ការសិក្សា ធ្វើឡើងដោយសមាគមគ្រូពេទ្យអង់គ្លេស ចេញផ្សាយលើគេហទំព័រ Dailymail ដើមសប្ដាហ៍នេះ ផ្តោតលើគ្រូពេទ្យសរុប ៤.៣០០នាក់ ហើយជាលទ្ធផល គ្រូពេទ្យ ២៧% មានបញ្ហាផ្លូវចិត្ត។ គ្រូពេទ្យ ២/៥ នាក់ មានបញ្ហាអារម្មណ៍ ដូចជា ស្មុគស្មាញ បាក់ទឹកចិត្ត តានតឹងអារម្មណ៍ និងទុក្ខព្រួយ ខណៈ ១/៣ នាក់ សារភាពថា បានផឹកស្រា និងប្រើប្រាស់ថ្នាំ ដើម្បីជួយផ្លូវអារម្មណ៍ និងសុខភាព។ ស្មុគស្មាញដោយសារសម្ពាធការងារ ជំរុញឲ្យគ្រូពេទ្យជាច្រើន តានតឹងអារម្មណ៍ បាក់ទឹកចិត្ត និងផឹកស្រា ក្នុងនោះ ពេទ្យស្រី ជួបបញ្ហាច្រើនជាងពេទ្យប្រុស។
ជាមួយគ្នានេះ គ្រូពេទ្យ ធ្វើការច្រើនជាង ៥១ ម៉ោង/សប្ដាហ៍ ត្អូញត្អែរថា រងការប៉ះពាល់ដល់សុខភាពខ្លួន។ សមាគមគ្រូពេទ្យអង់គ្លេស បញ្ជាក់ថា សម្ពាធការងារក្នុងសេវាកម្មសុខាភិបាលជាតិ កំពុងបង្កឲ្យមានកំណើនវិបត្តិផ្លូវចិត្តកាន់តែច្រើន ស្របពេលសេវាសុខាភិបាលជាតិ មានបុគ្គលិកសរុបដល់ទៅ ១,៧លាននាក់ គឺច្រើនជាងគេនៅអង់គ្លេស។ បុគ្គលិក ៨០% ជាវេជ្ជបណ្ឌិត និងសិស្សពេទ្យ មានហានិភ័យប្រឈមខ្ពស់នឹងការអស់កម្លាំង បណ្ដាលមកពីនឿយហត់ការងារ។