បុរសម្នាក់បានស្លាប់ ផឹកលើសកម្រិត ព្រោះតែចង់ឈ្នះពីការប្រកួតផឹកស្រា អំឡុងកម្មវិធីជប់លៀងក្រុមហ៊ុនដែលខ្លួនកំពុងបម្រើការ ដែលរៀបចំដោយក្រុមហ៊ុនស៊ីឈ្នួលរៀបចំកម្មវិធីកម្សាន្តមួយផ្សេងទៀត កាលពីចុងខែ មិថុនាកន្លងទៅ។
លោក Kittisak Klabdee ទីប្រឹក្សាក្រសួងសុខភាពសាធារណៈថៃ បញ្ជាក់ថា បុរសដែលស្លាប់នោះ មានកម្រិតអាល់កុលក្នុងឈាម ៤០០មីល្លីក្រាម/ដេស៊ីលីត្រ ឯកម្រិតសុវត្ថិភាពខ្ពស់បំផុតត្រឹមតែ ៣០០មីល្លីក្រាម/ដេស៊ីលីត្រ។ លោកបន្តថា បរិមាណដ៏ច្រើនលើសកម្រិតជាតិអាល់កុលក្នុងខ្លួននេះ អាចបណ្ដាលឲ្យអ្នកផឹក បាត់ដង្ហើម(ដាច់ខ្យល់) ភ្លាមៗ។
ក្រោយមានករណីស្លាប់បាត់បង់ជីវិតពីការប្រណាំងប្រជែងប្រកួតផឹករកជើងខ្លាំងពីការរៀបចំកម្មវិធីកម្សាន្តនេះដែរ បណ្ដាញយុវជនក្រុមការពារអ្នកសេពគ្រឿងស្រវឹងថ្មី បានដាក់ញត្តិមួយច្បាប់ជូនក្រសួងសុខាភិបាលថៃ ស្នើឲ្យក្រសួងបន្ថែមការរឹតបន្ដឹងច្បាប់គ្រឿងស្រវឹង ជាពិសេសចំពោះការរៀបចំ ឬក្រុមអ្នករៀបចំកម្មវិធី ឬការប្រកួតផឹកស្រា ដែលបានសម្លាប់មនុស្សដូចករណីនៅខេត្ត Phetchaburi នេះជាឧទាហរណ៍ស្រាប់។