ចំពោះសញ្ញាដំបូង នៃអាការៈគាំងបេះដូងវិញ ប្រធានដេប៉ាតឺម៉ង់ ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា យើងចុកណែនដើមទ្រូង នៅពេលធ្វើការតិចតួច ឡើងជណ្តើរ លើករបស់ធ្ងន់។ នៅពេលជំងឺនេះកាន់តែវិវត្តធ្ងន់ធ្ងរ សូម្បីតែអ្នកជំងឺនៅស្ងៀមក៏ចុកដើមទ្រូងដែរ ដែលការចុកនេះមានរយៈពេលយូរ លើសពី ៣០នាទី និងមានអាការៈមួយចំនួនបន្ថែមទៀតដូចជា ហត់ បែកញើសខ្លាំង អស់កម្លាំង ឈឺក្បាល ឬវិលមុខ ក្អួត ដកដង្ហើមមិនប្រក្រតី។
ចំពោះវិធីសង្គ្រោះបឋមអ្នកជំងឺគាំងបេះដូង យើងត្រូវ៖
– ឲ្យអ្នកជំងឺសម្រាក អង្គុយនៅស្ងៀម
– កុំអ្នកជំងឺធ្វើចលនា
– ឲ្យអ្នកជំងឺដកដង្ហើមឲ្យបានគ្រប់គ្រាន់ វែងៗ
– កុំទៅរោមអ្នកជំងឺជិត ធ្វើថប់ខ្យល់ អត់មានអុកស៊ីសែនដកដង្ហើម
– ទូស័ព្ទហៅឡានពេទ្យ តាមលេខ ១១៩។
លោកវេជ្ជបណ្ឌិត សុខ ជួរ បន្ថែមថា បើមានអ្នកមានអាការៈគាំងបេះដូងហើយ កុំអូសបន្លាយពេលវេលា ដោយព្យាយាម ធ្វើតាមវិធីបុរាណដោយការកោសជប់ខ្យល់ ឬទៅបន់ស្រន់ផ្សេងៗ ព្រោះវិធីនេះមិនអាចជួយអ្នកជំងឺបានទេ។ ក្នុងករណីអ្នកជំងឺគាំងបេះដូង ធ្វើទុក្ខធ្ងន់ធ្ងរដល់ថ្នាក់បេះដូងលែងដើរ លោកវេជ្ជបណ្ឌិត ណែនាំឲ្យសង្គ្រោះដោយការធ្វើចលនាបេះដូង ដោយសង្កត់បេះដូង និងសប់ ឬផ្លុះខ្យល់ រង់ចាំគ្រូពេទ្យទៅដល់ ឬមុនមកដល់មន្ទីរពេទ្យ។