ជំងឺអេដស៍ជាជំងឺសាហាវ ដោយឆ្លងតាមរយៈការរួមភេទ ឈាម ឬទឹករងៃ ពីអ្នកផ្ទុក ហើយគ្មានថ្នាំព្យាបាលឲ្យជាសះស្បើយ ឡើយ។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញវីរុសជំងឺអេដស៍ ប្រភេទថ្មី លើបុរសវ័យ ១៩ឆ្នាំម្នាក់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺអេដស៍ជាជំងឺសាហាវ ដោយឆ្លងតាមរយៈការរួមភេទ ឈាម ឬទឹករងៃ ពីអ្នកផ្ទុក ហើយគ្មានថ្នាំព្យាបាលឲ្យជាសះស្បើយ ឡើយ។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញវីរុសជំងឺអេដស៍ ប្រភេទថ្មី លើបុរសវ័យ ១៩ឆ្នាំម្នាក់។
វីរុសជំងឺអេដស៍ប្រភេទថ្មីនេះ ជាផ្នែកមួយនៃ Group M នៃវីរុស HIV-1 ដោយស្ថិតនៅក្នុងក្រុមតែមួយ នៃវីរុស ដែលបង្កការរាលដាលនៅទូទាំងពិភពលោក។ ការរកឃើញនេះ ធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Missouri របស់អាមេរិក។
ជំងឺអេដស៍ មានប្រភេទវីរុសផ្សេងៗគ្នាជាច្រើន ដូចវីរុសជំងឺដទៃទៀតដែរ ហើយមានសមត្ថភាពកែប្រែ និងបម្លែង តាមពេលវេលា។ តែវីរុសប្រភេទថ្មីខាងលើនេះ ត្រូវបានប្រទះឃើញជាលើកដំបូង ចាប់តាំងពីការចាត់ថ្នាក់ប្រភេទវីរុសជំងឺអេដស៍ នៅឆ្នាំ២០០០។
ទោះយ៉ាងណា វេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិជំងឺឆ្លង និងអាលែហ្ស៊ីអាមេរិក បញ្ជាក់ថា ការព្យាបាលបច្ចុប្បន្ន មានប្រសិទ្ធភាពលើវិរុសប្រភេទថ្មី និងប្រភេទផ្សេងទៀត។ លោកបន្ថែមថា គ្មានមូលហេតុ ដែលវីរុសប្រភេទថ្មីនេះ អាចរាលដាល ឬត្រូវកង្វល់នោះទេ ហើយមានមនុស្សតិចតួចនៅឡើយ បានឆ្លងវីរុសជំងឺអេដស៍ប្រភេទថ្មីនេះ។
ក្នុងសេចក្តីប្រកាសរបស់សាកលវិទ្យាល័យ Missouri បញ្ជាក់ថា ការរកឃើញថ្មីនេះ រម្លឹកយើងពីការរាលដាលនៃជំងឺអេដស៍ ដោយវីរុសជំងឺនេះ កំពុងកែប្រែ និងបម្លែងខ្លួន ហើយយើងត្រូវប្រើរាល់ការអភិវឌ្ឍចុងក្រោយ នៃបច្ចេកវិទ្យា និងធនធាន ដើម្បីគ្រប់គ្រងការវិវត្តរបស់វីរុសនៃជំងឺអេដស៍។
តាមអង្គការសុខភាពពិភពលោក បច្ចុប្បន្ន មានមនុស្សប្រមាណ ៣៦,៧លាននាក់ នៅទូទាំងពិភពលោក រស់នៅជាមួយជំងឺអេដស៍។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