លោក Sim Tze Tzin រដ្ឋមន្រ្តីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី បញ្ជាក់ថា គ្មានការអនុញ្ញាតឲ្យនាំចូលម្ទេសក្រហមវៀតណាមទៀតទេ រហូតដល់ចុងឆ្នាំ២០១៩។ ការបញ្ជាក់ដូច្នេះ ក្រោយការតេស្ដពិនិត្យគំរូម្ទេសក្រហមពីប្រទេសវៀតណាម រកឃើញថា មានកម្រិតជាតិពុល (MRL) លើសកម្រិតអនុញ្ញាត។
ក្រសួងកសិកម្មម៉ាឡេស៊ី បានជូនដំណឹងទៅអាជ្ញាធរវៀតណាម ដើម្បីចាត់វិធានការសមស្រប និងរាយការណ៍ពីវិធានការនានា ដែលត្រូវដាក់ចេញ ដើម្បីទទួលបានការលើកលែងបម្រាមវិញ។ ជាងនេះទៅទៀតត ក្រសួងកសិកម្មម៉ាឡេស៊ី បានរៀបចំលក្ខខណ្ឌអនាម័យ សម្រាប់ការនាំចូលម្ទេសស្រស់ពីវៀតណាម ដូចជាតម្រូវឲ្យមានលិខិតបញ្ជាក់ទម្លាប់កសិកម្មល្អ និងជំរុញការដាំម្ទេសក្នុងស្រុក ដែលពុំប្រើថ្នាំសម្លាប់សត្វល្អិត និងមានគុណភាពល្អ ស្របតាមតម្រូវការ។