ជំងឺសរសៃឈាមបេះដូងកូរ៉ូនែ កើតឡើងពេលសរសៃឈាមធំៗភ្ជាប់ទៅនឹងបេះដូងបានរកការខូចខាត ឬមានជំងឺ។ វត្តមានកូលេស្តេរ៉ូលច្រើន(បង្កជាកំណក) នៅក្នុងសរសៃឈាមកូរ៉ូនែ និងការរលាក ជាមូលហេតុបង្កឲ្យមានជំងឺសរសៃឈាមបេះដូងកូរ៉ូនែ។
សរសៃឈាមបេះដូងកូរ៉ូនែមានតួនាទីផ្គត់ផ្គង់ឈាម អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅបេះដូង។ នៅពេលមានដុំកំណកកើតឡើង អាចធ្វើឲ្យសរសៃឈាមចង្អៀត និងកាត់បន្ថយលំហូរឈាមទៅកាន់បេះដូង។ នៅពេលដែលលំហូរឈាមទៅកាន់បេះដូងបានកាត់បន្ថយ អាចបង្កឲ្យមានអាការៈឈឺទ្រូង ហត់ដង្ហក់ ឬមានចេញរោគសញ្ញាផ្សេងៗទៀត។ ក្នុងករណីសរសៃឈាមត្រូវបានស្ទះទាំងស្រុង នោះអាចបង្កឲ្យមានបញ្ហាគាំងបេះដូងកើតឡើងបាន។
១. រោគសញ្ញា
បើសិនជាសរសៃឈាមបេះដូងកូរ៉ូនែរួមតូចចង្អៀត វាមិនអាចនាំយកឈាមផ្ទុកអុកស៊ីសែនទៅកាន់បេះដូងបានគ្រប់គ្រាន់ទេ ជាពិសេសនៅពេលបេះដូងប្រឹងច្របាច់ខ្លាំង ដូចជាពេលយើងធ្វើលំហាត់ប្រាណ។ ជាដំបូងៗ ការថយចុះនៃលំហូរឈាមមិនមានចេញរោគសញ្ញានោះទេ។ នៅពេលដែលដុំកំណកក្នុងសរសៃឈាមចេះតែបន្តកើនឡើង នោះយើងអាចនឹងវិវដ្ដទៅជាចេញរោគសញ្ញានៃជំងឺសរសៃឈាមបេះដូងកូរ៉ូនែ។ រោគសញ្ញាមានដូចជា៖
ឈឺទ្រូង៖ យើងអាចមានអារម្មណ៍ថាថប់ៗ និងណែនក្នុងទ្រូង ប្រៀបដូចមាននរណាម្នាក់កំពុងឈរនៅក្នុងទ្រូងយើងដូចនោះដែរ។ ការឈឺទ្រូងនេះ ច្រើនកើតឡើងនៅចំកណ្ដាលទ្រូង ឬផ្នែកខាងឆ្វេងនៃទ្រូង។ បញ្ហាឈឺទ្រូងនេះច្រើនភ្ញោចឲ្យកើតឡើងបានដោយសារសកម្មភាពរាងកាយខ្លាំងៗ ឬការប៉ះពាល់ផ្នែកអារម្មណ៍ណាមួយកើតមាន។ អាការៈឈឺចាប់នេះអាចនឹងបាត់ទៅវិញនៅប៉ុន្មាននាទីក្រោយពីយើងបញ្ឈប់សកម្មភាពរាងកាយ។ អ្នកខ្លះ ពិសេសស្រ្តី ការឈឺចាប់នេះអាចមានរយៈពេលខ្លី និងខ្លាំង ហើយអាចមានអារម្មណ៍ឈឺនៅក ខ្នង និងដៃ។
ហត់ដង្ហក់៖ នៅពេលបេះដូងមិនអាចបូមឈាមបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់រាងកាយ យើងអាចនឹងមានបញ្ហាហត់ដង្ហក់ ឬអស់កម្លាំងខ្លាំង។
គាំងបេះដូង៖ នៅពេលសរសៃឈាមបេះដូងកូរ៉ូនែត្រូវស្ទះទាំងស្រុង នោះអាចនឹងបង្កឲ្យមានបញ្ហាគាំងបេះដូងកើតឡើងបាន។ រោគសញ្ញា និងសញ្ញាជាទូទៅនៃបញ្ហាគាំងបេះដូង រួមមានសម្ពាធបុកនៅនឹងទ្រូង និងឈឺចាប់ស្មា ឬដៃ និងមានពេលខ្លះធ្វើឲ្យយើងហត់ដង្ហក់ និងបែកញើស។
សម្រាប់មនុស្សស្រី ហាក់មិនសូវមានរោគសញ្ញាគួរឲ្យកត់សម្គាល់ដូចបុរសទេ។ ពេលខ្លះរោគសញ្ញាគាំងបេះដូងលើស្រ្តីមានដូចជាឈឺក ឬថ្គាម និងមានរោគសញ្ញាខ្លះទៀតដូចជាហត់ដង្ហក់ អស់កម្លាំង ឬចង្អោរ។
ពេលខ្លះទៀត បញ្ហាគាំងបេះដូង អាចកើតឡើងដោយមិនមានសញ្ញា ឬរោគសញ្ញាអ្វីនោះទេ។
២. ពេលណាគួរទៅជួបពេទ្យ?
បើសិនជាគិតថាយើងមានបញ្ហាគាំងបេះដូង ត្រូវស្វែងរកការសង្គ្រោះភ្លាមៗ និងមិនគួរបើកបរទៅមន្ទីរពេទ្យដោយខ្លួនឯងទេ លើកលែងតែគ្មានជម្រើស។
[embed-health-tool-heart-rate]