ក្រិនថ្លើមមាន​បួនកម្រិតនេះ គ្នាយើង​គួរស្វែង​យល់

    ក្រិនថ្លើមមាន​បួនកម្រិតនេះ គ្នាយើង​គួរស្វែង​យល់

    ជំងឺ​ក្រិន​ថ្លើម​ជា​ការ​ខូចខាត​ជាលិកា​ថ្លើម​ទៅ​ជារឹង​ម្ដង​បន្តិច​ៗ។ ស្នាម​រឹង​នៃ​ជាលិកា​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​រ៉ាំរ៉ៃ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់​បង់​មុខងារ​របស់​ជាលិកា​ថ្លើម។ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ខូច​ខាត​យើង​អាច​និយាយ​​ថា​ក្រិន​ថ្លើម​បែង​ចែក​ជា​៤​កម្រិត។

    ១.កម្រិត​ទី​១

    នៅ​កម្រិត​ទី​១​នៃ​ជំងឺ​ក្រិន​ថ្លើម​ ការ​រលាក​នឹង​ចាប់​ផ្ដើម​ដំបូង​គេ ​រួច​នឹង​ទៅ​ជា​ហើម​បន្ទាប់​មក​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​កើត​មាន ​ហើយ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ថ្លើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចំណង​ជាលិកា​ខុស​ប្រក្រតី​នឹង​កើត​មាន​ឡើង។ ការ​រលាក​និង​ការ​ដុះ​ចំណង​ជាលិកា​ខុស​ប្រក្រតី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សរសៃ​វ៉ែន​ប៉ក​ខូច​នៅ​ក្រោម​ថ្លើម។ តំបន់​នេះ​ គឺ​សម្បូរ​ទៅ​ដោយ​សរសៃ​អាទ័រ​ វ៉ែន​ និង​បំពង់​ទឹក​ប្រមាត់។ កន្លែង​នេះ​ហើយ​ដែល​ជា​កន្លែង​ចរន្ត​ឈាម​រត់​ចេញ​ចូល។

    ២.កម្រិត​ទី២

    ក្នុង​ដំណាក់​កាល​នេះ​ការ​រលាក​ក៏​អាច​លេច​ឡើង​ដែរ ​ប៉ុន្តែ​ភាព​រឹង​នឹង​ចាប់​ផ្ដើម​កើត​មាន​ក្រោយ​ពេល​ជាលិកា​ល្អ​ត្រូវ​បាន​រលាក​ខូចខាត​អស់។ ក្នុង​កម្រិត​នេះ​ដែរ​ មិន​មាន​សញ្ញា​គ្លីនិក​អ្វី​នោះ​ទេ​ព្រោះ​នៅ​មាន​កោសិកា​ថ្លើម​ល្អ​ខ្លះ​នៅ​បំពេញ​មុខងារ​បាន​ជំនួស​​កោសិកា​ដែល​ខូចខាត ​និង​កំពុង​បំប្លែង​ខ្លួន​ទៅ​ជា​រឹង។ ជា​អកុសល​អី​ការ​បំប្លែង​នេះ​ គឺ​មិន​អាច​ត្រលប់​ក្រោយ​បាន​នោះ​ទេ​ ​បាន​ន័យ​ថា​មិន​អាច​ត្រលប់​មកជា​ជាលិកា​ថ្លើម​ធម្មតា​វិញ​បាន​ទេ។

    ក្រិន​ថ្លើម

    ៣.កម្រិត​ទី​៣

    នៅ​ពេល​ដែល​ក្រិន​ថ្លើម​កាន់​តែ​វិវត្ត​ទៅ​ហើយ​ ការ​បំផ្លិច​បំផ្លាញ​កោសិកា​ថ្លើម​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ នៅ​ក្នុង​ដំណាក់​កាល​ទី​៣​នេះ​ដែរ​ ភាព​រឹង​នៃ​សាច់​ថ្លើម​នឹង​ធ្វើ​ស្ពាន​រឹង​ត​គ្នា​។ ដោយ​សារ​តែ​ស្ពាន​ភាព​រឹង​ត​គ្នា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​សរសៃ​អាទ័រ​ សរសៃវ៉ែន​ នាំ​ឈាម​ចេញ​ និង​ចូល​ទៅ​បេះ​ដូង។ សំពាធ​ឈាម​នឹង​កើន​ឡើង​ហៅ​ថា​ឡើង​ឈាម​ដោយ​សារ​ថ្លើម។ មូលហេតុ​នេះ​នឹង​កាន់​តែ​បង្ក​​ឲ្យ​ថ្លើម​ខូចខាត​ទៅ​មុខ​ទៀត។

    ៤.កម្រិត​ទី​៤

    កម្រិត​នេះ​ជា​កម្រិត​ធ្ងន់ធ្ងរ​ និង​ចុង​ក្រោយ​គេ​ដែល​ភាព​រឹង​ទាំង​នោះ​នឹង​បង្ក​ឲ្យ​មាន​ការ​បាត់​មុខងារ​ថ្លើម​តែ​ម្ដង។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​វា​នឹង​មាន​សញ្ញា​លេច​ឡើង​ដូចជា​៖

    • ហូរ​ឈាម​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ
    • ឡើង​លឿង​លើ​ស្បែក​ និង​គ្រាប់​ភ្នែក
    • បញ្ហា​ប្រសាទ ដូចជា គេង​មិន​លក់ ចាល់​ទឹក​ក្នុង​ខ្លួន​ វង្វេង​វង្វាន់​ និង​និយាយ​ត្រដិត
    • ហើម
    • រមាស់​ដែល​មិន​អាច​រក​មូលហេតុ​ឃើញ

    ថ្លើម​ គឺ​ជា​សរីរាង្គ​មួយ​ដែល​សំខាន់​ក្នុង​ខ្លួន​របស់​យើង។ សរីរាង្គ​នេះ​មាន​មុខងារ​ជា​ច្រើន​ដើម្បី​ទ្រទ្រង់​ការ​រួស​រាន​មាន​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​។ ប្រសិន​បើ​ថ្លើម​មាន​សុខភាព​ល្អ​នោះ​មុខងារ​ដទៃ​ទៀត​ក៏​អាច​ប្រព្រឹត្ត​ទៅ​បាន​ដល់​កម្រិត​កំពូល​ដែរ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខភាព​ថ្លើម​របស់​យើង​ដើម្បី​ការ​ពារ​ជំងឺតម្កាត់​ផ្សេង​ទៀត។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    What are the 4 stages of cirrhosis? https://medlicker.com/934-four-stages-of-cirrhosis. Accessed July 18, 2017

    What Are the 4 Stages of Cirrhosis? http://www.livestrong.com/article/240024-what-are-the-4-stages-of-cirrhosis/. Accessed July 18, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 10/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត