អាជ្ញាធរសុខាភិបាលកាណាដា បានប្រាប់ឲ្យប្រជាជនប្រយ័ត្នចំពោះសូណាដោយវិទ្យុសកម្ម ដែលអះអាងថា អាចព្យបាលជំងឺទឹកនោមផ្អែម អូទីស្សឹម និងជំងឺធ្ងន់ធ្ងរជាច្រើនទៀត។ អាជ្ញាធរ ព្រមានថា អ្នកជំងឺអាចប្រឈមនឹងហានិភ័យ ប្រសិនបើពួកគេសម្រេចទៅសូណាដោយវិទ្យុសកម្ម ដើម្បីជួយព្យាបាលជំងឺ។
ចំណែកអ្នកជំងឺ ដែលបានទៅសូណាដោយវិទ្យុសកម្មហើយ គួរទៅជួបជាមួយគ្រូពេទ្យ ដើម្បីតាមដាន និងពិនិត្យលើស្ថានភាពជំងឺ។
សូណាដោយវិទ្យុសកម្ម មិនត្រូវអនុញ្ញាតនោះទេ នៅក្នុងប្រទេសកាណាដា ប៉ុន្ដែមានជំនួញជាច្រើន ជួយផ្សព្វផ្សាយ ដោយអះអាងថា វាអាចព្យាបាលអូទីស្សឹម ជំងឺទឹកនោមផ្អែម ជំងឺធ្ងន់ធ្ងរជាច្រើន និងជួយបញ្ចុះទម្ងន់ផងដែរ។