គ្នាយើងធ្លាប់ជួបអាការៈញ័រទ្រូងដែរទេ? អាការៈញ័រទ្រូងជាអារម្មណ៍បេះដូងលោត ឬកន្រ្តាក់ញាប់ខុសពីធម្មតាក្នុងរយៈពេលខ្លី ប៉ុន្មានវិនាទី ឬប៉ុន្មាននាទី ពេលខ្លះក៏អាចមានអារម្មណ៍ញ័រនៅក ឬបំពង់កដូចគ្នា។ ករណីញ័រទ្រូងអាចជាសញ្ញាផ្តល់ដំណឹងគ្រោះថ្នាក់ ប៉ុន្តែករណីខ្លះក៏មិនមែនជាសញ្ញាគ្រោះថ្នាក់ដែរ។ ធម្មតាសញ្ញាញ័រទ្រូងអាចកើតញឹកញាប់ ប៉ុន្តែយើងត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រាកដថាវាគ្រោះថ្នាក់ ឬអត់។
១.រោគសញ្ញាមានអ្វីខ្លះ?
មានអារម្មណ៍ថាបេះដូងកំពុងតែ៖
– ញ័រខ្លាំង
– លោតញាប់ពេក
– លោតរំលងចង្វាក់
– កន្ត្រាក់ខ្លាំងជាងរាល់ដង
អាចញ័រឡើងគ្រប់ពេល ត្រង់ដើមទ្រូងដល់ក ឬបំពង់ក មិនថាយើងកំពុងធ្វើការ ឬសម្រាក ឈរ អង្គុយ ឬដេកនោះទេ។ លើសពីនេះមានសញ្ញាផ្សេងទៀតក្រៅពីសញ្ញាខាងលើ បើយើងប្រទះឃើញមានសញ្ញាស្រដៀងនេះ សូមទៅ ពិគ្រោះជាមួយគ្រូពេទ្យ។
២.ពេលណាគួរទៅជួបពេទ្យ?
ពេលឃើញមានសញ្ញាដូចខាងក្រោមនេះ គ្នាយើងកុំអែអង់គួរឆាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៖
– ហត់
– វិលមុខ
– ឈឺដើមទ្រូង
– សន្លប់
៣.អ្វីខ្លះជាមូលហេតុបង្កបញ្ហាញ័រទ្រូង?
មូលហេតុធ្វើឲ្យញ័រទ្រូងមានច្រើន ទូទៅទាក់ទងសុខភាពបេះដូង បើទោះជាមានកត្តាច្រើនទៀតមិនត្រូវគេរកឃើញ ប៉ុន្តែមូលហេតុចម្បងមានដូចជា៖
– អារម្មណ៍រសាប់រសល់ ភ័យខ្លាច ឬស្ត្រេស ពិសេសពេលភ័យស្លន់ស្លោម្តងៗ
– ធ្វើការ ឬហាត់ប្រាណធ្ងន់លើសកម្រិត
– បង្កដោយសារធាតុកាហ្វេអ៊ីន នីកូទីន អាល់កុល ឬថ្នាំញៀនប្រភេទ កូកាអ៊ីន និងអំហ្វេតាម៉ីន
– ជំងឺក្រពេញទីរ៉ូអ៊ីត ជាតិស្ករក្នុងឈាមតិច កង្វះគ្រាប់ឈាមក្រហម សម្ពាធឈាមទាប ក្តៅខ្លួន និងខ្វះជាតិទឹក
– ផ្លាស់ប្តូរអ័រម៉ូនពេលមករដូវ ឬមុនពេលអស់រដូវ ពេលកំពុងពពោះ អាចជាសញ្ញាកង្វះគ្រាប់ឈាមក្រហម
– ថ្នាំសម្រកទម្ងន់ រំលាយអាហារ ព្យាបាលជំងឺហឺត និងថ្នាំការពារជំងឺបេះដូងលោតខុសចង្វាក់ ឬថ្នាំជំងឺក្រពេញទីរ៉ូអ៊ីត
– ឱសថបុរាណ និងថ្នាំបំប៉នមួយចំនួន
– កម្រិតសារធាតុរ៉ែ អេឡិចត្រូលីត ក្នុងខ្លួនមិនប្រក្រតី។
ករណីខ្លះអាចញ័រទ្រូងក្រោយពេលញ៉ាំចំណីមានជាតិ កាបូអ៊ីដ្រាត ស្ករ ឬខ្លាញ់ច្រើន។ ញ៉ាំប៊ីចេង អំបិល និងសារធាតុនីដ្រាតច្រើនពេក អាចបង្កឲ្យញ័រទ្រូងបានដូចគ្នា។ គួរចៀសវាងអាហារទាំងនោះ បើយើងមិនចង់មានបញ្ហាញ័រទ្រូង។
ករណីខ្លះអាចបណ្តាលមកពីជំងឺបេះដូង ទាក់ទងបញ្ហាចង្វាក់បេះដូងដើរមិនទៀង និងបញ្ហាមួយចំនួនទៀតដូចជា៖
– ធ្លាប់គាំងបេះដូងពីមុន
– ជំងឺសរសៃឈាមចញ្ចឹមបេះដូង
– ខួចបេះដូង
– បញ្ហាប្រឺសបេះដូង
– បញ្ហាសាច់ដុំបេះដូង
៤.ទម្លាប់រស់នៅ
ការផ្លាស់ប្តូរទម្លាប់រស់នៅ មួយចំនួនអាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– កាត់បន្ថយស្ត្រេស៖ សម្រួលអារម្មណ៍ ធ្វើសមាធិ ហាត់យ៉ូហ្កា ឬដកសង្ហើមមួយៗ។
– ចៀសវាងសារជាតិភ្ញោចអារម្មណ៍៖ ដូចជា កាហ្វេអ៊ីន នីកូទីន ថ្នាំផ្តាសាយខ្លះ ភេសជ្ជះប៉ូវកម្លាំង។
– កុំប្រើថ្នាំញៀន ជាពិសេសថ្នាំញៀនកូកាអ៊ីន និងអំហ្វេតាម៉ីន។
[embed-health-tool-bmr]