home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកឆ្លងវីរុស COVID-19 នៅខេត្តហ៊ូប៉ី ធ្លាក់ក្រោម​១០​នាក់​ ឯ ៣ ប្រទេសផ្សេងកំពុងឆ្លងខ្លាំង

អ្នកឆ្លងវីរុស COVID-19 នៅខេត្តហ៊ូប៉ី ធ្លាក់ក្រោម​១០​នាក់​ ឯ ៣ ប្រទេសផ្សេងកំពុងឆ្លងខ្លាំង

អត្រាអ្នកឆ្លងវីរុស COVID-19 មានការកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក ប្រទេសអ៊ីតាលី និងប្រទេសអ៊ីរ៉ង់ តែនៅ​តំបន់​ផ្ទុះវីរុស COVID-19 ក្នុង​ប្រទេសចិន​ឯណោះវិញអត្រាឆ្លងមានត្រឹមតែ៨នាក់់នៅ​ថ្ងៃនេះ។

ក្រោយពី​ករណី​អ្នក​ឆ្លង​វីរុស COVID-19 នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ជាង​១១០០នាក់​ លោក Trump ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​បិទ​ការ​ធ្វើដំណើរ​ពី​ប្រទេស​នានានៅ​ទ្វីប​អឺរ៉ុប​ចូល​មក​អាមេរិក​លើកលែងតែ​ប្រទេស​អង់គ្លេសដែលមាន​រយៈពេល​៣០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃសុក្រ​នៅ​ម៉ោង​១២ព្រឹក។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា វិធានការណ៍​ថ្មី​ក៏​ត្រូវ​បាន​អនុវត្ត​ទៅ​លើពាណិជ្ជកម្ម និង​ទំនិញ​ដែលមានបរិមាណ​ច្រើន និង​របស់របរ​ផ្សេងទៀត​។

បន្ថែម​ពី​នេះ​ទៀត​ សាលារៀន​នៅ​រដ្ឋ​វ៉ាស៊ីនតោន​បាន​ប្រកាស​បិទ​រយៈពេល​ពីរ​សប្ដាហ៍ និង​រដ្ឋាភិបាល​បានហាម​ឃាត់​​ការ​ជួបជុំ​ដែល​មាន​មនុស្ស​ច្រើន​ជាង​២៥០នាក់​នៅ​ទីក្រុង​ Seattle។ ការ​ប្រកួត​កីឡា​ និងកម្មវិធី​ទូរទស្សន៍​ផ្សេងៗ​ក៏​នឹង​ធ្វើ​ឡើង​ដោយ​មិន​មាន​ទស្សនិកជន។ ក្រៅពីនេះ រដ្ឋា​ភិបាល​ក៏​បាន​ហាម​ប្រជាជន​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប។

នៅប្រទេស​អ៊ីតាលី​ក៏​បានប្រកាស​​បិទ​ប្រទេស​ទាំង​មូល​កាល​ពីថ្ងៃទី១០ ខែ​មីនាកន្លង​ទៅនេះ និង​បាន​ប្រកាស​ប្រាប់​ប្រជាជន​ឲ្យ​នៅ​ផ្ទះ ហាមឃាត់​ការ​ជួបជុំ​នៅ​ទី​សាធារណៈ និង​កម្មវិធី​ប្រកួត​បាល់ទាត់។ ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​ហាម​ឃាត់ លុះត្រាតែ​ក្នុង​ករណី​មាន​ការងារ​បន្ទាន់ ឬមូលហេតុ​ទាក់ទង​នឹង​សុខភាព។ ការ​រៀប​អាពាហ៍ពិពាហ៍ និង​បុណ្យសព​ក៏​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អំឡុងពេល​បី​សប្ដាហ៍នៃការធ្វើចត្តាឡីស័ក។ ភោជនីយដ្ឋាន និង​ក្លឹមស្សាន្ត​ត្រូវបិទ​នៅ​ម៉ោង​៦ល្ងាច។ ទោះបីមាន​ការ​បិទ​ប្រទេស​ទាំង​មូលក៏ដោយ ជនជាតិ​អ៊ីតាលី​នៅ​ប្រទេស​ផ្សេង​ក៏អាច​ត្រលប់​មក​ផ្ទះ​វិញបាន។

