បង្គា មានទាំងក្នុងទឹកប្រៃ និងទឹកសាប ហើយជាអាហារឆ្ងាញ់ និងមានប្រូតេអ៊ីនខ្ពស់ គ្រប់គ្នាចូលចិត្តញ៉ាំ លើកលែងតែអ្នកមានអាលែកហ្ស៊ីជាមួយគ្រឿងសមុទ្រប៉ុណ្ណោះ។ រឿងគួរឲ្យភ្ញាក់ផ្អើលមួយ គឺក្នុងខ្លួនបង្គាទន្លេ ឬយើងនិយមហៅថា បង្គាទឹកសាប នៅអង់គ្លេស មានសារធាតុញឿន កូកាអ៊ីន។
អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ King’s College ក្នុងក្រុងឡុងដ៍ និងសាកលវិទ្យាល័យ Suffolk តេស្ដបង្គាទន្លេ យកមកពី ១៥ ទីតាំងផ្សេងគ្នាក្នុងតំបន់ជនបទ Suffolk ឃើញថា សុទ្ធតែមានសារធាតុញឿន កូកាអ៊ីន។ ក្រៅពីនេះ សារធាតុញឿន ១ប្រភេទទៀត កេតាមីន និងជាតិថ្នាំសម្លាប់សត្វល្អិតហាមឃាត់ ក៏មានក្នុងខ្លួនបង្គាដែរ។ អ្នកស្រាវជ្រាវថា “វាជាការរកឃើញគួរឲ្យភ្ញាក់ផ្អើលមួយ” តែផលប៉ះពាល់លើបង្គា ហាក់នៅកម្រិតទាបនៅឡើយ។