ជំងឺលើសសម្ពាធឈាម ឬយើងតែងចំណាំហៅថា លើសឈាម ជាជំងឺរ៉ាំរ៉ៃ កើតឡើងពេលសម្ពាធឈាមឡើងខ្ពស់រហូត ដោយមិនទាក់ទងជាមួយអាហារយើងញ៉ាំ ឬសកម្មភាពយើងបានធ្វើនោះទេ។
ចំពោះមូលហេតុដែលនាំកើតជំងឺលើសឈាម មាន ជក់បារី លើសជាតិខ្លាញ់ ផឹកស្រាច្រើន លើសគីឡូ ញ៉ាំប្រៃ កត្តាអាយុ ឬមានជំងឺ ដូចជា ទឹកនោមផ្អែម មានបញ្ហាតម្រងនោម សរសៃឈាមបេះដូង សុទ្ធតែប្រឈមមុខខ្ពស់នឹងជំងឺលើសឈាម។
ចំពោះករណីដែលយើងមានសម្ពាធឈាមឡើងខ្ពស់ខុសធម្មតា ដោយសារតែអារម្មណ៍ត្រេកអរ ភិតភ័យ ការធ្វើសកម្មភាពរាងកាយផ្សេងៗ (រត់ ជិះកង់ ឡើងជណ្តើរ…) គេងមិនគ្រប់គ្រាន់ ឬផឹកកាហ្វេ មិនចាត់ចូលជាអ្នកមានជំងឺលើសឈាមនោះទេ។ នេះបើតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសជំងឺទូទៅ នៅក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (Singapore Medical Center) កាលព្រឹកមិញនេះ លើប្រធានបទ “ជំងឺលើសឈាម’។
នៅកិច្ចពិភាក្សានោះដែរ លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ មាន វាសនា ក៏បានបញ្ជាក់ថា កម្រិតសម្ពាធឈាមល្អ ស្ថិតនៅចន្លោះ ១២០/៨០ មិល្លីម៉ែត្របារត។ ក្នុងករណីកើនដល់ ១៤០/៩០ មិល្លីម៉ែត្របារត មានន័យថាឡើងសម្ពាធឈាមហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីតាមដានពីសម្ពាធឈាម។
ការតាមដានសម្ពាធឈាមតែ ១ ដង មិនអាចបញ្ជាក់ថា យើងមានជំងឺលើសឈាម ឬអត់នោះទេ ក្នុងករណីដែលលទ្ធផលបញ្ជាក់ថា សម្ពាធឈាមយើងនៅតែកើនឡើងខ្ពស់ដដែល នោះមានន័យថា យើងមានជំងឺលើសឈាមហើយ។
ដើម្បីបានលទ្ធផលជាក់ច្បាស់ មុននឹងពិនិត្យសម្ពាធឈាម គ្រូពេទ្យណែនាំឲ្យយើងគេងឲ្យបានគ្រប់គ្រាន់ មិនត្រូវផឹកកាហ្វេ ឬធ្វើសកម្មភាពរាងកាយនានាៗ និងចេះបន្ធូរអារម្មណ៍តានតឹង ។
[embed-health-tool-heart-rate]