ឆេះឃ្លាំងអំពូលនៅក្រុងហាណូយ អាជ្ញាធរថា អាហារនៅជុំវិញ ១គីឡូម៉ែត្រ មានជាតិពុល

    ឆេះឃ្លាំងអំពូលនៅក្រុងហាណូយ អាជ្ញាធរថា អាហារនៅជុំវិញ ១គីឡូម៉ែត្រ មានជាតិពុល

    នៅ​ល្ងាច​ថ្ងៃពុធ កន្លង​ទៅ ឃ្លាំង​អំពូល ៦០០​ម៉ែត្រការ៉េ នៅ​ផ្លូវ Ha Dinh សង្កាត់ Thanh Xuan ក្រុង​ហាណូយ របស់​វៀតណាម បាន​ឆេះ​អស់ជិត​ពាក់កណ្ដាល បំភាយ​ផ្សែង និង​ធូលី​យ៉ាងខ្លាំង។ ឃ្លាំងនេះ ជា​របស់​ក្រុមហ៊ុន ២ គឺ Rang Dong Light Source និង Vacuum Flask ដែល​ចូលហ៊ុន រកស៊ី​ជាមួយ​គ្នា។

    ក្រោយ​ការ​ឆេះ​នេះ អាជ្ញាធរ​វៀតណាម ប្រកាស​ថា បន្លែ ផ្លែឈើ និង​សាច់ ដែល​ដាក់​លក់​នៅ​ជុំវិញ​ឃ្លាំង​អំពូល ចំនួន ១គីឡូម៉ែត្រ មិនត្រូវ​បរិភោគ​នោះទេ ដោយសារ​បារម្ភ​ពី​ជាតិ​ពុល សាយភាព​ពី​ឃ្លាំង​អំពូល។ ការហាមឃាត់​នេះ មាន​រយៈពេល ២១​ថ្ងៃ។ ចំណែក​បន្លែ និង​ផ្លែឈើ ដែល​ដាំនៅ​ជុំវិញ​ឃ្លាំង​អំពូល ចំនួន ៥០០​ម៉ែត្រ ត្រូវ​បំផ្លាញ​ចោល។

    អាជ្ញាធរ បញ្ជាក់​ថា ផ្សែង និង​ជាតិ​ពុល​ផ្សេងៗ ដែល​សាយភាព​ពី​ការឆេះ​ឃ្លាំង បាន​ប៉ះពាល់​សុខភាព​មនុស្ស ដែល​រស់នៅ​ជិត​ឃ្លាំង​អំពូល​នោះ។ អាជ្ញាធរ ណែនាំ​ឲ្យ​ជម្លៀស​កុមារ និង​មនុស្ស​ចាស់ ចេញ​ពី​ផ្ទះ​ដែល​នៅ​ជុំវិញ​ឃ្លាំង រយៈពេល ១០​ថ្ងៃ។

    ចំណែក​អ្នក​មាន​រោគសញ្ញា ក្អក ឈឺទ្រូង និង​ក្តៅខ្លួន​ភ្លាមៗ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។ សម្លៀកបំពាក់ ដែល​រង​ការ​ប៉ះពាល់​ជាមួយ​ផ្សែង ត្រូវ​បោកគក់​ជាមួយ​សាប៊ូ​ឲ្យ​ស្អាត។

    លោក Tran Hong Con បម្រើ​ការងារ​នៅ​ផ្នែក​គីមីវិទ្យា នៃ​សាកលវិទ្យាល័យ​ជាតិ​ក្រុង​ហាណូយ បញ្ជាក់​ថា អំពូលភ្លើង មានផ្ទុក​កែវ ប្លាស្ទិក និង​បារត ហើយ​នៅពេល​ឆេះ ជាតិ​ម្សៅ​ប្លាស្ទិក បារត និង Fluorescent ដែល​បាន​រលាយ និង​សាយភាយ​ចូល​ក្នុង​ខ្យល់ បណ្ដាល​ឲ្យ​មនុស្ស​ឈឺក្បាល និង​ឈឺទ្រូង។

    បារត គឺជា​ជាតិពុល ហើយ​បើ​រាងកាយ​មនុស្ស ស្រូបយក​ជាតិ​បារត​លើស​កម្រិត វា​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ជាច្រើន ជាពិសេស​ជំងឺ​ស្លេកស្លាំង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 30/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត