សិង្ហបុរី ជាប្រទេសស៊ីវិល័យ មានស្ដង់ដាររស់នៅ និងសុខាភិបាលខ្ពស់ ពេលនេះមានលេចឡើងនៅជំងឺម្យ៉ាង គឺជំងឺអុតស្វាយ (Monkeypox) ធ្វើឲ្យអាជ្ញាធរសិង្ហបុរី បង្កើនការប្រុងប្រយ័ត្ន។ តើជំងឺនេះមានប្រភពមកពីណា?
ក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ប្រកាសថា បុរសជនជាតិនីហ្សេ៊រីយ៉ា វ័យ ៣៨ឆ្នាំម្នាក់ តេស្ដឈាមរកឃើញថា ឆ្លងជំងឺ Monkeypox។ អ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងបន្ទប់ដាច់តែឯង នៅមជ្ឈមណ្ឌលជាតិជំងឺឆ្លង (NCID)។ ក្រសួង បញ្ជាក់ថា នេះជាករណីទី១ នៅសិង្ហបុរី។
ក្រសួងដដែលនេះ បន្ថែមថា អ្នកជំងឺបានញ៉ាំសាច់សត្វព្រៃ ក្នុងពិធីអាពាហ៍ពិពាហ៍មួយ នៅប្រទេសនីហ្សេ៊រីយ៉ា មុនលោកចូលមកក្នុងប្រទេសសិង្ហបុរី ដើម្បីចូលរួមសិក្ខាសាលាមួយ ចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៩។
ត្រឹមព្យាបាល និងដាក់ឲ្យអ្នកជំងឺនៅដាក់តែឯង មិនទាន់គ្រប់គ្រាន់ទេ សម្រាប់ក្រសួងសុខាភិបាលសិង្ហបុរី។ ក្រសួង បានស្វែងរក និងកំណត់អត្តសញ្ញាណមនុស្សចំនួន ២៣នាក់ ដែលមានទំនាក់ទំនងជាមួយនឹងអ្នកជំងឺទៀត។ មនុស្សទាំង ២៣នាក់នេះ បានទទួលវ៉ាក់សាំង អាចការពារ និងកាត់បន្ថយភាពប្រឈមធ្ងន់ធ្ងរ នៃជំងឺនេះ ព្រមទាំងដាក់ឲ្យនៅដាច់តែឯង ក្រោមការត្រួតពិនិត្យ រយៈពេល ២១ថ្ងៃ។