឲ្យកត់សម្គាល់​រយៈពេល​មួយទសវត្ស​ចុងក្រោយ ហើយ​កំណើន​យ៉ាង​គំហុកនៃ​បណ្តាញ​សង្គម លើ​ប្រព័ន្ធ​អ៊ីនធឺណេត អាចជា​មូលហេតុ​មួយ។ នេះបើតាម​ការស្ទង់មតិថ្នាក់ជាតិ​មួយ​ នៅអាមេរិក ចេញផ្សាយ​កាលពី​ថ្ងៃ​ ១៤ មីនា ឆ្នាំ ២០១៩ នេះ។

    ការសិក្សា​ដោយ​សមាគម​ចិត្តវិទ្យា​អាមេរិក រកឃើញថា ការកើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​យុវវ័យ ដែល​មាន​រោគសញ្ញា​ជំងឺ​ផ្លូវចិត្ត គឺមាន​លើយុវជន​កើតអំឡុង​​ឆ្នាំ ១៩៩៥ ឬ​ក្រោយ​នេះ។ ជាមួយ​គ្នា​នេះដែរ កំណើន​​ខ្លាំង​បំផុត​នៃ​រោគសញ្ញា​ជំងឺ​ផ្លូវ​ចិត្ត គឺ​ផ្ទុះ​នៅ​ឆ្នាំ ២០១១ ស្របពេល​​បណ្តាញសង្គម ក៏​ដូចជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឌី​ជីថល ​ផ្ទុះឡើង​ខ្លាំង។

    លោកស្រី ហ្សង់ ថ្វេងហ្គេ អ្នកដឹកនាំ​ការ​សិក្សារ​នេះ ក៏ជា​សាស្រ្ដាចារ្យ​ចិត្តសាស្រ្ត នៃ​សាកលវិទ្យាល័យ​រដ្ឋ San Diego បាន​បញ្ជាក់​ថា “យើង​ប្រទះ​ឃើញ មាន​ការ​កើនឡើង​ជំងឺ​បាក់ទឹកចិត្ត​ជាបន្តបន្ទាប់ ឬ​គំនិត​ធ្វើ​អត្តឃាត​យ៉ាងច្រើន បញ្ហាផ្លូវចិត្ត និង​ការប៉ុនប៉ង​ធ្វើអត្តឃាត​បន្ថែម​ទៀត នៅ​ក្រោយ​ឆ្នាំ ២០១០ ខុសពី​ពាក់កណ្ដាល​ទសវត្ស​ទី ២០ ហើយ​កំណើត​​ទាំងនោះ ភាគច្រើនជា​ក្រុម​​ក្មេង​ជំទង់ និង​យុវវ័យ​“។

    លោកស្រី​បន្ដ​ថា “អត្រាស្តួច​ស្តើង ឬ​មិនកើតមានសោះ ពាក់ព័ន្ធ​ជំងឺផ្លូវ​ចិត្ត លើ​ក្រុម​មនុស្ស​​មាន​អាយុ ២៦​ឆ្នាំ ឬ​ច្រើន​ជាងនេះ គឺបង្ហាញពីការ​ផ្លាស់ប្ដូរ​ថ្មីមួយ​លើ​បញ្ហា​ផ្លូវអារម្មណ៍ ជំនួស​អ្វី​ធ្លាប់​លើក​ឡើង ជំងឺ​ផ្លូវ​ចិត្ត​កើតឡើ​ងគ្រប់​វ័យ​ទាំង​អស់“។

    លោកស្រី​សាស្រ្តាចារ្យ និង​ក្រុមស្រាវជ្រាវ បាន​វិភាគ​លើ​ទិន្នន័យ​ទទួល​បាន​ពី​ការ​ស្ទង់មតិថ្នាក់​ជាតិ ​ស្ដីពី​ការ​ប្រើប្រាស់​ឱសថ និង​សុខភាព ដោយពិនិត្យ​លើ​ចំណុច​សំខាន់​ៗ ដូចជា ការ​ប្រើប្រាស់​ឱសថ និង​ជាតិអាល់កុល សុខភាព​ផ្លូវចិត្ត និង​សុខភាព​ផ្សេងទៀត ដែលពាក់ព័ន្ធ​​បញ្ហា​នានានៃ​បុគ្គល​ម្នាក់ៗ នៅ​អាយុ ១២​ឆ្នាំ និង​លើសពី​នេះ ចាប់តាំង​ពី​ឆ្នាំ ១៩៧១។ ក្រុម​ស្រាវជ្រាវ បាន​ពិនិត្យ​លើ​ការ​ឆ្លើយតប​ពី​ក្មេង​ជំទង់​ជាង ២០០.០០០​នាក់ អាយុ​ពី ១២-១៧ ​ឆ្នាំ ធ្វើឡើងចាប់​ពី​​ឆ្នាំ ​២០០៥-២០១៧ និង​យុវជន​ជិត ៤០០.០០០​នាក់ អាយុ​ ១៨ឆ្នាំ និង​លើសពី​នេះ ចាប់ពី​ឆ្នាំ ​២០០៨-២០១៧។

