ត្បិតថា ប្រទេសយើង មិនធ្លាប់មានការរញ្ជួយដីធ្ងន់ធ្ងរក៏ពិតមែន តែគ្រោះធម្មជាតិគ្មានអ្នកណាអាចស្មានដឹងមុនទេ អ៊ឹចឹងហើយ គ្នាយើងគួរចេះពីរបៀបការពារខ្លួនឱ្យហើយ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងករណីមានការរញ្ជួយដីកើតឡើង។
១. ក្រាបចុះ
ក្នុងករណីភាគច្រើន យើងអាចការពារខ្លួនបាន ប្រសិនបើយើងអនុវត្តន៍បែបនេះភ្លាមៗ
- ក្រាបចុះភ្លាមៗ ដើម្បីជៀសវាងការដួល
- យកដៃក្តោបក្បាល និងក ពួននៅក្រោមតុរឹងមាំ
២. ប្រសិនបើនៅក្នុងផ្ទះ
កុំរត់ទៅខាងក្រៅ ឬបន្ទប់ផ្សេងទៀតអំឡុងពេលរញ្ជួយដី។ ការនៅនឹងមួយកន្លែង អាចបញ្ចៀសការរងរបួសបានមួយភាគដែរ ហើយដើម្បីកាត់បន្ថយការរងរបួស គ្នាយើងគួរអនុវត្តន៍វិធានខាងក្រោម៖
- បើអាច ត្រូវជៀសឱ្យឆ្ងាយពីកញ្ចក់ ធ្នើដាក់សៀវភៅ ឬគ្រឿងសង្ហារឹមធំៗ ដែលអាចដួលសង្កត់លើយើងបាន
- ព្យាយាមចាប់យកវត្ថុដែលអាចការពារក្បាល និងផ្ទៃមុខរបស់យើងបានពីកម្ទេចកម្ទី ឬអំបែងកញ្ចក់
- ប្រសិនបើនៅក្នុងផ្ទះបាយ ចូលបិទចង្ក្រានហ្គាស
- ប្រសិនបើនៅលើគ្រែ គួរនៅមួយកន្លែង ហើយយកខ្នើយការពារក្បាល។