នៅ​ថ្ងៃទី១១ ខែមីនា​ លោក Giuseppe Conte នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលីក៏បាន​ប្រកាស​ឲ្យ​ហាង​ទំនិញ​ទាំងអស់​បិទទ្វារ​ លើកលែងតែ​ឱសថស្ថាន និង​ហាងអាហារ​។ ប្រទេស​អ៊ីតាលី​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ករណី​ឆ្លង​វីរុស COVID-19 ច្រើនជាងគេ​បន្ទាប់ពី​ប្រទេសចិន​ដែល​អ្នកឆ្លង​មានជាង ១២០០០ករណី និង​អ្នកស្លាប់​មាន ៨២៧នាក់។

ប្រទេស​អ៊ីរ៉ង់​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​ឆ្លង​ច្រើន​ដែរ​ដែលបច្ចុប្បន្ន​​មាន​ករណី​ឆ្លង ៩០០០នាក់ និង​អ្នកស្លាប់ ៣៥៤នាក់។ ​ប្រទេស​អ៊ីរ៉ង់​មិនទាន់​វិធានការណ៍ធ្វើចត្តាឡីស័កជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ផ្អាក​ការ​ធ្វើដំណើរដោយ​បិទ​សាលារៀន សាកលវិទ្យាល័យ និង​សណ្ឋាគារ​សម្រាប់​ទេសចរ​ដើម្បី​បញ្ឈប់​ការ​ធ្វើដំណើរ​។

ដោយឡែក​នៅថ្ងៃទី​១២ ខែមីនានេះ ប្រទេសចិន​បាន​ប្រកាស​ថា​រកឃើញ​អ្នកឆ្លង​ថ្មី​នៃ​វីរុស COVID-19 នៅ​ខេត្តហ៊ូប៉ី កន្លែង​ផ្ទុះវីរុសនេះមាន​ត្រឹមតែ៨នាក់ប៉ុណ្ណោះ។ នេះជាលើកដំបូងដែលអត្រាឆ្លង​នៅ​តំបន់ដែលផ្ទុះ​ការឆ្លង​មុនគេ​មាន​តួលេខត្រឹមតែមួយខ្ទង់។ រីឯនៅ​តំបន់​ផ្សេងទៀត​ក្នុង​ប្រទេសចិន​អត្រាអ្នកឆ្លង​ក្នុងស្រុកក៏​មាន​ការ​ថយចុះ​ដែរ​រយៈពេល៧ថ្ងៃកន្លងទៅនេះ នេះជាលទ្ធផល​នៃការអនុវត្ត​វិធានការណ៍​ហាមឃាត់​ការ​ធ្វើដំណើរ​របស់ប្រជាជន រួមទាំង​ការ​បិទ​ទីក្រុងអ៊ូហានដែលជាប្រភពផ្ទុះវីរុសនេះ។

ក្រៅពី​ខេត្តហ៊ូប៉ី នៅតំបន់​ផ្សេងទៀតក្នុងប្រទេសចិន​មាន​ករណី​ឆ្លងថ្មី​៧ករណី​ដែលក្នុងនោះ​៦ករណីគឺ​មកពី​ប្រទេសក្រៅ។ ដូចនេះ បច្ចុប្បន្នអត្រាអ្នកឆ្លងសរុប​នៅ​ប្រទេស​ចិនមានចំនួន ៨០ ៧៩៣ករណី ក្នុងនោះ​អ្នកជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យមាន ៦២ ៧៩៣នាក់​ រីឯអ្នកស្លាប់មាន ៣ ១៦៩នាក់។

គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងទូទាំងពិភពលោកមានជាង ១២៥ ០០០ករណី និងអ្នកស្លាប់ ៤ ៦២៣នាក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា