
ដោយឡែក លោកវេជ្ជបណ្ឌិត Gregg Fonarow អ្នកជំនាញផ្នែកបេះដូង នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក បានបញ្ជាក់ថា ជាតិកាហ្វេអ៊ីនអាចមានឥទ្ធិពលលើបេះដូង (បង្កើនកម្លាំង) តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដរាបណាមិនញ៉ាំជាតិកាហ្វេអ៊ីនច្រើនហួសហេតុ។ លោកអះអាងបែបនេះ ក៏ព្រោះក្រុមស្រាវជ្រាវរបស់លោកបានរកឃើញថា អ្នកធ្វើការដែលមានទម្លាប់ផឹកកាហ្វេ ១ ឬ ២ ពែង/ថ្ងៃ ពុំសូវមានអត្រាជំងឺបេះដូងទេ តែផ្ទុយទៅវិញអ្នកដែលមិនដែលផឹកសោះ បែរជាមានអត្រាជំងឺបេះដូងខ្ពស់ជាងអ្នកធ្វើការទាំងនោះទៅវិញ។
លោកសាស្រ្តាចារ្យ Gregg Fonarow បានបន្ថែមទៀតថា កាហ្វេមានផ្ទុកសារធាតុរាប់ពាន់សមាសធាតុ ដែលមានទាំងសារធាតុប្រឆាំងមហារីក Antioxidant និងមានសារធាតុជួយរាងកាយប្រឆាំងនឹងដំណើរហើមរលាកផងដែរ ដែលទាំងនេះសុទ្ធសឹងជាគុណសម្បត្តិ។
ជាមួយការសិក្សាស្រាវជ្រាវមួយធ្វើឡើងនៅចក្រភពអង់គ្លេសឯណោះវិញ បានសិក្សាប្រមូលផ្តុំគ្នាលើទិន្នន័យសុរប ពីយុវជនប្រមាណជិត ៣ សែននាក់ ទូទាំងចក្រភពអង់គ្លេស ពោលគឺមានប្រទេសអង់គ្លេស វ៉ែល ស្កុតឡែន និងអៀរឡង់ខាងជើង បានបង្ហាញថា ការញ៉ាំកាហ្វេច្រើន លើសពី ៦ ពែង/ថ្ងៃ ពិតជាបង្កហានិភ័យជំងឺផ្សេងៗដល់យុវជន ទោះបីជាពួកគេមានប្រព័ន្ធស៊ាំការពាររាងកាយខ្លាំងក៏ដោយ ដោយឡែកកាហ្វេត្រឹមតែ ១-២ ពែង/ថ្ងៃ បែរជាមានអត្ថប្រយោជន៍សម្រាប់រាងកាយទៅវិញ។