    បណ្តាញសង្គមនិងជំងឺបាក់ទឹកចិត្ត Hello គ្រូពេទ្យ

    សំណួរស្ទង់មតិ មិន​បាន​សួរថាតើពួកគេបានកើតមាន​រោគសញ្ញា ជំងឺ​បាក់ទឹកចិត្ត ឬ​ស្ថានភាព​ផ្លូវចិត្ត​ផ្សេងទៀត​នោះទេ ដោយ​បង្វែរ​ជា​សំណួរ​ថា ធ្លាប់ជួបប្រទះ​រោគសញ្ញា​បាក់ទឹកចិត្ត កាលពី​ឆ្នាំ​មុនដែរទេ។ អាត្រា​អ្នកឆ្លើយថា ​មានពាក់ព័ន្ធ​ជាមួយ​រោគសញ្ញា​​ជំងឺ​បាក់ទឹកចិត្ត​ក្នុង​រយៈពេល ១២​ខែ បានកើនឡើង​ដល់ ៥២% ​ក្នុង​ចំណោម​ក្មេង​ជំទង់អាយុ​ពី ១២-១៧ ​ឆ្នាំ និង ៦៣​% ក្នុង​ចំណោម​យុវជន​អាយុ ១៨-២៥​ ឆ្នាំ ពី​ឆ្នាំ ​២០០៩-២០១៧។

    ចំណែក​អាត្រា​នៃ​យុវជន​គិត​ធ្វើ​អត្តឃាត ​លទ្ធផល​ពាក់ព័ន្ធ​នឹង​អត្តឃាត បានកើនឡើង​ដល់ ៤៧% ក្នុង​ការ​សិក្សាចន្លោះ​ឆ្នាំ​២០០៨-២០១៧។ មូលហេតុ​ចម្បង​នៃ​កំណើន​នេះ អាច​​បណ្ដាល​មកពី​ការប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​ឌីជីថល ជះឥទ្ធិពល​ខ្លាំង​លើ​ក្រុមយុវវ័យ និង​ក្មេង​ជំទង់ ជាង​មនុស្ស​ពេញវ័យ ​មាន​ជីវភាព​​​នឹងនរ​ក្នុង​សង្គម។

    អត្ថបទពាក់ព័ន្ធ៖

    • នុ៎ះប្រុសៗ! ប្រយ័ត្នកើត​ជំងឺបាក់​ទឹក​ចិត្តដោយមិនដឹងខ្លួន
    • នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត

    លោកស្រី​សាស្រ្តាចារ្យ​បន្ត​ថា លទ្ធផល​ទាំងនេះ ទំនងជា​ដោយសារ​ហ្សែន និង​បញ្ហា​សេដ្ឋកិច្ច ចាំបាច់​ត្រូវ​ធ្វើការ​សិក្សា​បន្ថែម ដើម្បី​ស្វែងយល់រវាង​​ទំនាក់ទំនង​ឌីជីថល នាំ​ឲ្យ​រារាំង​ទំនាក់ទំនង​ដោយ​ជួប​មុខផ្ទាល់ ជះ​ឥទ្ធិពល​លើ​បញ្ហា​អារម្មណ៍ និង​លទ្ធផល​ពាក់ព័ន្ធករណី​​អត្តឃាត។

    ការ​សិក្សារ​ថ្មីៗជាច្រើន បង្ហាញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាន់តែច្រើន បាន​ពាក់ព័ន្ធ​ជាមួយ​រោគសញ្ញា​នានា​របស់​ជំងឺថប់បារម្ភ ភាព​ឯកោពី​សង្គម និង​ការ​មាន​អារម្មណ៍​ឯកោ។

    ប៉ុន្ដែ​លោក អ៊ារុន ហ្វប្យ៊ាន អ្នកចិត្តសាស្រ្ត និងជា​សាស្រ្ដាចារ្យ​ផ្នែក​ចិត្តវិទ្យា នៃ​សាកលវិទ្យាល័យ Alabama បាន​ព្រមាន​ចំពោះ​លទ្ធផល​នៃ​ការសិក្សា​នេះ។ លោក​ថា “យើងមិន​អាច​និយាយ​ច្បាស់ថា ការកើនឡើងជំងឺផ្លូវចិត្ត ដែល​យើងកំពុង​មើលឃើញ ជាលទ្ធផល​ផ្ទាល់​នៃ​ការប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​សង្គមនោះទេ… ឧទាហរណ៍ យុវវ័យ អាចមាន​រោគសញ្ញា​បាក់ទឹកចិត្ត ឬថប់បារម្ភ រួច​ទៅ​ហើយ ទើបពួកគេចំណាយ​ពេលវេលា​កាន់តែច្រើន​លើ​បណ្តាញ​សង្គម ដើម្បី​ស្វែងរក​វិធីទំនាក់​ទំនង“។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម